2023-08-18 08:08
240


កោះកុង ៖   ថ្ងៃព្រហស្បតិ៍ ១ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត មន្ទីរជំនាញ និងរដ្ឋបាលស្រុកគិរីសាគរ ស្រុកបូទុមសាគរ ចូលរួមអមដំណើរឯកឧត្តម ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងក្រុមការងារក្រសួងបរិស្ថាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទីស្តីការគណៈរដ្ឋមន្ត្រី និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះពិនិត្យ សិក្សាទីតាំងស្នើសូមជាក់ស្ដែង និងប្រមូលឯកសារគតិយុត្តពាក់ព័ន្ធស្របតាមនីតិវិធីជាធរមាន លើករណីស្នើសូមជួលទីតាំងគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិបន្តពីក្រុមហ៊ុន UNION DEVELOPMENT GROUP CO.LTD ឱ្យទៅតតីយបុគ្គល ចំនួន២៨ទីតាំង ដើម្បីវិនិយោគអភិវឌ្ឍន៍វិស័យទេសចរណ៍ អគារលំហែកាយ និងអគារពាណិជ្ជកម្ម។ ទន្ទឹមនឹងការចុះពិនិត្យទីតាំងស្នើវិនិយោគបន្ត តំណាងក្រុមហ៊ុន យូញៀន គ្រុប ក៏បានធ្វើបទបង្ហាញពីសមិទ្ធផលនានា ដែលក្រុមហ៊ុនបានអនុវត្ត ក្នុងនោះរួមមាន ៖ ការសាងសង់ប្រលានយន្តហោះ អាងស្តុកទឹក ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការតម្លើងថាមពលអគ្គិសនី និងតភ្ជាប់បណ្តាញ ក្នុងគម្រោងតំបន់វិស្សមកាល កន្លែងវាយកូនគោល តំបន់ពាណិជ្ជកម្ម និងកំពង់ផែ។ តំណាងក្រុមហ៊ុន បានបញ្ជាក់ផងដែរថា ចាប់ពីឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្នក្រុមហ៊ុនទទួលបានតតីយបុគ្គលប្រមាណ ៧០ទីតាំង ដែលជួលដីបន្តពីក្រុមហ៊ុន។  ជាមួយនឹងភាពល្អប្រសើរ នៃគោលនយោបាយរបស់រាជរដ្ឋាភិបាល លើការរក្សាសន្តិភាព ស្ថេរភាពនយោបាយ កំណើនសេដ្ឋកិច្ចជាតិ ការផ្សារភ្ជាប់ រវាងទំនាក់ទំនងដ៏ស្អិតរមួត រវាងរដ្ឋាភិបាលកម្ពុជា-ចិន និងការគ្រប់គ្រងបានទាំងស្រុង នៃជំងឺកូវីដ-១៩ ក្រុមហ៊ុន UNION DEVELOPMENT GROUP CO.LTD សង្ឃឹមថា នាពេលអនាគតដ៏ខ្លីខាងមុខនេះ ក្រុមហ៊ុននឹងទទួលបានការចាប់អារម្មណ៍បន្ថែមពីវិនិយោគទុនចិនមកវិនិយោគក្នុងគម្រោងរបស់ក្រុមហ៊ុន ដោយឡែកនៅចុងឆ្នាំនេះក្រុមហ៊ុនមានគម្រោងនឹងចាប់ផ្តើមបើកដំណើរការប្រលានយន្តហោះផងដែរ ដែលនឹងនាំភ្ញៀវទេសចរណ៍បរទេស ពិសេសភ្ញៀវទេសចរណ៍ចិន នឹងមកលេងកម្សាន្តនៅតំបន់វិស្សមកាលតារាសាគរ ខេត្តកោះកុងនេះ កាន់តែច្រើន។