2023-11-02 04:11
359

ភ្នំពេញ៖  ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌមានជ័យជិត២០នាក់បានស្នើសុំឱ្យអាជ្ញាធររាជធានីភ្នំពេញ ជួយដោះស្រាយពីទុក្ខកង្វល់របស់ពួគគាត់ មានទាំងការសុំធ្វើប្លង់កម្មសិទ្ធិដីធ្លី សុំដាក់លូ ធ្វើផ្លូវ ការសុំរឹតបន្តឹងអ្នករើសអេតចាយពេលយប់ ដោះស្រាយការលិចលង់ភូមិឋាន ការសុំបើកក្លិបប្រដាល់ ជាមួយនិងការសុំសម្អាតបន្ទប់អនាម័យនៅតាមសាលារៀនរដ្ឋជាដើម ។

ការលើកឡើងជាសំណើនិងសំណូមពរ ខាងលើនេះបានធ្វើឡើងនៅក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ ឆ្នាំ២០២៣ នៅខណ្ឌមានជ័យ នាព្រឹកថថ្ងៃព្រហស្បតិ៍៤រោច ខែអស្សុជ ឆ្នាំថោះបញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាង លោកឃួង ស្រេង  អភិបាលរាជធានីភ្នំពេញនៅភោជនីយដ្ឋាន Modern2 ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម។

វេទិកានេះ ប្រជាពលរដ្ឋបានសំណូមឱ្យជួយដោះស្រាយបញ្ហាជាច្រើន មានដូចជាការស្នើសុំជួយជំរុញការធ្វើប្លង់កម្មសិទ្ធិដីធ្លី១៧ ហិកតា ជូនពលរដ្ឋ៦៨៩គ្រួសារនៅសង្កាត់ ស្ទឹងមានជ័យទី១, សុំបើកផ្លូវដែលមានទំនាស់, សុំដាក់លូនៅផ្លូវ៦០ម៉ែត្រនិងផ្លូវជាតិលេខ២, សុំរៀបចំខ្សែភ្លើងឱ្យមានសោភណភាព, សុំរឹតបន្តឹងចំពោះអ្នកដើរ រើសអេតចាយពេលយប់, សុំដោះស្រាយការលិចលង់ភូមិឋាន ការសុំធ្វើប្រព័ន្ធលូ ផ្លូវដែលខូចខាតដោយសារទឹកភ្លៀង សូមជំរុញឱ្យធ្វើប្លង់រឹង ជូនប្រជាពលរដ្ឋនៅតាមបណ្តោយប្រឡាយស្ទឹងមានជ័យ, ការសុំបើកក្លិបប្រដាល់របស់សមាគមដែលត្រូវបានគេបិទ ,សុំសម្អាតបន្ទប់អនាម័យនៅតាមសាលារៀនរដ្ឋ ពិសេសសាលាបឋមសិក្សាជាដើម។

លោក នួន ផារ័ត្ន បានមានប្រសាសន៍លើកឡើងថា  វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី ព្រឹកនេះ មានពលរដ្ឋចូលរួមសរុបចំនួនជាង ៥០០នាក់ ក្នុងចំនួននេះ ប្រជាពលរដ្ឋបានលើកឡើងដោយផ្ទាល់មាត់ចំនួន១៩នាក់ ស្មេី ២៥បញ្ហា និងជាលាយលក្ខណ៍អក្សរចំនួន៩០ច្បាប់ ។ ចំពោះសំណើនិងសំណូមពរផ្ទាល់មាត់របស់ប្រជាពលរដ្ឋទាំង១៩នាក់នេះ ត្រូវបានអភិបាលខណ្ឌមានជ័យ និងមន្ទីរពាក់ព័ន្ធ ស្រាយបំភ្លឺនិងដោះស្រាយជូនភ្លាមៗ ជាមួយនឹងការបង្ហាញពីគម្រោងដែលប្រជាពលរដ្ឋបានស្នើសុំផងដែរ ដូចជាការ ស្នើសុំរបស់ប្រជាពលរដ្ឋសុំធ្វើលូផ្លូវ ១៦BT ត្រូវបានលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បកស្រាយថា មិនត្រឹមតែស្ថាបនាកំណាត់ផ្លូវមួយខ្សែនេះទេ គឺស្ថាបនាផ្លូវ លូពាក់ព័ន្ធជាច្រើនខ្សែទៀតដែលជាប់ពាក់ព័ន្ធប្រឡាយបឹងទំពុន ។ ស្ថានីយបឹងទំពុន និងប្រឡាយបឹងទំពុន ក៏នឹងត្រូវបន្ថែមម៉ាស៊ីននិងពង្រីកតួប្រឡាយពី៣០ម៉ែត្រទៅ៦០ម៉ែត្រផងដែរ ដើម្បីធ្វើយ៉ាងណារំដោះការលិចលង់ដោយជំនន់ទឹកភ្លៀងឱ្យខាងតែបាន។

លោក នួន ផារ័ត្ន បានបន្តថា ចំពោះសំណើសុំដែលមិនទាន់បានដោះស្រាយ យើងនឹងបន្តយកទៅពិភាក្សា និងដោះស្រាយតាមក្រោយទៀត។
លោក នួន ផារ័ត្ន បានលើកឡើងទៀតថា៖ ប្រទេសកម្ពុជាយើងនៅបន្តរក្សាបាន សុខ សន្តិភាព នេះហើយដែលបានធ្វើអោយកម្ពុជាយើងអាចធ្វើជាម្ចាស់ផ្ទះ សំរាប់កម្មវិធីធំៗ ជាក់ស្តែងដូចជា កិច្ចប្រជុំកំពូលអាស៊ាន ការប្រកួនកីឡាស៊ីហ្គេមជាដើម។ សមិទ្ធផលធំមួយទៀត ដែលកម្ពុជាសម្រេចបាននោះ គឺកម្ពុជាឈរជើងយ៉ាងរឹងមាំនិងមិនក្ស័យធន  រក្សាបានកំណើនសេដ្ឋកិច្ចថែមទៀត ខណៈដែលពិភពលោកកំពុងប្រឈមបញ្ហាសេដ្ឋកិច្ច បណ្តាលមកពីជំងឺកូវីដ-១៩ និងសង្ក្រាម នៅអ៊ុយក្រែនជាដើម។

លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានបញ្ជាក់ថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះធ្វើឡើងក្នុង១ឆ្នាំម្តង ក្នុងត្រីមាសទី៤ អំឡុងខែ តុលា វិច្ឆិកា និងខែធ្នូ ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរនិងសំណើរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន បញ្ហាអភិវឌ្ឍន៍មូលដ្ឋាន និងការផ្តល់សេវាសាធារណៈជាដើម។ វេទិកានេះ គឺចង់បង្ហាញពីសកម្មភាពការងាររបស់អាជ្ញាធររាជធានីភ្នំពេញថាតើបានបំពេញការងារបម្រើប្រជាពលរដ្ឋគ្រប់ជ្រុងជ្រោយទេ នៅមានចំណុចខ្វះខាតអ្វីខ្លះ ដើម្បីឱ្យប្រជាពលរដ្ឋលើកឡើងពីចំណុចខ្វះខាតទាំងនោះ យកមកបំពេញបន្ថែម ធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញ មានសន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថានល្អ មានការអភិវឌ្ឍ ជាមួយនឹងការផ្តល់សេវា សាធារណៈជូនពលរដ្ឋកាន់តែល្អប្រសើរឡើងថែមទៀត ៕