2024-01-02 01:01
95

ខេត្តកណ្ដាល ៖ បុរសម្នាក់បានបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីជិះម៉ូតូវ៉ាជែងរថយន្តទៅទាក់ដៃចង្កូតម៉ូតូមួយគ្រឿងទៀតបណ្ដាលឱ្យដួលចូលក្រោមកង់រថយន្តកិនទាំងម៉ូតូនឹងមនុស្ស បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៩:២៧ នាទី ថ្ងៃទី ០២ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ ១៨-១៩ ភូមិពោធិ៍មង្គល ឃុំព្រែកតាតែន ស្រុកពញ្ញាឮ ។

    សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ឆាយ ស៊ីលៀង ភេទ ប្រុស អាយុ ២០ឆ្នាំ ។ 
    ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ កម្លាំងជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកពញ្ញាឮ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និង សម្រួលចរាចរណ៍ ព្រមទាំងបានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាម ប្រពៃណី រីឯអ្នកបើកបររថយន្តត្រូវបានឃាត់ខ្លួនដើម្បីសួរនាំ និងមធ្យោបាយពាក់ព័ន្ធយកមករក្សា ទុកនៅអធិការដ្ឋាននគរបាលស្រុកពញ្ញាឮ ។ 

   ចំពោះមូលហេតុដែលបង្កគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីអ្នកបើកបរម៉ូតូម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1S-1926 បើកបរមានទិសដៅពីជើង ទៅត្បូង លុះពេលបើកបរមកដល់ចំណុចកើតហេតុខាងលើបានបើកឡើងវ៉ាឆ្វេងរថយន្ត មួយគ្រឿងនៅខាងមុខ ក៏បានប៉ះដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដែលកំពុងបើកបរមាន ទិសដៅស្របគ្នានៅខាងមុខ បណ្តាលឱ្យដួលម៉ូតូខ្នាតចូលកង់ក្រោយរថយន្តផ្នែកខាង ឆ្វេងកិនម៉ូតូ និង អ្នកបើកបរស្លាប់នៅកន្លែងកើតហេតុ ៕