2024-03-02 09:03
113

មណ្ឌលគិរី៖ ក្រុមមន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលសហការជាមួយអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធខេត្តមណ្ឌលគិរី ក្រោមការសម្របសម្រួលរបស់តំណាងអយ្យការអមសាលាដំបូងខេត្ត សមត្ថកិច្ចចម្រុះបានបើកប្រតិបត្តិការបង្ក្រាបការធ្វើអាជីវកម្មរ៉ែមាសអនាធិបតេយ្យទ្រង់ទ្រាយធំ ក្នុងភូមិសាស្ត្រតំបន់មេសំ ក្នុងឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ក្នុងរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ នេះ ក្រសួងរ៉ែ និងថាមពល ដែលមានមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី ជាសេនាធិការ ដោយមានកិច្ចសហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី ក្រោមកិច្ចសម្របសម្រួលរបស់ស្ថាប័នអយ្យការខេត្តមណ្ឌលគិរី បានបើកប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំនៅលើទីតាំងអាជីវកម្មរ៉ែមាសអនាធិតេយ្យ ស្ថិតនៅក្នុងតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ឋខេត្តមណ្ឌលគិរី។ 

ក្រសួងរ៉ែបានបញ្ជាក់ថា «ក្នុងតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីនេះ គឺជាតំបន់អាជីវកម្មរ៉ែមាសបែបលក្ខណៈគ្រួសារមានតាំងពីអំឡុងឆ្នាំ១៩៨៧ ដែលមានប្រជាពលរដ្ឋប្រកបរបរជីកយក និងរ៉ែមាសដោយដៃតាមលក្ខណៈគ្រួសារ។ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានការប្រែប្រួលពីលក្ខណៈគ្រួសារ ដែលធ្វើដោយដៃ និងឧបករណ៍សាមញ្ញទៅជាប្រើគ្រឿងចក្រ រំសេវជាតិផ្ទុះ និងសារធាតុគីមី ដោយមានការជីករូងជាអណ្តូងរ៉ែក្រោមដី»។ 

ក្រសួងរ៉ែបានបញ្ជាក់បន្ថែមថា «សកម្មភាពអនាធិបតេយ្យដែលមានជាយូរមកហើយនេះ ក្រសួងរ៉ែ និងថាមពលធ្លាប់បានចុះបង្ក្រាបកាលពីឆ្នាំ២០១៧ និងមានការផ្សព្វផ្សាយជាបន្តបន្ទាប់ ប៉ុន្តែសកម្មភាពទាំងអស់នេះនៅតែកើតមាន ទោះបីជាមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី បានសហការជាមួយអាជ្ញាធរដែនដីចុះអប់រំ និងទប់ស្កាត់ក៏ដោយ»។ 

ជាក់ស្តែងនាពេលថ្មីៗនេះ សកម្មភាពជីករ៉ែអនាធិបតេយ្យនៅក្ន្នុង «តំបន់មេសំ» នៅតែបន្តកើតមានកាន់តែធ្ងន់ធ្ងរជាមួយនឹងការប្រើប្រាស់សារធាតុគីមី រំសេវជាតិផ្ទុះថ្មបំបែក និងជីករុងអណ្តូងរ៉ែក្រោមដី ដែលអាចបង្កគ្រោះថ្នាក់បំផុត។ ក្រៅពីនេះសកម្មភាពអាជីវកម្មអនាធិបតេយ្យទាំងនេះ បន្តបង្កឱ្យមានការបាត់បង់ទ្រព្យសម្បត្តិជាតិ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន បង្កជាហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពរបស់អ្នកធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យខ្លួនឯង ព្រមទាំងប្រជាពលរដ្ឋនៅក្នុង និងក្រៅមូលដ្ឋានផងដែរ។

ពាក់ព័ន្ធបញ្ហាជីករុករករ៉ែមាសយយ៉ាងអនាធិបតេយ្យខាងលើ ក្រសួងរ៉ែ និងថាមពល បានប្ដេជ្ញាបញ្ចប់នូវសកម្មភាពរ៉ែអនាធិបតេយ្យ និងជំរុញឱ្យមានការធ្វើអាជីវកម្មរ៉ែ ដោយស្របច្បាប់ដែលនាំមកនូវផលប្រយោជន៍ជាតិជាច្រើនមានជាអាទិ៍ ការបង្កើតឱ្យមានឱកាសការងារ នៅនឹងកន្លែងនិងប្រយោល ការចូលរួមចំណែកដល់ការបង្កើតប្រភពចំណូលថវិកាជាតិបន្ថែម និងការបំបាត់នូវផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងសង្គម ព្រមទាំងចូលរួមចំណែកអភិវឌ្ឍសហគមមូលដ្ឋានភាមួយការធ្វើអាជីវកម្មរ៉ែប្រកបដោយចីរភាព៕