2023-09-13 07:09
139

ភ្នំពេញ៖ លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី ជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើការអំពាវនាវយ៉ាងដូច្នេះថា «សូមប្រយ័ត្នអ្នកដែលយកឈ្មោះខ្ញុំទៅរៀបដី ឬទិញដីកសិកម្មនៅតាមខេត្តនានា»។

ក្នុងសំណេររបស់លោក ដួង តារា បានសរសេរទៀតថា «កន្លងទៅនេះ ខ្ញុំបានអញ្ជើញក្រុមហ៊ុនកសិកម្មចិនឈ្មោះ Danong មកពិនិត្យមើលឱកាសវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា។ ដើម្បីផ្តល់ភាពកក់ក្តៅ និងទំនុកចិត្តដល់ក្រុមហ៊ុន ខ្ញុំបានអញ្ជើញក្រុមហ៊ុនចុះពិនិត្យស្ថានភាពភូមិសាស្រ្ត និងជួបពិភាក្សាការងារដោយផ្ទាល់ជាមួយអាជ្ញាធរខេត្តមួយចំនួន»។ 

ក្រុមហ៊ុនបានបង្ហាញពីចំណាប់អារម្មណ៍ខ្លាំងក្នុងការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា។ ទន្ទឹមនឹងនេះដែរ ក៏មានឮពាក្យចចាមអារាមថា (ដួង តារា) បានចាត់អោយមនុស្សចុះមករៀបចំទិញដីពីប្រជាពលរដ្ឋ ដោយឲ្យតម្លៃនេះ តម្លៃនោះ ….គឺខ្ញុំសូមបដិសេធន៍ថា «នេះជាព័ត៌មានមិនពិតទេ។ សូមបងប្អូនកុំជឿ និងកុំចាញ់បោកគេឲ្យសោះ»។ 

លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី ជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ប្រសិនបើក្រុមហ៊ុនសម្រេចចិត្តវិនិយោគមែននោះ គឺមានតែក្រុមហ៊ុនតែមួយគត់ដែលជាអ្នកសម្រេចចិត្តជាមួយម្ចាស់ដីដោយផ្ទាល់។ សូមបងប្អូនមានការប្រុងប្រយ័ត្ន ហើយកុំជឿបុគ្គលខិលខូចទាំងនោះ»៕