2024-03-21 07:03
60

ភ្នំពេញ : នៅទីស្តីការក្រសួងសុខាភិបាល នាព្រឹកថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតឲ្យ ឯកឧត្តម Liu Hua អគ្គនាយករង នៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្ដីពីកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសុខាភិបាល។
   នៅក្នុងជំនួបខាងលើនេះ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី បានសម្តែងការកោតសរសើរដល់ IAEA ដែលបានសហការគាំទ្រលើវិស័យសុខាភិបាល ជាពិសេសក្រុមបេសកកម្មដែលបានចុះមកវាយតម្លៃការងារប្រយុទ្ធប្រឆាំងមហារីកនៅកម្ពុជា ដែលជាផ្នែកមួយដ៏សំខាន់របស់ IAEA ដោយសារតែបច្ចេកទេសនុយក្លេអ៊ែរ ដើរតួនាទីយ៉ាងសំខាន់ក្នុងផ្នែកវេជ្ជសាស្ត្រ និងដើរតួនាទីពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។
   ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានជម្រាបជូនគណៈប្រតិភូ IAEA អំពីប្រវត្តិដែលចាប់ផ្តើមរៀបចំការងារពាក់ព័ន្ធនឹងជំងឺមហារីក តាំងពីឆ្នាំ២០១៣ នៃការកសាងមជ្ឈមណ្ឌលជំងឺមហារីក នៅមន្ទីរពេទ្យកាល់ម៉ែត ដោយបានការជួយឧបត្ថម្ភ គាំទ្របច្ចេកទេស និងបរិក្ខារផ្សេងៗ រហូតដល់បច្ចុប្បន្ន។ ក្នុងនោះផងដែរ ឯកឧត្តមក៏បានលើកឡើងពីបញ្ហាប្រឈម មួយចំនួន ដែលត្រូវដោះស្រាយជាក់ស្តែង និងស្នើសុំការគាំទ្រពី IAEAរួមមានទី១-មធ្យោបាយនៃការបង្កើត និងពង្រីកនូវ ហេដ្ឋារចនាសម្ព័ន្ធ ទី២-ការ បណ្តុះបណ្តាល និងរក្សានូវមូលធនមនុស្សដែលមានជំនាញខ្ពស់ក្នុងផ្នែកនេះ ទី៣-តម្រូវការ និងការ ផ្គត់ផ្គងឧបករណ៍ បរិក្ខារ ទី៤- ឱសថឯកទេសដែលមានប្រសិទ្ធភាពខ្ពស់ និងតម្លៃថ្លៃខ្លាំង ទី៥-និរន្តរភាព និងតាមដាន ថែរក្សាដំណើរការឧបករណ៍បច្ចេកទេស និងទី៦-ប្រព័ន្ធសុវត្ថិភាព និងនិយតកម្ម នៃដំណើរការ និងការទុកដាក់កាកសំណល់គ្រោះថ្នាក់ ដោយវិទ្យុសកម្ម ទាំងផ្នែករដ្ឋ និងពិសេសផ្នែកឯកជន។
    ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ដល់អង្គការ IAEAជាពិសេស ឯកឧត្តម អគ្គនាយករង ដែលបានបញ្ជាក់ជំហរបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ព្រមទាំងបានស្វាគមន៍ដល់ការផ្តល់នូវជំនាញបច្ចេកទេស មធ្យោបាយនានាបន្ថែមទៀត ក្នុងគោលដៅរួមគ្នា លើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកលស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាល  អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។