2024-01-07 02:01
120

ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ នេះ ស្តីពី ការចាប់ខ្លួនបុគ្គលឈ្មោះ នី ណាក់ ជាប់ពាក់ព័ន្ធពីបទៈ «បរិហាកេរ្ដិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង ព្រមទាំងការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម»។
     អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៧២៦៣ ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ដែលមានជនសង្ស័យឈ្មោះ នី ណាក់ ភេទប្រុស កើតឆ្នាំ១៩៧៩ ជនជាតិខ្មែរ។ បន្ទាប់ពីបានធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងពិនិត្យភស្តុតាងក្នុងសំណុំរឿង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបសួរលើជនសង្ស័យឈ្មោះ នី ណាក់ និងបក្ខពួក ពីបទៈ «បរិហាកេរ្ដិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង ព្រមទាំងការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម ប្រព្រឹត្ត នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាម មាត្រា ៨៨ មាត្រា ៣០៥ មាត្រា ៤៩៤ មាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ»។
     អ្នកនាំពាក្យនៃអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ បុគ្គលឈ្មោះ នី ណាក់ និងបក្សពួកបានប្រើប្រាស់បណ្តាញសង្គមឈ្មោះ Iman-KH ដើម្បីបង្ហោះ និងចែកចាយនូវព័ត៌មានមិនពិត កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ដែលមានខ្លឹមសារថា «កាត់ដីឲ្យ ហេង សួរ ប្រហែលជាទុកសាងសង់រោង ២ ០០០ និងធ្វើការិយាល័យ ឲ្យមន្ត្រីក្រសួងការងារ ព្រោះឃើញគាត់ប្រាប់ថាធ្វើការរហូតគ្មានថ្ងៃសៅរ៍ ឬ អាទិត្យឡើយ»។ 
      ក្រោយមានការបង្ហោះព័ត៌មានមិនពិតលើគេហរទំ ព័រហ្វេសបុកខាងលើ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើសុំបណ្តាញព័ត៌មាននានាដែលចេញផ្សាយព័ត៌មានមិនពិត ធ្វើការកែតម្រូវឡើងវិញ ព្រោះបុគ្គលឈ្មោះ ហេង សួរ មិនមែនជាឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនោះទេ។ ក្រោយពីបានឃើញខ្លឹមសារដែលបានបង្ហោះដោយហ្វេសប៊ុកឈ្មោះ Iman-KH អ្នកនាំពាក្យក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានធ្វើការបញ្ជាក់ និងស្នើសុំឱ្យស្ថាប័នសារព័ត៌មានដែលបានផ្សាយព័ត៌មាន មិនពិតធ្វើការកែតម្រូវឡើងវិញ ពីព្រោះបុគ្គលឈ្មោះ ហេង សួរ នោះ ពុំមែនជា ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនោះទេ។ 
ទោះជាបានដឹងច្បាស់អំពីការបញ្ជាក់របស់អ្នកនាំពាក្យខាងលើបុគ្គលឈ្មោះ នី ណាក់ និងបក្ខពួក នៅតែបន្តធ្វើសកម្មភាពបង្ហោះ និងចែកចាយសំណេរដោយមានខ្លឹមសារថា៖ “តើលោក ហេង សួរ បានសាងស្នាដៃធំធេងអ្វីដល់ជាតិខ្មែរ បានជារដ្ឋាភិបាលកាត់ដីព្រៃផ្ដល់ឱ្យធ្វើជាកម្មសិទ្ធិ? RIP ព្រៃឈើខ្មែរ” ។ 
      ការបង្ហោះខ្លឹមសារទាំងនេះ គឺជាការមួលបង្កាច់ការពិត ដែលមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារប៉ុណ្ណោះទេ ប៉ុន្តែការបង្ហោះព័ត៌មានមួលបង្កាច់ការពិតម្តងហើយម្តងទៀត ដោយមិនព្រមធ្វើការកែតម្រូវឡើងវិញនេះ គឺជាចេតនា ទុច្ចរិតក្នុងការធ្វើឱ្យមានការភាន់ច្រឡំ និងញុះញង់ឱ្យមានការរើសអើងចំពោះឯកឧត្តម ហេង សួរ និងថ្នាក់ដឹកនាំ ។ អំពើនេះគឺជាបទល្មើស ដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា
   អ្នកនាំពាក្យនៃអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថាៈ បុគ្គលឈ្មោះ នី ណាក់ នេះ ធ្លាប់ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ កំណត់រយៈពេល ១៨ខែ តាមអំណាចសាលក្រម ព្រហ្មទណ្ឌលេខ ២៥៦៤ “ណ” ចុះថ្ងៃទី១៨ សីហា ឆ្នាំ២០២១ របស់សាលាដំបូងរាជធានីភ្នំពេញ ពីបទ៖ ញង់ញុះ ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងធ្លាប់ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ កំណត់រយៈពេល១ឆ្នាំ តាមអំណាច សាលក្រមព្រហ្មទណ្ឌលេខ ២៧៨៨ “ណ” ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ របស់សាលាដំបូងរាជធានីភ្នំពេញ ពីបទ៖ ញុះញង់ឱ្យមានការរើសអើង ។
    ក្រោយពីបានទទួលសំណុំរឿងនេះពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងបន្ទាប់ពីការស្តាប់ចម្លើយ ជនត្រូវចោទ ព្រមទាំងការពិនិត្យភស្តុតាងរួចមក ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំ ខ្លួនបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះ នី ណាក់ ភេទប្រុស កើតឆ្នាំ១៩៧៩ ជនជាតិខ្មែរ ដើម្បីបន្តការស៊ើបសួរ តាមនីតិវិធី៕