2023-04-22 12:04
497

បន្ទាយ​មាន​ជ័យ​៖ ​ករណីកូនជាង​បាញ់ថ្នាំ​​ និងតោនរថយន្តម្នាក់ បានលួច​រថយន្ត​ ម៉ាក RANGE ROVER​ មួយគ្រឿងបើកចេញពីការ៉ាស់ជួសជុលរថយន្តមួយកន្លែង ក្នុងរាជ​ធានី​​​ភ្នំពេញ​ ទៅបាត់រហូតអស់សាំងចូលចាក់​សាំង​អត់លុយឲ្យថ្លៃសាំងព្យាយាមបើករត់គេចខ្លួនត្រូវបានសមត្ថកិច្ចស្ទាក់ចាប់បាន នៅខេត្តបន្ទាយមានជ័យ។

ការបង្ក្រាបមុខសញ្ញាលួចរថយន្តចេញពីការ៉ាស់ជួសជុលរថយន្តខាងលើ ធ្វើឡើងនៅរសៀល​ ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៣​ ស្ថិតនៅ​ឃុំ​រហាល ស្រុក​ព្រៈ​នេត្រ​ព្រៈ ខេត្ត​បន្ទាយ​មានជ័យ​។ ជនសង្ស័យត្រូវចាប់ខ្លួនមានឈ្មោះ ទូ គី​ម ​​ភេទប្រុស អាយុ​ ៣៣​ឆ្នាំ ​រស់នៅ​ភូមិ​១៣ ខ​ណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ ជាមួយរថយន្តមួយ​​គ្រឿងម៉ាក​ RANGE ROVER​ ដែល​ពាក់​ផ្លា​ក់​លេខ​ ភ្នំពេញ​ 2B​T-5818​។ 

មុន​ពេលឃាត់ខ្លួន​ជនសង្ស័យរូបនេះ បានបើករថយន្ត​ចូល​ចាក់សាំង​​នៅ​ស្ថានីយប្រេងឥន្ធនៈមួយកន្លែង ក្នុង​ឃុំ​រហាល ស្រុក​ព្រៈ​នេត្រ​ព្រៈ ខេត្តបន្ទាយមានជ័យ និងគ្មាន​លុយ​ថ្លៃសាំងបានបើករថយន្ត​គេចខ្លួនសំដៅទៅក្រុង​សិរី​សោភ័ណ​ហើយត្រូវ​បាន​កម្លាំង​នគរ​បាល​ចរាចរណ៍​ជើង​គោក​ខេត្ត​ នៅ​ចំណុច​គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ចាប់ខ្លួនតែម្តង។

សូមបញ្ជាក់ថា រថយន្ត​ ម៉ាក​ RANGE ROVER​ ពាក់​ផ្លា​កលេខ​ភ្នំពេញ​ 2BT- 5818 ​ត្រូវ​បាន​ចោ​លួច​ចេញពី​កា​រ៉ា​សជួសជុល​ តោន និង​បាញ់ថ្នាំ​រថយន្ត​មួយ​កន្លែង ​កាលពី​យប់​ថ្ងៃ​ទី​២០ ​ខែមេសា ឆ្នាំ​២០២៣​ កន្លងទៅ នៅ​រាជធានី​ភ្នំពេញ ម្ចាស់​កា​រ៉ា​ស់​ជួសជុល​រថយន្ត​បាន​ដាក់​ពាក្យ​បណ្តឹង​ ​ដើម្បី​ជួយ​ស្រាវជ្រាវព្រោះអ្នកលួចយកទៅនោះជា​ជាង​បាញ់ថ្នាំ​រថយន្ត​ក្នុង​កា​រ៉ា​ជួសជុល​របស់​ខ្លួន​តែ​ម្តង។

​បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវ​បាន​កម្លាំង​នគរបាល​ចរាចរណ៍​ប្រគល់​ជូន​កម្លាំង​ការិយាល័យ​ព្រហ្ម​ទណ្ឌ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ​ដើម្បី​ចាត់ការ​តាម​ច្បាប់​៕