2023-08-08 06:08
148


ភ្នំពេញ ៖ បុរសជនជាតិចិនពីរនាក់រួមដំណេីរជាមួយដោយជិះរថយន្តFord Ranger មួយគ្រឿងបើកបត់ឆ្លងផ្លូវលឿនដូចហោះធ្វើឱ្យបួងចង្កូតមិនទាន់ជ្រុលឡើងលើសួនពុះចែកទ្រូងផ្លូវទៅបុកបង្គោលប៉ាណូមួយដើមបាក់រាបដល់ដី ចំណែករថយន្តក្រឡាប់ផ្ងារជើងម្ខាង កាលពីវេលាម៉ោង១និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៨ខែសីហាឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវលេខ២០០៤ កែងនឹងផ្លូវឌួងងៀបស្ថិតនៅក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជនីភ្នំពេញ។
  បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តរថយន្តម៉ាក Ford Rangerមួយគ្រឿង ពណ៌ខ្លាញ់ក្តាម ពាក់ផ្លាកលេខភ្នំពេញ2BW-1881 បើកបរដោយបុរសជនជាតិចិនម្នាក់រួមដំណើរជាមួយបុរសជាតិចិនម្នាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវឌួងងៀបក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុខាងលើបានឆ្លងផ្លូវលេខ២០០៤ ឆ្ពោះទៅទិសខាងលិចបួងចង្កូតមិនទាន់ក៏ជ្រុលឡើងលើសួនពុះចែកទ្រូងផ្លូវទៅបុកបង្គោលប៉ាណូមួយដើមបាក់រាបដល់ដី រីឯរថយន្តក្រឡាប់ផ្ងារជើងម្ខាងរងការខូចខាតយ៉ាងដំណំ ចំណែកអ្នកបើកបរនិងអ្នករួមដំណើររងរបួសដៃនិងបែកមុខបែកមាត់យ៉ាងដំណំ។
   ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែង ស្ទួចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕