2023-07-05 06:07
281


រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូចេញពីហូបអីជាមួយមិត្តភក្តិតែម្នាក់ឯងសុខៗ ស្រាប់លេចចេញជាអណ្ដាតភ្លើងឆាបឆេះម៉ូតូយ៉ាងសន្ធោសន្ធៅ ធ្វើឲ្យម្ចាស់ម៉ូតូភ័យលោ.តចុះពីលើម៉ូតូសឹងតែមិនទាន់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ នៅត្រង់ចំណុចក្បែរភោជនីយដ្ឋានឈីរ៉ូ តាមបណ្ដោយផ្លូវបុរីអង្គរភ្នំពេញ ស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ។


តាមប្រភពពីបុរសជាម្ចាស់ម៉ូតូ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា VISION ពាក់ស្លាកលេខ ភ្នំពេញ1AF-4842 ដោយជិះចេញពីហូបអីជាមួយមិត្តភក្តិនៅក្បែរនោះ ក្នុងគោលបំណងបំណងត្រឡប់ទៅផ្ទះវិញនៅឯគីឡូលេខ៩ តាមបណ្ដោយផ្លូវបុរីអង្គរភ្នំពេញ ទិសដៅពីជើងទៅត្បូង។
បុរសជាម្ចាស់ម៉ូតូបន្តថា លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ម៉ូតូរបស់គាត់នោះ ស្រាប់តែលេចចេញអណ្ដាតភ្លើងឆាបឆេះម៉ាស៊ីនម៉ូតូតែម្តង ខណៈពេលនោះគាត់ក៏លោ.តចុះពីលើម៉ូតូ និងបានស្រែកអោយគេជួយ ប៉ុន្តែដោយសារនៅកន្លែងកើតហេតុនោះ មានសភាពស្ងាត់ និងមិនមានទឹកដែលអាចដួសយកមកពន្លត់បានទេ ទើបធ្វើឲ្យអណ្ដាតភ្លើងឆាបឆេះកាន់តែខ្លាំងទៅៗអស់រយៈពេលតែជាង១០នាទី ម៉ូតូរបស់គាត់ខូចខាតអស់ទាំងស្រុងសល់តែតួ និងកង់ម៉ូតូតែប៉ុណ្ណោះ។
ប្រភពដដែលបន្តថា ម៉ូតូនោះ គឺជាម៉ូតូរបស់ពូគាត់ផ្ញើមកពីស្រុកឲ្យទុកជិះទៅធ្វើការប្រចាំថ្ងៃ ហើយនៅមុនថ្ងៃកើតហេតុ ម៉ូតូនោះ គឺវាហៀរសាំងរហូត។ ចំណែកគាត់ក៏មានគម្រោងយកម៉ូតូនោះទៅឲ្យជាងជួសជុលឡើងវិញនៅព្រឹកស្អែក តែមិនទាន់បានធ្វើផង បែរជាត្រូវភ្លើងឆាបឆេះខ្ទេចតែម្ដង។

ក្រោយពេលកើតហេតុ ម្ចាស់ម៉ូតូបានត្រឹមតែហៅរ៉ឺម៉កមកធ្វើការដឹកយកឆ្អឹងម៉ូតូនោះត្រឡប់ទៅផ្ទះ ដោយក្តីអស់សង្ឃឹមតែប៉ុណ្ណោះ៕