2023-03-31 06:03
458

ខេត្តពោធិ៍សាត់ ៖ នៅរសៀលថ្ងៃព្រហស្បត្តិ៍ ៩កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញ ផ្ទះសម្បែងប្រជាពលរដ្ឋនៅស្រុកភ្នំក្រវាញនិងស្រុកតាលោសែនជ័យប្រមាណ១៨២ខ្នងបានរងការខូចខាតយ៉ាងដំណំ រួមទាំងដំណាំផ្សេងៗផងដែរ ដោយសារគ្រោះធម្មជាតិ ធ្លាក់ភ្លៀងកក់ខែលាយឡំទៅដោយខ្យល់កន្រ្តាក់ ។

   អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា គ្រោះធម្មជាតិបណ្តាលឱ្យដួលរលំផ្ទះសម្បែងប្រជាពលរដ្ឋខាងលើ ស្ថិតនៅភូមិប្រហាលនិងភូមិសំសាន្ត ឃុំតាលោ ស្រុកតាលោសែនជ័យ រងការខូចខាតដូចជាធ្លាក់ពីលើជើងសសរ របើកដំបូលឬជញ្ជាំង។ល។ ក្នុងនោះក៏មានធ្ងន់ធ្ងរខ្លាំងផងដែរ ហើយក៏មានការខូចខាតផលដំណាំខ្លះៗមួយចំនួនថែមទៀតផង ។

    ប្រភពព័ត៌មានលើកឡើងទៀតថា កាលពីថ្ងៃទី២៣ខែមីនាកន្លងទៅថ្មីៗនេះស្ថិតនៅភូមិតាសាស់ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ផ្ទះសម្បែងប្រជាពលរដ្ឋចំនួន០៩ខ្នង បានរងការខូចខាតផងដែរ នៅភូមិអូរស្រាវ និងភូមិស្វាយប៉ាក ឃុំព្រងិល ភូមិអន្ទង់ប៉ែន ឃុំសំរោង និងភូមិស្រែពពាយ ឃុំសន្រ្ទែ នៃស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក៏មានផ្ទះសម្បែងប្រមាណចំនួន០៦ខ្នងរងការខូចខាតដែរ ដូច្នេះ សរុបចំនួន១៨២ខ្នងករណីផ្ទះសម្បែងប្រជាពលរដ្ឋរងការខូចខាតខាងលើអាជ្ញាធរមានសមត្ថកិច្ចនិងស្ថាប័នពាក់ព័ន្ធបានសហការគ្នាចុះពិនិត្យ និងជួយធ្វើអន្ដរាគមនដល់ទីកន្លែង៕