2023-07-08 10:07
256

 រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋប្រមាណ30គ្រួសារដែលរស់នៅក្នុងភូមិត្រពាំង២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានដាក់ពាក្យបណ្តឹងទៅអភិបាលខណ្ឌពោធិ៍សែនជ័យដើម្បីជួយអន្តរាគមន៍ទៅលើម្ចាស់ឃ្លាំងស្តុកទំនិញគ្រប់មុខវេចខ្ចប់ សម្ភារៈជ័រ ដោយប្រជាពលរដ្ឋ ចោទថាបានបង្កការរំខានក្នុងការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។

បើតាមការឱ្យដឹងពីលោក ឈឿន បុត្រា លោក ទូច ថាវរិន្ទ និងលោក យ៉ាវ វាសនា តំណាងប្រជាពលរដ្ឋ ទាំង30គ្រួសារបានលើកឡើងនៅក្នុងពាក្យបណ្តឹងថា÷យើងខ្ញុំទាំងអស់គ្នា ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រពាំងល្វា២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សូមគោរពចូលមកលោកអភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ យើងខ្ញុំសុំប្តឹងម្ចាស់ឃ្លាំងឈ្មោះ លី ឃុន អាយុ៤១ឆ្នាំ ជាថៅកែឃ្លាំងស្តុកគ្រឿងស្ងោរ ថង់ប្លាស្ទិច និងកែវជ័រ បច្ចុប្បន្នរស់នៅក្នុងក្រុមទី១ ភូមិត្រពាំងស្វា២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើយោងតាមតំណាងប្រជាពលរដ្ឋ បានបន្តទៀតថា មូលហេតុដែលពួកគាត់ទាំង30គ្រួសារដាក់ពាក្យបណ្តឹងទៅលោកអភិបាលខណ្ឌពោធិ៍សែនជ័យឱ្យជួយអន្តរាគមន៍នោះគឺ៖

ទី០១- បង្ករសម្លេងរំខានជារៀងរាល់ថ្ងៃ លើកដាក់ទំនិញ លាន់លឺគងរំពង ពុំលស់ថ្ងៃ សម្លេងកម្មករស្រែក ហោកញ្ចៀវ និងចុចស៊ីប្រូឡាន ទាំងថ្ងៃទាំងយប់ ។

ទី០២- យកផ្លូវសាធារណៈប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួនផ្តាច់មុខដោយចតរថយន្តធុន ធំនិងរ៉ឺម៉កវែងខ្លី ជាប់ជាប្រចាំ ធ្វើឲ្យប៉ះពាល់ប្រយោជន៍រួម ក្នុងមូលដ្ឋាន ប្រជាពលរដ្ឋមានការលំបាក ធ្វើដំណើរឆ្លងកាត់ផ្លូវទៅវិញទៅមក ។

ទី០៣- ធ្វើឲ្យពលរដ្ឋទាំងអស់គ្នា មានការភ័យខ្លាច ដោយហេតុថាឃ្លាំងខាងលើនេះ ធ្លាប់ឆេះម្តងរួចមកហើយ កាលពីឆ្នាំ២០២២ ដោយបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ ២ល្វែង មង្ករឡើងជាអគ្គីភ័យពីក្រុមកម្មករ តអំពូលភ្លើង មានការធ្វេសប្រហែស ។

ទី០៤- ឃ្លាំងស្តុកសុទ្ធ តែជាគ្រឿងឥវ៉ាន់ងាយតាមឆេះ មានដូចជា គ្រឿងឆ្នេរ កែវជីវ ចានជ័រ និងសម្ភារៈផលិតពីក្រដាស់ ។

ទី០៥- បង្ករឱ្យខូចខាតផ្លូវបេតុង ក្នុងភូមិស្ទើរតែទាំងស្រុង។ និងទី០៦- ម្ចាស់ឃ្លាំងបានបំពាក់កាមេរ៉ាសុវត្ថិភាព ចំនួន៣ទីតាំង បន្ថែមថ្មី ថតរាល់សកម្មភាពនូវជីវិតឯកជនភាព របស់ប្រជាពលរដ្ឋខាងកើតផ្លូវ ៦គ្រួសារ និងខាងលិចផ្លូវ ២គ្រួសារ ដោយការតម្លើងកាមេរ៉ានោះ ពុំមែនដាក់ដើម្បី ត្រួតពិនិត្យទំនិញ ឬយានជំនិះរបស់ខ្លួនឡើយ។

ប្រជាពលរដ្ឋទាំង30គ្រួសារសង្ឃឹមថា លោកអភិបាលខណ្ឌពោធិ៍សែនជ័យនិងធ្វើការដោះស្រាយរឿងនេះក្នុងពេលឆាប់ៗ៕