2023-04-24 03:04
552

 

ភ្នំពេញ៖ នាយកប្រតិបត្តិក្រុមហ៊ុន Franchise P.Y mart  ដ៏ល្បីល្បាញឈ្មោះជាអ្នកជំនួយលក់ Franchise ដ៏ជោគជ័យនោះ ត្រូវបានកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនយកទៅវាស់កម្ពស់ តាមដីបញ្ជាឲ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញារសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធក្នុងករណី ឆបោកប្រាក់ជាង១០ម៉ឺនដុល្លារ។

តាមរបាយការណ៍របស់នគរបាលនាយដ្ឋានព្រហ្មទណ្ឌ បានឲ្យដឹងថា ឈ្មោះ សុន ចាន់ឌី ហៅ ឌី វ៉ាន់ខូវ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ អាសយដ្ឋាន ផ្ទះលេខ៩៩ ផ្លូវNW-១០A បុរីពិភពថ្មីតាខ្មៅ១ ភូមិព្រែកសំរោងទី៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ជានាយកប្រតិបត្តិក្រុមហ៊ុន Franchise P.Y mart  ត្រូវបានជនរងគ្រោះឈ្មោះ ថៃ បញ្ញា ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ ដាក់ពាក្យបណ្ដឹងចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ ពីបទៈ រំលោភលើសេចក្តីទុកចិត្ត។

តាមដីកាបញ្ចាឲ្យចូលខ្លួន លេខ១៤៨ អ.យ.ក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ របស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជឲ្យឈ្មោះ សុន ចាន់ឌី ហៅ ឌីវ៉ាន់ខូ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្ន ផ្ទះលេខ៩៩ ផ្លូវNW-១០A បុរីពិភពថ្មីតាខ្មៅ១ ភូមិព្រែកសំរោងទី៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ឲ្យចូលបង្ហាញខ្លួននៅនាយកដា្ឋននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ឲ្យបានមុនថ្ងៃទី១៧ ខែ មេសា ឆ្នាំ២០២៣ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីសាកសួរលើបណ្តឹងព្រហ្មទណ្ឌពីបទៈ រំលោភលើទំនុកចិត្ត តាមបណ្តឹងចុះថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០២២ របស់ឈ្មោះ ថៃ បញ្ញា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ប៉ុន្តែបន្ទាប់ពីទទួលបានដីកាបញ្ជាឲ្យចូលខ្លួន នាយកដ្ឋានបានស្រាវជ្រាវ ចុះទៅដល់លំនៅដ្ឋានមិនឃើញឈ្មោះ សុន ចាន់ឌី ហៅ ឌីវ៉ាន់ខូវ នៅផ្ទះដិយបានគេចខ្លួនបាត់។ 

បច្ចុប្បន្ននាយកដ្ឋាន អាចអនុវត្តដីកាបញ្ជាឲ្យចូលខ្លួនឈ្មោះ សុន ចាន់ឌី ហៅ ឌីវ៉ាន់ខូវ បានដោយមានតម្រុយកន្លែងស្នាក់នៅ។ ដូច្នេះស្នើសុំ ឯកឧត្តម ព្រះរាជអាជ្ញា ចេញដីកាបញ្ជាឲ្យចូលខ្លួនលើឈ្មោះខាងលើ ដើម្បីយកមកសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។

ក្រោយពីព្យាយាមគេចខ្លួនមួយរយៈឈ្មោះ សុន ចាន់ឌី ហៅ ឌី វ៉ាន់ខូវ នាយកប្រតិបត្តិក្រុមហ៊ុន Franchise P.Y mart  ដែលមានសាខាស្ទើរគ្រប់កន្លែង ពាក់ព័ន្ធករណីឆបោកប្រាក់ ១០ម៉ឺនដុល្លារនោះ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌអនុវត្តន៍ដីកាបញ្ជាឲ្យខ្លួន ដោយនាំខ្លួនមកសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធី។

សូមបញ្ជាក់ថា ក្រុមហ៊ុន Franchise P.Y mart របស់លោក សុន ចាន់ឌី ហៅ ឌី វ៉ាន់ខូវ បានបើកលក់កញ្ចប់ផ្តាច់មុខតាមតំបន់តាមពីតម្លៃ ៣ ៥០០ដុល្លារ រហូតដល់ជាង ៦ម៉ឺនដុល្លារផងដែរ៕