2024-01-26 01:01
116

(កែប) ៖   កាសពីរសៀលថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៤ ម្សិលមិញនេះ ឯកឧត្តម វ៉ៅ សុខា អភិបាលរងខេត្តកែប បានដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោងសាងសង់កំពង់ផែទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនលើកោះទន្សាយ ស្ថិតក្នុងក្រុងកែប ខេត្តកែប។

ឯកឧត្តម វ៉ៅ សុខា អភិបាលរងខេត្តកែប បានប្រាប់ឲ្យដឹងថា គម្រោងសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយជំហាន២ រួមនិងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដូចជា៖ ការសាងសង់ផ្លូវបេតុងមួយខ្សែប្រវែង៨៥០ម៉ែត្រ ទីតាំងអាងស្តុកទឹកចំណុះ៥០ម៉ែត្រគូបចំនួន០១ អណ្តូងស្នប់ចំនួន០២ និងការបំពាក់ម៉ាស៊ីនភ្លើង១០០ kva ចំនួន០៣គ្រឿង គឺជាកម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីបម្រើដល់ប្រជាសហគមន៍លើកោះទន្សាយ។

ឯកឧត្តម វ៉ៅ សុខា អភិបាលរងខេត្តកែបបានបញ្ជាក់ឲ្យដឹងបន្ថែមថា គម្រោងសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយជាជំហានទី២ នេះបើគិតមកដល់ពេលនេះសម្រេចការសាងសង់បានប្រមាណជាង ៧០ ភាគរយហើយ គម្រោងគ្រោងនឹងបញ្ចប់នៅចុងខែកុម្ភៈ ឆ្នាំ២០២៤ នាពេលខាងមុខនេះ។

សូមជម្រាបថា ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែទេសចរណ៍កោះទន្សាយនេះជាជំហានទី២ មានគម្រោងសាងសង់ផ្លូវចាក់កៅស៊ូប្របមាត់សមុទ្រប្រវែងជាង១២គីឡូម៉ែត្រ (១២៧៥០ម៉ែត្រ) ចាប់ពីចំណុចកំពង់ផែទេសចរណ៍កោះទន្សាយ (ក្រុងកែប) ទៅភ្ជាប់នឹងផ្លូវលេខ ១៣៣២ ត្រង់ចំណុចខ្លោងទ្វារវត្តអង្កោល ស្ថិតក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ឯកឧត្តមអភិបាលរងខេត្តកែបបានបញ្ជាក់ថា ផ្លូវខាងលើនេះត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ក្រោមកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី(ADB)លើគម្រោងទឹកប្រាក់ចំនួន ១០,៥០៤,០៩៤,២៦ ដុល្លារអាមេរិក បើគិតដល់ពេលនេះសម្រេចការស្ថាបនាបានប្រមាណ៩៥%ហើយ។

សូមបញ្ជាក់ថាក្រៅពីគម្រោងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែទេសចរណ៍កោះទន្សាយ ផ្លូវប្របមាត់សមុទ្រចាប់ពីរចំណុចកំពង់ផែកោះទន្សាយទេសចរណ៍នៅក្នុងក្រុងកែបទៅឆ្នេរអង្កោលដែលមានប្រវែងប្រមាណជាង ១២គីឡូម៉ែត្រនិងបំបែកតភ្ជាប់ទៅផ្លូវជាតិលេខ១៣-៣២(១២៧៥០ម៉ែត្រ) គឺនៅមានទីលានចាក់សំរាម និងអាងប្រតិកម្មទឹកកខ្វក់ផងហើយដែលជាកម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB។(សឹង រ៉ាត់)