2023-07-10 11:07
171

ភ្នំពេញ៖ បុរសម្នាក់ជាបុគ្គលិកផ្សារទំនើប “អ៊ីអន២” បានចតម៉ូតូទុកចោលនៅបន្ទប់ជួល និងដេកអោបប្រពន្ធយ៉ាងសុខស្រួលក្នុងបន្ទប់ ស្រាប់តែព្រឹកឡើងរៀបចំខ្លួនចេញទៅបំពេញការងារបើកទ្វាអត់ឃើញម៉ូតូទើបដឹងថា ត្រូវក្រុមចោរកាច់សោ.កយកទៅបាត់បង្កឱ្យមានភាពភ្ញាក់ផ្អើលតែម្តង។

 ករណីអំពើចោរកម្មលួចម៉ូតូខាងលើនេះ បានកើតមានឡើងនៅយប់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ នេះ នៅបន្ទប់ជួលក្នុងភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ វ.ស.ហ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ បុគ្គលិកផ្សារទំនើប “អ៊ីអន២” ស្នាក់នៅកន្លែងកើតហេតុភូមិ-សង្កាត់ខាងលើ បានបាត់បង់ម៉ូតូ ០១គ្រឿង ម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1GV-1224

 នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នេះ ក្រោយពេលដឹងថា បាត់ម៉ូតូបុរសរងគ្រោះ និងប្រពន្ធបាននាំគ្នារត់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅទី៣ ដើម្បីសុំការអន្តរគមន៍ស្វែងរកជនសង្ស័យ និងម៉ូតូដែលបាត់យកមកវិញ។

 ជនរងគ្រោះបានរៀបរាប់ថា មុនកើតហេតុគាត់បានចតម៉ូតូទុកនៅមុខបន្ទាប់ស្នាក់នៅនៅដោយចាក់សោរត្រឹមត្រូវដូចអ្នកស្នាក់នៅផ្សេងៗទៀតបន្ទប់ក្បែរគ្នា និងចូលដេកក្នុងបន្ទប់ជាមួយប្រពន្ធបលុះរហូតដល់វេលាម៉ោង ៦ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នេះ រៀបចំខ្លួនចេញទៅធ្វើការស្រាប់តែទ្វារបន្ទប់ចងជាប់ពីខាងក្រៅទើបស្រែកឲ្យអ្នកជិតខាងជួយស្រាយបើកទ្វារចេញរួចស្រាប់តែមិនឃើញម៉ូតូរបស់ខ្លួននៅក្រៅបន្ទប់ ក៏ដឹងថាមានចោរសកម្មភាពលួចកាច់សោកម៉ូតូយកទៅបាត់ហើយសោររបងទ្វារពីខាងក្រៅវាត្រូវបានលោកចោរកាត់សោរបោះចោលផងដែរ។

 បច្ចុប្បន្ន ជនរងគ្រោះទាំង ០២នាក់ប្តី ប្រពន្ធបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅទី៣ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកមុខជនសង្ស័យដើម្បីចាត់ការតាមផ្លូវច្បាប់៕