2023-12-18 07:12
239

បាត់ដំបង៖ ករណីអំពើឃាតកកម្មកូនដើមចាក់ស្លាប់ឪពុកចុងនឹងកាំបិទចុងស្រួច នៅស្រុកភ្នំព្រឹក ត្រូវបានសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង ធ្វើការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនបានជនដៃដល់ ខណៈព្យាយាមរត់គេចខ្លួនដើម្បីឆ្លងដែនទៅប្រទេសថៃ តាមច្រកព្រំដែនថ្ម។

នគរបាលខេត្តបាត់ដំបង បានឲ្យដឹងនៅរសៀលថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២ នេះថា សមត្ថកិច្ចនគរបាលបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនមុខសញ្ញាជាជនសង័្សយក្នុងករណីឃាតកម្ម ចាក់សម្លាប់ឪពុកចុង ចំណុចព្រំប្រទល់រវាងខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ឃុំថ្មដា ស្រុកវាលវែង ខណៈឃាតករបម្រុងរត់ឆ្លងដែនទៅប្រទេសថៃ។

កិច្ចប្រតិបត្តិការនេះ បានធ្វើឡើង ក្រោមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ដោយចូលរួមពីសមត្ថកិច្ចនគរបាលខេត្តពោធិ៍សាត់ និងមានការសម្របសម្រួលលើនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ទើបឈានដល់បំបែកបានសំណុំរឿងឃាតកម្មខាងលើនេះតែម្តង។

ជនសង័្សយដែលត្រូវឃាត់ខ្លួនមានឈ្មោះ វណ្ណាវី វច្ចណៈ ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅ ភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ត្រូវបានចាប់ខ្លួននៅចំណុចព្រំប្រទល់ ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ចំណុចឃុំថ្មដា ស្រុកវាលវែង ក្នុងពេលដែលមុខសញ្ញានរូប នេះព្យាយាមរត់គេចខ្លួនប៉ុនប៉ងចូលទៅក្នុងប្រទេសថៃ បន្ទាប់ពី បានធ្វើសកម្មភាពសម្លាប់ឪពុកចុង នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបងរួចមក។

សូមជម្រាបជូនថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣  វេលាម៉ោងប្រមាណ ១៨និង៤០នាទី នៅចំណុចក្រុមទី៩ ភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីឃាតកម្មដ៏រន្ធត់មួយ បានកើតឡើងដែលបង្កដោយឈ្មោះ វណ្ណាវី វច្ចណះ ភេទប្រុស អាយុ ៣០ឆ្នាំ ត្រូវជាកូនដើម បានធ្វើសកម្មភាព ប្រើប្រាស់កាំបិតចិតបន្លែ ចាក់សម្លាប់ជនរងគ្រោះឈ្មោះ ហៃ សុភក្រ្តិ ភេទប្រុស អាយុ ៦៥ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ត្រូវជាឪពុកចុងជាច្រើនកាំបិត បណ្តាលឱ្យស្លាប់នៅហ្នឹងកន្លែងកើតហេតុ។

ក្រោយពេលធ្វើសកម្មភាពបានសម្រេចជនសង័្សយរូបនេះ បានរត់គេចខ្លួនបាត់ពីមូលដ្ឋានហើយការសន្និដ្ឋានជាជំហ៊ានដំបូង ចំពោះករណីនេះ កើតឡើងដោយសាររឿងទំនាស់ក្នុងគ្រួសារ។

ក្រោមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចនគរបាល និងផែនជំនាញដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ជាស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ សហការធ្វើការពិនិត្យកន្លែងកើតហេតុ ស្រាវជ្រាវ និងតាមស្វែងរកមុខសញ្ញារូបនេះ ដោយមានការចូលរួមពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ អគ្គស្នងការដ្ឋាននគរបាលជាតិ បានស្វែងរកជនសង័្សយខាងលើរហូតឃាត់ខ្លួនតែម្តង។

នៅពេលនេះសមត្ថកិច្ចបាន និងកំពុងនាំខ្លួនជនសង័្សយ មកកាន់ស្នងការនគរបាលខេត្តបាត់ដំបង ដើម្បីធ្វើការសាកសួរស្រាវជ្រាវ ចំពោះមូលហេតុពិតប្រាកដ នៃករណីឃាតកម្មនេះ៕