2023-10-25 11:10
398

(កំពង់ធំ)៖ លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំ បានជំរុញដល់សហគ្រាសធុនតូចផលិតទឹកសៀង ទឹកត្រី និងទឹកស៊ីអ៊ីវរបស់លោកលឹម សម្បត្តិ ដែលជាផលិតផលក្នុងស្រុកស្នាដៃកូនខ្មែរ ត្រូវគិតពីគុណភាព និងសុខភាពជាចម្បង ព្រមទាំងមានទស្សនៈវិស័យ លើកស្ទួយផលិតផលក្នុងស្រុក និងធ្វើឲ្យមានការចូលរួមសហការពីគ្រប់ដៃគូ ដើម្បីផលិត និងកែច្នៃវត្ថុធាតុដើមក្នុងស្រុកឲ្យទៅជាផលិតផលសម្រេច។

លោកណែនាំទៀតថា គ្រប់ផលិតផលរបស់សហគ្រាស ជាផលិតផល ដែលត្រូវបានទទួលស្គាល់ពីវិទ្យាស្ថានស្តង់ដារ ដោយអនុលោមទៅតាមពាក្យស្លោករបស់សហគ្រាសគឺគុណភាព និងសុខភាពជាចម្បង ពោលគឺក្រុមហ៊ុន មិនគិតតែទៅលើផលចំណេញតែមួយមុខទេ គឺផ្តោតសំខាន់ទៅលើការចូលរួមចំណែកលើកស្ទួយ សេដ្ឋកិច្ចសហគមន៍ និងសុខភាពរបស់អ្នកប្រើប្រាស់។

លោក ងួន រាសី បានឱ្យដឹងថា ស្ថានីយផលិតផ្គត់ផ្គង់ទឹកស្អាតរបស់លោកស្រី ជា ស្រីមុំ ដែលជាគម្រោងអភិវឌ្ឍន៍ផ្គត់ផ្គង់ទឹកស្អាតក្នុងស្រុកនេះ នឹងរួមចំណែកលើកស្ទួយវិស័យទឹកស្អាតនៅកម្ពុជា ដែលអាចធានាបាននូវនិរន្តរភាពនៃការប្រើប្រាស់សេវាទឹកស្អាត ធានាផ្ដល់សេវាទឹកស្អាតប្រកបដោយគុណភាព មិនមានក្លិន ល្អក់កករ ឬមានជាតិពុល និងធានាសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ។

អភិបាលរងខេត្តកំពង់ធំ បានបន្ថែមថា សហគ្រាសផលិតទឹកកកដើម និងទឹកកកអនាម័យរបស់លោក រស់ ចិន្តា ត្រូវមានគោលបំណងសំខាន់ គឺចង់ផ្សព្វផ្សាយដល់ម្ចាស់សហគ្រាស សិប្បកម្ម ផលិតទឹកកក ទឹកកកអនាម័យទាំងអស់ឱ្យយកចិត្តទុកដាក់ ដោយត្រូវធានាថាផលិតផលទាំងនោះ គឺផលិតឡើងតាមស្តង់ដារ មានគុណភាពអនាម័យ ធានាសុវត្ថិភាពដល់អ្នកប្រើប្រាស់។

អភិបាលរងខេត្តកំពង់ធំ បានបានបញ្ជាក់ថា ចំពោះការធ្វើអនាម័យរបស់សហគ្រាសធុនតូចសិប្បកម្មផលិតទឹកកកដើម និងអនាម័យ គឺត្រូវគោរពតាមគោលការណ៍អនាម័យ ចំនួន ៣ចំណុច រួមមាន៖
ទី១៖ ផ្តោតលើអនាម័យទីតាំងផលិតកម្ម វត្ថុធាតុដើម និងខ្សែច្រវាក់ផលិតកម្ម ត្រូវតែស្អាត និងមានអនាម័យ ត្រូវមានភ្លើងបំភ្លឺសមស្រប មានបណ្ដាញលូបង្ហូរទឹក ឬកាកសំណល់ចោល ត្រូវមានបន្ទប់ទឹកធំទូលាយ មានកន្លែងសម្រាប់លាងដៃជើងមុននឹងចូលធ្វើការ ត្រូវមានឧបករណ៍សម្រាប់ចាប់ឬការពារសត្វល្អិត មានសីតុណ្ហភាពសមស្រប
ទី២៖ ការធ្វើអនាម័យបុគ្គលិក ឬកម្មករ ត្រូវមានការបណ្ដុះបណ្ដាលផ្នែកអនាម័យខ្លួនប្រាណដល់បុគ្គលិកកម្មករ កម្មករ ត្រូវមានសម្លៀកបំពាក់ និងស្បែកជើងស្អាតក្នុងពេលបំពេញការងារ
ទី៣៖ គឺការធ្វើអនាម័យសម្ភារវេចខ្ចប់ផលិតផលសម្រេច សំបកវេចខ្ចប់ត្រូវធ្វើឡើងឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងចៀសវាងការចម្លងមេរោគ និងភាពកខ្វក់។

ជាចុងក្រោយលោក ងួន រាសី បានទទូចឲ្យប្រជាពលរដ្ឋគ្រប់រូបជួយគាំទ្រផលិតផលខ្មែរ គ្មានសារធាតុដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព ស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដោយយោងទៅតាមអនុក្រឹត្យលេខ ១២៤ អនក្រ.បក ទាក់ទងនឹងការលើកកម្ពស់ការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម ដើម្បីបង្កើតការងារ និងបង្កើនសមត្ថភាពផលិតកម្មក្នុងស្រុក ក្នុងគោលបំណងចូលរួមលើកកម្ពស់សុខុមាលភាពសាធារណៈ និងចូលរួមលើកកម្ពស់ផលិតផលក្នុងស្រុក និងសេដ្ឋកិច្ចជាតិ។

គួរបញ្ជាក់ថា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំ និងមន្ត្រីជំនាញ អាជ្ញាធរស្រុកតាំងគោក ស្រុកសន្ទុកចុះពិនិត្យ និងសិក្សារ នៅសហគ្រាសធុនតូចផលិតទឹកសៀង ទឹកត្រី និងទឹកស៊ីអ៊ីវ របស់លោកលឹម សម្បត្តិ ស្ថិតនៅភូមិ ច្រនាង ឃុំច្រនាង ស្រុកតាំងគោក, ស្ថានីយផលិតផ្គត់ផ្គង់ទឹកស្អាតរបស់លោកស្រី ជា ស្រីមុំ ស្ថិតនៅ ភូមិនាងល្អ ឃុំទ្រៀល ស្រុកតាំងគោក មានតំបន់សេវាកម្មចំនួន ៤៣ភូមិ ស្ថិតក្នុង ៦ឃុំ និងសហគ្រាសផលិតទឹកកកដើម និងទឹកកកអនាម័យ របស់លោក រស់ ចិន្តា ស្ថិតនៅភូមិសំពុង ឃុំប្រាសាទ ស្រុកសន្ទុក៕