2023-11-28 03:11
219

រតនគិរី៖      អភិបាលខេត្តរតនគិរី បានសម្លែងការមិនពេញចិត្ត នឹងប្រតិកម្មយ៉ាងខ្លាំងចំពោះតំណាងក្រុមហ៊ុនដឹកជញ្ជូន «វីរៈ ប៊ុនថាំ» ដែលបានប្តឹងលោកប្រធានមន្ទីរព័ត៌មាន និងមន្ត្រីចុះអនុវត្ត ស.ជ.ណ. របស់រដ្ឋបាលខេត្តទៅកាន់តុលាការចោទប្រកាន់ថា បានផ្ដើមគំនិតក្នុងអំពើធ្វើឲ្យខូចខាតស្រាលលើសម្ប្តតិ្តអ្នកដទៃ ដោយទាមទាសំណងការខួចខាត ២០០លានរៀល។

 តាមប្រភពព័ត៌មានច្បាស់ការណ៍ បានបង្ហើមឱ្យដឹងថា លោក កុល ផាន់ណា ប្រធានមន្ទីរព័ត៌មានខេត្តរតនគិរី និងលោក ងួន ក្រែង អនុប្រធានការិយាល័យព័ត៌មាន និងសោតទស្សន៍ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធរួមទាំងលោកអភិបាលរងក្រុងបាលុង ត្រូវបានលោក សួរ វីរៈ តំណាងក្រុមហ៊ុនដឹកជញ្ជូន «វីរៈ ប៊ុនថាំ» ប្តឹងចូលទៅតុលាការខេត្តរតនគិរី ចោទប្រកាន់មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធចុះរុះរើ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនដោយមិនមានការយល់ព្រមពីភាគីក្រុមហ៊ុន។

 សូមជម្រាបថា ក្រុមហ៊ុនដឹកជញ្ជូន «វីរៈ ប៊ុនថាំ» សាខាខេត្តរតនគិរី មានទីតាំងស្ថិតនៅ ភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ដែលម្ចាស់ទីតាំងត្រូវបានគេស្គាល់ថាជារបស់លោក យោគ ច័ន្ទវាសនា ប្រធានសាខា និងជាមន្ត្រីធនាគាជាតិខេត្តរតនគិរីផងដែរ។

 តាមប្រភពព័ត៌មាន បានបន្តទៀតថា លោក កុល ផាន់ណា ប្រធានមន្ទីរព័ត៌មានខេត្តរតនគិរី និងមន្ត្រី ម្នាក់ទៀត ត្រូវបានតំណាងអយ្យកាអមសាលាដំបូងខេត្តរតនគិរី ចោទប្រកាន់ ពីបទ៖ ផ្ដើមគំនិតក្នុងអំពើធ្វើឲ្យខូចខាតស្រាលលើសម្ប្តតិ្តអ្នកដទៃ និងបង្គាប់ឲ្យចូលខ្លួន នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ។

 លោក កុល ផាន់ណា ប្រធានមន្ទីរព័ត៌មានខេត្តរតនគិរី បានឲ្យដឹងថា «បន្ទាប់មន្ទីរទទួលបាន ស.ជ.ណ. របស់រដ្ឋបាលខេត្ត ដើម្បីចូលរួមក្នុងការលើកកម្ពស់ សុវិត្ថភាព សោភ័ណភាព សណ្ដាប់ធ្នាប់សាធារណៈល្អ»

 ដើម្បីធានាឲ្យការអនុវត្តកិច្ចការនេះ ឱ្យមានប្រសិទ្ធភាព រដ្ឋបាលខេត្តរតនគិរី បានប្រគល់ភារកិច្ចឱ្យមន្ទីរព័ត៌មានខេត្ត ឲ្យសហការជាមួយច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្ត, មន្ទីរសាធារណៈការ និងដឹកជញ្ជូន ជាសមត្ថកិច្ចពាក់ព័ន្ធ, អាជ្ញាធរក្រុងបានលុង ចុះអនុវត្ដសេចក្ដីជូនដំណឹងដែលផុតកំណត់រយៈពេល១ខែ កន្លងមកហើយ ដើម្បីឱ្យសហគ្រាស ក្រុមហ៊ុន និងអាជីវករ ដែលមានផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មទាំងឡាយណា ដែលស្ថិតនៅលើជាប់ជញ្ជាំងអគារ នៅលើដីចំណីផ្លូវសាធារណៈ ដែលអស់សុពលភាព ឬ គ្មានច្បាប់អនុញ្ញាតិ និងចាស់ទ្រុឌទ្រោម ពុកផុយ ត្រូវចាត់វិធានការរុះរើ។ 

 លោកប្រធានមន្ទីរព័ត៌មាន បានប្រាប់កាសែតទៀតថា ចំពោះការអនុវត្ត ស.ជ.ណ. របស់រដ្ឋបាលខេត្តនេះ លោកបានចាត់អ្នកស្រីជាអនុប្រធានមន្ទីរ និងមន្ត្រីក្រោមឱវាទចុះសហការជាមួយអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុងបានលុង ទៅតាមការណែនាំរបស់ អភិបាលខេត្ត ដោយចុះកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅដោយកម្លាំងចម្រុះបានអនុវត្តរុះរើស្លាកចំនួន ១២ ទីតាំង និងធ្វើការណែនាំ ចំនួន ០៦ ទីតាំង ,បកមុខ (ឆ្កឹះយកតួរអក្សរចេញ) ចំនួន ០៤ ទីតាំង និងកាត់ផ្ទាំងផ្សព្វផ្សាយ ចំនួន ០២ទីតាំង។ 

 លោក កុល ផាន់ណា ប្រធានមន្ទីរព័ត៌មានខេត្តរតនគិរី បានបញ្ជាក់ថា «ក្នុងការចុះអនុវត្ត ស.ជ.ណ. របស់រដ្ឋបាលខេត្តនោះ បកមុខឆ្កឹះយកតួរអក្សរចេញម្ចាស់ទីតាំងបានឯកភាព។ ចំណែកទីតាំងក្រុមហ៊ុន វីរៈ ប៊ុនថាំ ក៏តំណាងសាខាអនុញ្ញាតឲ្យឆ្កើសអក្សរចេញដូចគ្នាដែរ ប៉ុន្តែមិនដឹងយ៉ាងម៉េចបែរជាតំណាងក្រុមហ៊ុប្ដឹងចោទប្រកាន់ថា គ្មានការយល់ព្រមឯកភាពពីក្រុមហ៊ុនទៅវិញ»។ 

 តាមការបង្ហើបពីអាជ្ញាធរ បានឱ្យដឹងថា លោក សួរ វីរៈ តំណាងសាខាក្រុមហ៊ុន «វីរៈ ប៊ុនថាំ» ប្រចាំខេត្តេតនគិរី មិនត្រឹមតែមិនបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋលើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈអាហ្វីស ប៉ាណូ និងនៅតាមទីសាធារណៈប៉ុណ្ណោះទេ បែរជាហ៊ានប្ដឹងចោទប្រកាន់ក្រមមន្ត្រីចុះអនុវត្តតាម ស.ជ.ណ. របស់រដ្ឋបាលខេត្ត ដោយចោទប្រកាន់ថា ចុះរុះរើ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ របស់ក្រុមហ៊ុន ដោយមិនមានការយល់ព្រមពីភាគីក្រុមហ៊ុនទៅវិញ។ ដោយក្នុងពាក្យបណ្ដឹងនោះ មានចេតនា បង្គាប់ឲ្យព្រះរាជអាជ្ញា អនុវត្តតាមបញ្ញាត្តិ នៃមាត្រា ៤១០ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ជាបទល្មើសព្រហ្មទណ្ឌ ទាមទាឲ្យតុលាការផ្ដន្ទាទោស និងទាសំណងជម្ងឺចិត្ត ចំនួន ២០០លានរៀល។           

 ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ពាក់ព័ន្ធបណ្តឹងរបស់ក្រុមហ៊ុន «វីរៈ ប៊ុនថាំ» ប្ដឹងប្រធានមន្ទីរព័ត៌មាន និងមន្ត្រីក្រោមឱវាទ បានប្រតិកម្ម និងសម្តែងការមិនពេញចិត្ត ព្រោះមិនសមស្របទេដោយសារខាងមន្ទីមុននឹងចុះរុះរើ រដ្ឋបាលខេត្តក៏បានជូនដំណឹងរួចហើយ។ សម្រាប់ការចុះអនុវត្តធ្វើឡើងតាមការសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ដ និងយោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ ឲ្យរុះរើប៉ាណូទាំងឡាយណាដែលមិនបានអនុវត្តគោរពតាមច្បាប់ ហើយមន្ទីរព័ត៌មានសហការជាមួយអ្នកពាក់ព័ន្ធ ដូចជា មន្ទីរជំនាញ អាជ្ញាធរក្រុង សង្កាត់ជាអ្នកចុះអនុវត្តផ្ទាល់។

 មន្ត្រីរាជការ និងមហាជនបានសម្តែងការហួសចិត្តចំពោះក្រុមហ៊ុន «វីរៈ ប៊ុនថាំ» ដែលប្ដឹងមន្ត្រីចុះអនុវត្ត ស.ជ.ណ. របស់រដ្ឋបាលខេត្ត ក៏ដូចជា ស.ជ.ណ. របស់ក្រសួងមហាផ្ទៃ ថែមទាំងប្រឆាំងនឹងលិខិតលេខ ០១០ ខន/០២៣ ស.ជ.ណ. ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ របស់ខុទ្ធកាល័យសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

 ពាក់ព័ន្ធបញ្ហាខាងលើនេះ ក្រុមការងារ MSJ TV នារសៀលថ្ងៃទី២៨ ខែវិច្ឆិកានេះ មិនសុំការបកស្រាយពីតំណាងសាខាក្រុមហ៊ុន «វីរៈ ប៊ុនថាំ» ប្រចាំខេត្តរតនគិរី បានទេ អង្គភាពយើងខ្ញុំរងចាំការបកស្រាយគ្រប់ពេលវេលារាល់ម៉ោងធ្វើការ៕