2024-01-24 11:01
80

វគ្គបណ្តុះបណ្តាលនេះប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅសាលមហោ ស្រពរតនៈ ក្រោមអធិបតីភាព   ឯកឧត្តម ហ៊ុន ប៊ុនថាន អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម សួន សូផា អគ្គនាយកនៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ខ័ណ្ឌ ចំណាន អភិបាលរងខេត្ត តំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈ អភិបាលខេត្តរតនគិរី។

បន្ទាប់ពី លោក លី ឧសភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរីអានរបាយការណ៍សង្ខេបស្តីពីលទ្ធផលការងារសម្រេចបានលើការងារចុះបញ្ជីដីធ្លីជាលក្ខណៈជាប្រព័ន្ធរួចមក ឯកឧត្តម ខ័ណ្ឌ ចំណាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានរៀបចំបើកវគ្គបណ្តុះបណ្តាលថ្មីនេះ ដើម្បីឱ្យការចុះបញ្ជីដីធ្លីមាន លក្ខណៈជាប្រព័ន្ធមានភាពសុក្រឹត្យ ទាំងការងារបច្ចេកទេស និងតាមនីតិវិធីផ្លូវច្បាប់ត្រឹមត្រូវ ក៏ដូចជា ការររួមចំណែកក្នុងការធ្វើឡើងនូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី កាត់បន្ថយបញ្ហាទំនាស់ និងជំរុញ អភិវឌ្ឍន៍ទីផ្សារដីធ្លីប្រកបដោយប្រសិទ្ធភាពខ្ពស់ សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្ថេរភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចអោយកាន់តែប្រសើរឡើងស្របតាមគោលនយោបាយរបស់រាជ រដ្ឋាភិបាល ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីអាណត្តិទី ៧។ឯកឧត្តម អភិបាលរងខេត្តបានចាត់ទុកវគ្គបណ្តុះបណ្តាលដែលមានរយៈពេល ៣ ថ្ងៃនេះ ពិតជាមានសារសំខាន់ចំពោះប្រតិបត្តិករ (មន្ត្រីចុះបញ្ជីដីធ្លី) ជាពិសេសយុវជនស្ម័គ្រចិត្ត ជាជំនួយការមន្ត្រីអនុវត្តការងារ ដែលទទួលការបណ្តុះបណ្តាលលើជំនាញសុរិយោដីទាំងការវាស់វែង ការគូសក្បាលដី ការប្រមូលទិន្នន័យ (វិនិច្ឆ័យ) ការបញ្ចូលទិន្នន័យ និងការងារផ្សេងទៀតពាក់ព័ន្ធនឹងវិស័យដីធ្លី។

ថ្លែងបើកវគ្គបណ្ដុះបណ្តាលមន្ត្រី និងអ្នកស្ម័គ្រចិត្តវិស័យដីធ្លីស្តីពីការអនុវត្តនីតិវិធីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនាឱកាសនេះ ឯកឧត្តម ហ៊ុន ប៊ុនថាន អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លើកឡើងថា រហូតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ក្រសួងសម្រេចចេញបណ្ណបានជាង ១០០ % នៃក្បាលដីប៉ាន់ស្មានដំបូង ៧ លានក្បាលដី តែចំនួនក្បាលដីទូទាំងប្រទេសមិនទាន់ចុះបញ្ជីអស់នៅឡើយ។ ដូចនេះ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល មានការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាពដទៃ នៅក្នុងមុំទី៤ នៃបញ្ចកោណទី៤ គឺការបន្តដំណើរការកែទម្រង់ដីធ្លី ដោយជំរុញការចុះបញ្ជីដី និងការដោះស្រាយវិវាទដីធ្លីនៅក្រៅ ប្រព័ន្ធតុលាការ និងការកសាងផែនការរៀបចំដែនដី និងនគរូបនីយកម្មទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅគ្រប់គ្រង និងអភិវឌ្ឍវិស័យដីធ្លីឲ្យបានត្រឹម ត្រូវ និងមានប្រសិទ្ធភាព។

ឯកឧត្តម អនុរដ្ឋលេខាធិការបន្តថា ដើម្បីជំរុញការចុះបញ្ជីដីធ្លីឲ្យបានឆាប់ចប់នៅទូទាំងប្រទេស ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចបង្កើតក្រុមការងារចុះបញ្ជីដីបន្ថែម សំដៅបង្កើនល្បឿនការងារដោយគាំទ្របន្ថែមនូវឧបករណ៍ មធ្យោបាយ និងថវិកា។ ក្នុងការបង្កើតបន្ថែមក្រុមការងារនេះ គឺត្រូវការបន្ថែមនូវធនធានមនុស្សផងដែរ ហើយ ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងមានគោលការណ៍ប្រើកម្លាំងដែលមានស្រាប់តាមខេត្តនីមួយៗផង ប្រើកម្លាំង អន្តរាគមន៍ផង និងប្រើកម្លាំងពីមន្ត្រីស្ម័គ្រចិត្តផងដែរ។ឯកឧត្តមមានជំនឿជាក់ថា សិក្ខាកាមទាំងអស់ នឹងចូលរួមឱ្យបានសកម្ម និងទៀងទាត់ពេលវេលា ហើយយកចិត្តទុកដាក់ក្នុងការរៀន សូត្រនូវបទពិសោធន៍ថ្មីៗ និងគំនិតថ្មីៗល្អៗ ពីវគ្គបណ្តុះបណ្តាលនេះនិងប្រែក្លាយទ្រឹស្តីឱ្យទៅជាការអនុវត្តជាក់ ស្តែង ប្រកប ដោយប្រសិទ្ធភាពខ្ពស់ ក្នុងការបម្រើសេវាកម្មទាន់ពេលវេលា និងឆាប់រហ័សជូនប្រជាពលរដ្ឋ៕