2024-04-04 07:04
51

ខេត្តពោធិ៍សាត់ ៖ យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួន លេខ ៣៨២ ឃខ/២៤ ចុះថ្ងៃពុធ ១០រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ចេញដោយលោក កួច ស៊ុនម៉ិញ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តពោធិ៍សាត់ ល្ងាចម្សិលមិញ! ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ជនត្រូវចោទចំនួន០២នាក់ ត្រូវបានបញ្ជូនទៅពន្ធនាគារខេត្តពោធិ៍សាត់ ពីបទៈ លួច ម៉ូតូ និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

ក្នុងដីកាបង្គាប់ឲ្យឃុំខ្លួនដដែល ជនត្រូវចោទឈ្មោះ ព្រិល ភា ហៅ ភា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ កាន់សាសនាព្រះពុទ្ធ កម្រិត រៀនថ្នាក់ទី០៥ មានទីកន្លែងកំណើត ភូមិ.សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ ប្រវត្តិនៃការផ្ដន្ទាទោសពីតុលាកា(មាន)ជាប់ពន្ធនាគារចំនួន០២ឆ្នាំ ពីបទៈ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ជានីតិជន។(មានខ្លួន)ជនត្រូវចោទត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទៈ លួច(ម៉ូតូ)ប្រព្រឹត្តនៅចំណុចផ្ទះឈ្មោះ កំសត់ ស្ថិតនៅ ភូមិ.សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ បទល្មើស លួច ប្រព្រឹត្តនៅផ្ទះចម្ការ ស្ថិតនៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ និងបទៈ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅ ភូមិ.សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញតិ្តមាត្រា៣៥៣ និងមាត្រ៣៥៦នៃក្រមព្រហ្មទណ្ឌ និងមាត្រា៤០, មាត្រា៤៥ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ។

ក្នុងដីកានោះ បានបង្គាប់ ១- បញ្ជាឲ្យភ្នាក់ងារមានសមត្ថកិច្ច នៃកំលាំងសាធារណៈ ធ្វើការនាំខ្លូនជនត្រូវចោទ ឈ្មោះ ព្រិល ភា ហៅ ភា ទៅពន្ធនាគារខត្តពោធិ៍សាត់ ដោយអនុវត្តត្រឹមត្រូវតាមនីតិវិធីច្បាប់ ។ ២- ឲ្យប្រធានពន្ធនាគារខេត្តពោធិ៍សាត់ នៃក្រសួងមហាផ្ទៃ ទទួលជននេះ និងឃុំឃាំងជននេះ រហូតទាល់តែបានទទួលការឲ្យដំណឹងអំពីដីកាសម្រេចថ្មីផ្សេងពីនេះ ។ ៣- ឲ្យគ្រប់កងកម្លាំងសាធារណៈទាំងអស់ សហការអនុវត្តឲ្យបានល្អនៅពេលដីកានេះត្រូវបានបង្ហាញក្នុងករណីចាំបាច់ ។

ដោយឡែកៈ ជនសង្ស័យម្នាក់ផ្សេងទៀត ត្រូវបានឃុំខ្លួនដែរ មានឈ្មោះ យ៉េត សំណាង ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅ ភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ទទួលបទបញ្ជាពីលោក ព្រះរាជអាជ្ញាសាលាដំបូងខេត្តពោធិ៍សាត់ ដោយឃាត់ចាប់ខ្លួនជននេះ នៅចំណុចបន្ទប់ជួល ស្ថិតនៅភូមព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ ព្រោះជន(យ៉េត សំណាង)រូបនេះ បានធ្វើសកម្មភាពលួចម៉ូតូរបស់ឈ្មោះ ពុំ ធី ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅ ភូមិថ្មី ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ម្ចាស់ហាងខារ៉ាអូខេ យីហោ(សំរិទ្វីមាស)KTV ។ ដែលបានធ្វើសកម្មភាពលួចម៉ូតូនៅចំណុច(ខេធីវី)ខាងលើ ស្ថិតនៅភូមិថ្មី សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ នេះបើតាមការបញ្ជាក់ពីលោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ៕