2023-09-08 12:09
141

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ដោយខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យជាឧក្រិដ្ឋជនម្នាក់ ជនជាតិចិនរឹបអូសគ្រឿងញៀនជាង ០៤គីឡូក្រាម និងអាវុធខ្លី ០១ដើម។ ប្រតិបត្តិការនៃការបង្ក្រាបខាងលើ អនុវត្តតាមបញ្ជានាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ។ តាមរបាយការណ៍ បានឲ្យដឹងថ កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៤និង១០នាទី សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១០) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារីបុត្រ សត្យា នាយករងមន្ទីរ  លោកវរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ ដោយមានការចូលរួមសហការពីកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលពី លោកស្រី ចាតសូ រស្មី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានស្រាវជ្រាវ និងបង្ក្រាបគោលដៅទី១ ចំណុចផ្លូវល្បឿនលឿន K27 ភូមិរំលោង ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ គោលដៅទី២ ចំណុចផ្លូវ១១៥ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ និងបង្ក្រាបជាក់ស្ដែង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ស្រី០១នាក់ និងវត្ថុតាងមួយចំនួន។ របាយការណ៍បានឲ្យដឹងទៀតថា ជនសង្ស័យទាំង ០៤នាក់ រួមមាន៖ ទី១- ឈ្មោះ KUANG ZUXIAN ភេទស្រី ជនជាតិចិន ឆ្នាំកំណើត១៩៩៧។ ទី២- ឈ្មោះ សឿន សៅរិ៍ណារិទ្ធ ភេទប្រុស ជនជាតិខ្មែរ ឆ្នាំកំណើត១៩៩០។ ទី៣- ឈ្មោះ YAO XIPING ភេទប្រុស ជនជាតិចិន ឆ្នាំកំណើត១៩៩៥ និងទី៤- ឈ្មោះ LI XU ភេទប្រុស ជនជាតិចិន ឆ្នាំកំណើត១៩៩១។ ចំពោះវត្ថុតាងដកហូតបាន សរុបរួមសារធាតុញៀនទម្ងន់ ៤គីឡូ ៦.៩៧ក្រាម រុក្ខជាតិក្រៀមទម្ងន់ ២០.២៨ក្រាម និងអាវុធខ្លីចំនួន $១ដើម។ បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕