2023-09-21 07:09
193

ខេត្តស្វាយរៀង៖     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នៅចំណុចទួលខ្ចាក់ ក្នុងភូមិទួលស្តី ឃុំទួលស្តី ស្រុកចន្ទ្រាខេត្តស្វាយរៀង។
បុរសជាកសិករម្នាក់ត្រូវបានរន្ទះបាញ់មួយគ្រាប់បណ្ដាលអោយស្លាប់នៅចំណុចទួលខ្ចាក់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសារបន្ទាប់ពីមានភ្លៀងរលឹមទាំងថ្ងៃរសៀល។

សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា បុរសរងគ្រោះមានឈ្មោះ វ៉ុន វ៉ាងឡុង អាយុ២៣ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នក្នុងភូមិទួលស្តី ឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
បើតាមអ្នកភូមិបានអោយដឹងថា មុនកើតហេតុ មេឃងងឹតលាយឡំខ្យល់និងភ្លៀងរលឹម។ ក្រោយមកស្រាប់តែមានផ្លេកបន្ទោនិងរន្ទះបាញ់មួយគ្រាប់យ៉ាងខ្លាំងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិរត់ចូលក្នុងផ្ទះមិនហ៊ានចេញមកក្រៅឡើយ។

  ប្រភពបន្តថា ក្រោយពីរាំងភ្លៀងស្រាប់តែមានការភ្ញាក់ផ្អើលថាមានមនុស្សដេកនៅត្រង់ចំណុចទួលខ្ចាក់ ទើបនាំគ្នាប្រញាប់ប្រញាល់ទៅជួយសង្គ្រោះ តែអកុសលហួសពេលទៅហើយ។
   ពាក់ព័ន្ធនឹងករណីបាតុភូតគ្រោះធម្មជាតិនេះ អាជ្ញាធរស្រុកចន្ទ្រាបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ នៅពេលដែលមានភ្លៀងខ្យល់កន្ត្រាក់ផ្គររន្ទះ ត្រូវទៅរកទីទួលដែលមានសុវត្ថិភាព ដើម្បីការពារកុំឲ្យមានគ្រោះថ្នាក់ជាយថាហេតុ។

 ចំពោះសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលប្រគល់អោយឪពុកម្ដាយយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕