2023-04-24 03:04
369

ភ្នំពេញ៖ មេធាវីការពារសិទ្ធឲ្យលោកជំទាវចិត្តធម៌ ហ៊ុន ស៊ីណាត បានចេញសេចក្តីជូនដំណឹង ព្រមានម្ចាស់គណនីហ្វេសប៊ុក Rous Sarom ដោយទុកពេល ២៤ម៉ោងឲ្យ ចំពោះទង្វើដ៏ព្រហើនរបស់ខ្លួនដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់លោកជំទាវ។

ក្រុមហ៊ុនមេធាវី អេជ អេន អេស (HNS) មានលោកស្រី ហង្ស ផារ៉ាឌី ជាមេធាវីតំណាងដោយអាណត្តិលោកជំទាវចិត្តធម៌ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ នេះ បានជម្រាបជូនម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Rous Sarom ដោយតម្រូវឲ្យម្ចាស់គណនីនេះ សុំទោសជាសាធារណៈ និងលប់ចោលនូវខ្លឹមសារដែលបានបង្ហោះកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ដែលបានបរិហារ និងជេរប្រមាថជាសាធារណើមកលើកូនក្តីខ្លួន គឺលោកជំទាវ ហ៊ុន ស៊ីណាត។

សូមបញ្ជាក់ថា ម្ចាស់គណនីហ្វេសប៊ុកផេកដែលមានឈ្មោះ "Rous Saror" កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ បានធ្វើការបង្ហោះវីដេអូ ដែលមានរយៈពេល ០១នាទី និង៤៣ វីនាទី ដោយបានសរសេរខ្លឹមសារថា "ខ្ញុំមានរឿងចង់សួរបិសាចមុខគុជ ផែង វណ្ណៈ បច្ចុប្បន្នបានសញ្ញាតិខ្មែរនូវ? ប្រឹងរកយុត្តិធម៌ជូន ខ្មែរណាស់”។

គណនីហ្វេសប៊ុកដដែលបានសរសេរបន្ថែមថា "ក្នុងចំណោមបងប្អូនបង្កើតសម្តេចតេជោ ខ្ញុំយល់ថា លោកជំទាវ ហ៊ុន ស៊ីណាត ល្មមសំរាកហើយ សម្តេចតេជោ ដកទំនុកចិត្ដប៉ុន្មានដងហើយ នៅតែបានដៃទៀត។ កាងមនុស្សខូចចង្រៃបក្ស សូមសម្ដេចតេជោ កុំប្រកាន់ខ្ញុំដែលប៉ះប្អូនសម្ដេច ព្រោះលោកជំទាវថ្នាក់ក្រោមល្អៗមិនសូវចូលចិត្ត ជាយោបល់ខ្ញុំប្រយ័ត្ន រងគ្រោះ ដល់យុវជនបន្ត...........ចង្រៃបក្សមធ្យម ងុំចង្រៃជាតិ លោកជំទាវ ហ៊ុន ស៊ីណាត អើយល្មមៗ បានហើយ។ ទុកអោយខ្ញុំដកស្បូវលោកជំទាវ បែបត្រូវមនុស្ស”។

បន្ទាប់ពីមានលិខិតរបស់មេធាវីតំណាងដោយអាណត្តិរបស់លោកជំទាវ ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតសម្តេចតេជោ ហ៊ុន សែន ប្រមានទុកពេល២៤ម៉ោង ឲ្យម្ខាស់គណនីហ្វេសប៊ុក Rous Sarom សុំទោសជាសាធារណៈ និងកប់សារដែលបានបង្ហោះជេរប្រមាថយ៉ាងធ្ងន់ធ្ងរនោះ ស្រាប់តែលោក សុខ លូ អភិបាលខេត្តបាត់ដំបង ដែលជាប់ព័ន្ធក្នុងករណីនេះដែរ បានបង្ហោះសារលើបណ្តាញសង្គមថា "ខ្ញុំបាទ សុខ លូ អភិបាលខេត្តបាត់ដំបង សូមប្រកាសថា ខ្ញុំបាទមិនដែលស្គាល់បុគ្គលឈ្មោះRous Sarom នេះទេតាំងពីដើមរៀងមក"។ 

លោក សុខ លូ សរសេរទៀតថា "ខ្ញុំបាទសូមបដិសេដនូវការបង្ហោះFacebook របស់បុគ្គលនេះដែលប៉ះពាល់ចំពោះលោក ផែងវណ្ណ: ដែលជាអ្នកស្គាល់ និងរាប់អានគ្នាជាមួយខ្ញុំ។ ជាពិសេសប៉ះពាល់ដល់អ្នកមីង ហ៊ុន សុីណាត ដែលជាអ្នកម្តាយចិត្តធ៌មដែលខ្ញុំបាទបានស្គាល់ និងគោរពស្រលាញ់ជាយូរមកហើយ។ ខ្ញុំសូមគាំទ្រ លិខិតជូនដំណឹងរបស់ក្រុមមេធាវី អេស អេន អេស ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣នេះ"។ 

សូមរំឭកថា ក្រោយពេលចូលឆ្នាំខ្មែរបានបញ្ចប់បងប្អូនប្រជាពលរដ្ឋជាពលករខ្មែរជាច្រើនបានវិលទៅធ្វើការងារនៅឯប្រទេសថៃវិញ ដោយពួកគាត់សម្រុកចេញតាមច្រកទ្វាអន្តរជាតិដូង ឬហៅថាឡែម ប៉ុន្តែដោយសារមន្ត្រីប្រចាំច្រកទ្វាព្រំដែនគាបសង្កត់ ជំរិតទាលុយពីពលករ ក្នុងម្នាក់ត្រូវចំណាស់រហូត១ ៣០០បាតយ៉ាងតិច និងមានពលករខ្មែរការស្នើសុំជួយអន្តរាគមន៍មកលោកជំទាវ ហ៊ុន ស៊ីណាត ច្រើនទើបលោកជំទាវ បានបង្ហោះសារសួរទៅអភិបាលខេត្តបាត់ដំបងថា "ខ្ញុំសូមឯកឧត្តមគណៈអភិបាលខេត្តបាត់ដំបង សុខ លូ មេត្តាជួយមើលរឿងរ៉ាវរបស់រាស្ត្រច្រកឡែម ក្នុងស្រុកកំរៀង នៅតាមច្រកនេះបានធ្វើបាបរាស្ត្ររាល់ថ្ងៃប្រជាជនឆាតមកឲ្យខ្ញុំជម្រាបជូនដល់ថ្នាក់លើផងតើរឿងនេះវាយ៉ាងណាដែរ? រឿងច្រកឡែមមួយនេះយូរហើយបែបរកលុយដូចពាក្យគេថាត្រីចង្វាចិញ្ចឹមត្រីឆ្ដោហើយមើលទៅ"។

លោកជំទាវ ហ៊ុន ស៊ីណាត សរសេរបញ្ជាក់ថា "សូមអស់លោកដែលពុករលួយល្មមឆ្អែតឆ្អន់ហើយ។ ម្យ៉ាងទៀតមានក្មេងកំពង់តែស្រែករឿងនេះស្រប់"។

បន្ទាប់ពីមានប្រតិកម្មខាងលើ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះទៅធ្វើការសម្របសម្រួលជាមួយមន្ត្រីប្រចាំច្រកព្រំដែនឡែម ឲ្យបញ្ឈប់ការយកលុយពីប្រជាពលរដ្ឋទៀត។ ក្រោយពីដោះស្រាយបញ្ហាមិនប្រក្រកខាងលើនេះរួច ក៏មានការបែកធ្លាយសារសំឡេងជជែកវែកញែកគ្នា រវាងលោក សុខ លូ ជាមួយនឹងលោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង វាយប្រហារមកលើលោកជំទាវ ហ៊ុន ស៊ីណាតយ៉ាងច្រើន។ 

ភ្លាមៗបន្ទាប់ពីបែកធ្លាយសារសម្លេងជជែកវែកញែកគ្នា និងវាយប្រហារនាំឲ្យប៉ះពាល់ដល់កិត្តិយសលោកជំទាវ ហ៊ុន ស៊ីណា ដែលប្រជាពលរដ្ឋខ្មែរឲ្យរហ័សនាមថាជំទាវចិត្តធម៌ បានបង្ហោះសារឆ្លើយតបវិញទៅលោក សុខ លូយ៉ាងដូច្នេះថា "សូមផ្តាំទៅ ឯកឧត្តម សុខ លូ ផង ដកស្កូវយាយចាស់ច្រឡំមនុស្សហើយ។ សំឡេងប្រមាថខ្ញុំទាំងអស់នេះ ជូនឯកឧត្តមជាពិសេស ថាវាមិនបានបាត់ទៅណានោះទេ ។ សូមជូនពរដល់ដល់បងប្អូនពលករនៅប្រទេសថៃទាំងអស់សុខចំរើនគ្រប់ប្រការ"។

ជុំវិញរឿងដ៏ក្តៅគគុកនេះមិនទាន់បញ្ចប់នៅឡើយទេ ព្រោះនូវមានការជជែកវែកញែកជាច្រើនទៀត ត្រឹមព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ សង្កេតឃើញថា បុគ្គលដែលពាក់ព័ន្ធនឹកការបរិហារកេរ្តិ៍ និងជេរប្រមាថមកលើលោកជំទាវចិត្តធម៌ ហ៊ុន ស៊ីណាត បានចេញមុខសុំទោសជាបន្តបន្ទាប់ផងដែរ៕