2024-01-09 11:01
107

ពោធិ៍សាត់៖ អភិបាលខេត្តពោធិ៍សាត់ និងមន្ទីជំនាញចុះជួយអន្តរាគមន៍បើកទ្វាទឹកពីអាងស្តុបទឹកទាំងពីរ ទំនប់ទី៣ និងទំនប់ទី៥ ហើយជួយប្រជាកសិករឲ្យអស់លទ្ធភាពបន្ទាន់ទាក់ទងនឹងកង្វះខាតទឹក ដើម្បីបង្កបង្កើនផលស្រូវរដូវប្រាំង ចាប់ពីចំណុចអាងបឹងកន្សែង (ចុងប្រឡាយមេ) ស្ថិតក្នុងភូមិរបោះរាំង ឃុំអូរតាប៉ោង ស្រុកបាកាន រហូតដល់ស្រុកភ្នំក្រវាញ និង ទំនប់ដំណាក់អំពិល ក្រុងពោធិ៍សាត់ ដែលមានផ្ទៃដីធ្វើស្រែប្រើប្រមាណជាជាង ៣០.០០០ហិតា។

ការចុះពិនិត្យដោយផ្ទាល់ ដើម្បីរិះរកវិធានការណ៍ជួយអន្តរាគមន៍ ដោះស្រាយបើកទ្វាទឹកជូនបងប្អូនប្រជាកសិករ ដែលកំពុងជួបបញ្ហា ខណៈដែលពួកគាត់បានអនុវត្តលើសផែនការកំណត់នេះ ធ្វើឡើង នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤នេះ។

លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានឱ្យដឹងថាៈ ការងារបង្កបង្កើនផលស្រូវរដូវប្រាំង នៅទូទាំងខេត្ត គិតត្រឹមថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ សម្រេចបាន សរុបចំនួន ៥០,៥១៨ហិកតា ស្មើនឹង ២៥២,៥៩% នៃផែនការប្រចាំឆ្នាំ ២០,០០០ហិកតា។ ដូច្នេះហើយតាមតួលេខ និងការពិនិត្យជាក់ស្តែង ផ្ទៃដីដែលបងប្អូនប្រជាកសិករអនុវត្តបាននោះ គឺលើសពីផែនការកំណត់របស់មន្ទីជំនាញហើយពួកគាត់អាចប្រឈមនឹងជួបបញ្ហាខ្វះទឹក នាពេលខាងមុខផងដែរ។

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា: ឥឡូវនេះបញ្ហាប្រឈមគឺបញ្ហាខ្វះខាតទឹក ហើយអាជ្ញាធរនឹងរិះរកវិធីសាស្ត្រដោះស្រាយ ការបង្កបង្កើនផលស្រូវ ដែលលើសផែនការនេះ។ ជាការពិតណាស់បងប្អូនប្រជាកសិករ បានប្រើម៉ាសុីនបូមទឹកចេញពីត្រពាំង បឹង ស្រះ និង ប្រឡាយមេទឹង ឡើងស្រកដល់បាតក្រោម ហើយបាតប្រឡាយមួយចំនួនធំ បានរើងស្ងួតហែងប្រេះក្រឡាដីធ្វើឲ្យរងផលប៉ះពាល់ដល់ដំណាំស្រូវរបស់បងប្អូនប្រជាកសិករ ។ 

លោកបន្តថាៈ ដូច្នោះដើម្បីការពារដំណាំស្រូវ ប្រជាកសិករ អាជ្ញាធរនិងមន្ទីជំនាញខេត្តពោធិ៍សាត់យើងនៅមានទំនប់ទី៣ និងទី៥ ដែលស្ដុកទឹកបានជាង ៥០លានម៉ែតគូប សម្រាប់បើកទឹកបញ្ជូនតាមស្ទឹងចូលប្រឡាយមេ ប្រឡាយរង ចូលបឹង ស្រះឡើងវិញ ដើម្បីត្រៀមសម្រាប់ប្រជាកសិករ បូមដាក់ស្រែរៀងៗខ្លួន ព្រោះដំណាំស្រូវរបស់ពួកគាត់ មួយចំនួនខ្លះជិតបានផលទៅហើយ។

លោក ខូយ រីដា បានបញ្ជាក់បន្ថែមថា: កាលពីអំឡុងកន្លះខែមុន រូបលោកផ្ទាល់ជាមួយមន្ទីរជំនាញខេត្ត បានចុះជួយអន្តរាគមន៍ផ្ទាល់ ដល់ខាងប្រជាកសិករនៅខាងស្រុកកណ្ដៀង ចែកទឹកគ្នាប្រើប្រាស់ទាំងយប់ ដោយមិនទាន់ដឹងថាបានផលប៉ុន្មានភាគរយទេ សម្រាប់ប្រើប្រាស់លើផ្ទៃដីធ្វើប្រាំងជិត២០.០០០ហិតា៕ លាន គ្រន