2023-04-11 08:04
324

សៀមរាប៖ ប្រជាសហគមន៍នៅតំបន់បឹងពារាំង សង្កាត់ជ្រាវ ក្រុងសៀមរាប បានដាក់ការសង្ស័យថា សកម្មភាពរបស់ក្រុមជីកដីនៅក្នុងតំបន់អភិរក្សត្រីមេពូជមួយនេះ ជាសកម្មភាពធ្វើជំនួញសុទ្ធសាធ មិនមែនជាសកម្មភាពធ្វើការស្តារបឹងដូចមាត់និយាយនោះទេ។

ប្រជាពលរដ្ឋបានលើកឡើងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះឲ្យដឹងថា ជាច្រើនខែមកហើយ ស្ទើរតែគ្រប់រដូវកាល គេបានឃើញឈ្មួញពីរក្រុម នៅតែបន្តដណ្តើមគ្នា ជីកកាយដី ក្នុងបឹងធម្មជាតិ នៃតំបន់អភិរក្សពូជត្រី បឹងពារាំង ដឹកលក់ក្នុង១ថ្ងៃៗរាប់រយឡាន ក្រោមរូបភាពស្តារបឹងទុកជាជម្រកត្រីនាខែប្រាំង។

បើទោះបីជាក្រុមឈ្មួញខាងលើ សម្រុកជីកកាយដឹកយកដីលក់រាប់ខែឆ្នាំ ហើយត្រឹមតែប្រើពាក្យ(ស្តារបឹង)បែបនេះ គេហាក់មិនទាន់ឃើញមន្ត្រីជំនាញរូបណា បកស្រាយលំអិត ឬធ្វើសន្និសីទកាសែត បញ្ជាក់ពីការដឹកដីពីបឹងពារាំងយកទៅលក់នៅឡើយទេ។

ប្រភពមួយបានបង្ហើបថា ប្រការដែលឈ្មួញ អាចកាយយកអាចម៍ដី ពីតំបន់ធម្មជាតិ បឹងពារាំង បានដោយលូនបែបនេះ គេមានការសង្ស័យថា ក្រុមឈ្មួញជាមួយអាជ្ញាធរជំនាញពាក់ព័ន្ធ មានការគប់គិតគ្នា  ក្នុងការចែកផលប្រយោជន៍ ទៅវិញទៅមក។

យោងតាមលិខិតរបស់សាលាខេត្តសៀមរាប ដែលចុះហត្ថលេខាដោយលោក ទៀ សីហា អភិបាលខេត្តសៀមរាប បង្ហាញថា អនុញ្ញាតអោយជីកស្តារលើផ្ទៃដី ១០ហិកតា។ អាចម៍ដីដែលបានពីការជីកស្តារ មួយផ្នែកសម្រាប់ដោះស្រាយការជីកស្តារ។ ឯមួយផ្នែកទៀតសម្រាប់អភិវឌ្ឍន៍តាមត្រូវការក្នុងមូលដ្ឋាន។ ករណីមិនអនុវត្តតាម នឹងត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់។

ប៉ុន្តែផ្ទុយទៅវិញ សកម្មភាពឈ្មួញក្នុងពេលបច្ចុប្បន្ន គេមិនបានឃើញអនុវត្តទៅតាមលិខិតរបស់សាលា ខេត្តនោះទេ។ ដោយក្រុមឈ្មួញប្រឹងជីកយ៉ាងល្ហល្ហេវ និងដឹកដីយកទៅលក់យ៉ាងគគ្រឹកគគ្រេង បង្កភាពហុយប៉ះពាល់ការរស់នៅដល់ពលរដ្ឋរៀងរាល់ថ្ងៃនិងថែមទាំងបំផ្លាញផ្លូវលំមួយចំនួនយ៉ាងធ្ងន់ធ្ងរ។

ករណីខាងលើនេះ អាជ្ញាធរនិងជំនាញពាក់ព័ន្ធ មិនគួរបណ្ដែតបណ្ដោយ ឲ្យមានអំពើកាយដី បឹងធម្មជាតិយ៉ាងគគ្រឹកគគ្រេង ហើយមិនអនុវត្តតាមលិខិតរបស់សាលាខេត្តបែបនេះទេ។ អី ចឹង បើឈ្មួញ(ពីរក្រុម) សម្រុកជីកយកដីទៅលក់ក្នុងបឹងតែមួយ ហើយមកបំផ្លាញផ្លូវសាធារណ:បែបនេះ គឺមិនខុសអីនឹងពាក្យថា(២ស៊ីអាត់)នោះឡើយ ។

លោក អ៊ឹង សោភ័ណ្ឌ នាយកទីចាត់ការអន្តរវិស័យរដ្ឋបាលខេត្តសៀមរាប បានថ្លែងប្រាប់អ្នកសារព័ត៌មាននាពេលថ្មីៗនេះថា ពាក់ព័ន្ធនឹងគម្រោងស្តារ និងអភិរក្សនេះ មានការឯកភាពពីក្រសួងរួចហើយ។ អ្នកធ្វើពិបាក អ្នកថាស្រួលណាស់…. បន្ទាប់ពីស្តារមួយរយ:ពេល ជីវៈចម្រុះនឹងកើតឡើងវិញ។

រីឯលោក ឡេង លាភ ប្រធានមន្ទីរ៉ែនិងថាមពលខេត្ត សៀមរាប ក៏បានបញ្ជាក់មកអ្នកសារព័ត៌មានថា ការជីកស្តារនេះ មានការអនុញ្ញាតគ្រប់ស្ថាប័ន។ អាចសាកសួរទៅរដ្ឋបាលខេត្ត ដើម្បីច្បាស់ ព្រោះនេះជាគម្រោងរបស់ខេត្ត ។

លោកលី វណ្ណៈ នាយករដ្ឋបាលសាលាខេត្តសៀមរាប ក៏បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងពេលថ្មីៗដែរថា ជាការស្នើសុំរបស់មន្រ្តីជំនាញ និងមានការឯកភាពពីក្រសួងរួចហើយ ។

បើទោះជាយ៉ាងនេះក្តី មន្ត្រីនៃសហគមន៍ក្នុងសង្កាត់ជ្រាវ និងសង្កាត់ចុងឃ្នៀស មួយចំនួនបានបង្ហើបថា ចាប់តាំងពីមានការជីកស្តារដឹកដីចេញពីបឹងពារាំង មិនមានភ្ញៀវចូលទៅទស្សនាទេសភាពព្រៃលិចទឹក ក៏ដូចជាហ្វូងសត្វស្លាបក្នុងបឹងធម្មជាតិនេះទេ ខណ:ឆ្នាំកន្លងទៅមុនពេលជីកស្តារមានភ្ញៀវទៅទស្សនាស្ទើតែរកកាណូតដឹកជូនមិនបាននោះទេ។ ក្រុមមន្ត្រីសហគមន៍ ក៏បានឲ្យដឹងដែរថា ពួកគេក៏មានការសង្ស័យអំពីការរំលោភលើគោលការណ៍ស្តារបឹងអភិរក្សមួយនេះ។ ប៉ុន្តែពួកគេមិនអាចសួរនាំមន្ត្រីជំនាញណាម្នាក់បាននោះទេ ព្រោះគ្មានសិទ្ធិ។

ពួកគេក៏បានស្នើសុំអោយជំនាញពាក់ព័ន្ធ មេត្តាបើកការស៊ើបអង្កេត និងចុះទៅទប់ស្កាត់ជាបន្ទាន់ បើពុំដូច្នោះទេ ផ្លូវលំ និងដីបឹងធម្មជាតិ បឹងពារាំង ពិសេសដីល្បាប់ផ្នែកខាងលើ ដែលមានជីវ:ចម្រុះសម្រាប់ត្រីពងនិងកូន ត្រូវបំភ្លេចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ក្រោមថ្វីដៃឈ្មួញពីរក្រុមនាពេលបច្ចុប្បន្នជាក់ជាមិនខាន។

សូមបញ្ជាក់ថា ព្រោះតែដណ្តើមប្រយោជន៍គ្នាពីបឹងពារាំង កាលពីដើមខែកុម្ភៈឆ្នាំ២០២២កន្លងទៅ ឈ្មួញពីរក្រុមបានវ៉ៃតប់គ្នាយ៉ាងសាហាវព្រៃផ្សៃ រហូតគម្រាមបញ្ចប់តំណែងប្រធានសហគមន៍បឹងពារាំងទៀតផងនៅចំណុចកុងត្រូល ផ្លូវចូលទៅកាន់បឹងពារាំង។ ភ្លាមនោះអាជ្ញាធរក៏ចុះទៅបិទសកម្មភាពជីកស្តារបឹងបានត្រឹមមួយដង្ហើមចង្រិត ហើយក៏បន្តបើកឡើងវិញ៕