2024-03-24 03:03
55

ខេត្តត្បូងឃ្មុំ៖     រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមទន្តបណ្ឌិត អឿន បូរារ័ត្នន៍ រដ្ឋលេខាធិការក្រសួងសុខាភិបាលនិង ឯកឧត្តមវេជ្ជបណ្ឌិត លី ឈួង រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមនិងក្រុមការងារពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកស្រុក បានអញ្ជើញចុះត្រួតពិនិត្យនៅជុំទី២ ទៅលើវឌ្ឍនភាពការងារ បម្រើសេវារបស់មន្ទីរពេទ្យបង្អែកស្រុកចំនួន០៤កន្លែង នៅខេត្តត្បូងឃ្មុំ។ 
    នៅក្នុងដំណើរចុះពិនិត្យខាងលើនេះ ជាលទ្ធផល ក្រុមការងារបានសង្កេតឃើញថាថ្នាក់ដឹកនាំមន្ទីរពេទ្យ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងមន្ទីរសុខាភិបាលផ្ទាល់ បានយកចិត្តទុកដាក់ខ្ពស់ គោរព និងអនុវត្តតាមការណែនាំ របស់ក្រុមការងារ លើផ្នែកគ្រប់ គ្រងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ផ្នែកគ្រប់គ្រងអភិវឌ្ឍធនធានមនុស្ស និងបដិសណ្ឋារកិច្ច ផ្នែកគ្រប់គ្រងបច្ចេកទេស វេជ្ជសាស្ត្រ-អមវេជ្ជសាស្ត្រ និងផ្នែកគ្រប់គ្រងឱសថ សម្ភារៈបរិក្ខារនានា មានភាពប្រសើរឡើង បើធៀបទៅនឹងលទ្ធផលនៃការចុះត្រួតពិនិត្យគុណភាពសេវាមន្ទីរពេទ្យបង្អែកស្រុកជុំទី១ កាលពីចុងឆ្នាំ២០២៣កន្លងទៅនេះ។
    នៅក្នុងឪកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍បន្ថែមមួយចំនួនរួមមានទី១ ការបន្តការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងអនាម័យបរិស្ថាន ទី២ បន្តអនុវត្តសកម្មភាពបម្រើសេវា ដោយបន្តការយាមកាមបម្រើសេវា ២៤ម៉ោង លើ២៤ម៉ោង ជូនប្រជាពលរដ្ឋ និងរៀបចំបែងចែកបុគ្គលិកតាមជំនាញវិជ្ជាជីវៈ ព្រមទាំងពង្រឹងប្រព័ន្ធបញ្ជូនអ្នកជំងឺទាន់ពេលវេលាទី៣- គោរពឋានានុក្រមការងារ គោរពក្រមសីលធម៌វិជ្ជាជីវៈ គិតប្រយោជន៍រួមជាធំ ទី៤-បន្តពង្រឹងការងារប្រជុំបច្ចេកទេស និងពង្រឹងសមត្ថភាពជំនាញបច្ចេកទេសបន្ថែមទៀត ទី៥បន្តចែករំលែកឱ្យទូលំទូលាយការបណ្តុះបណ្តាលបន្ត និងផ្សព្វផ្សាយដល់មន្ត្រីក្រោមឱវាទនូវចំណេះដឹងពីវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដែលបានឧទ្ទេសនាមដោយផ្ទាល់ពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ទី៦បន្តការថែទាំឱសថ បរិក្ខារ សម្ភារៈឱ្យបានត្រឹមត្រូវ និង៧-រៀបចំសំលៀកបំពាក់ឯកសណ្ឋានគ្រូពេទ្យសមរម្យ និងរៀបចំផ្នែកបដិសណ្ឋារកិច្ច ទទួល និងណែនាំអ្នកជំងឺប្រកបដោយស្នាមញញឹម និងទំនុកចិត្ត។