2024-03-12 04:03
69

កំពត៖ គម្រោងអភិវឌ្ឍន៍រីស្សតដ៏ធំមួយកន្លែងរបស់អ្នកធំម្នាក់ នៅខេត្តកែប ត្រូវបានគណៈកម្មការចម្រុះរដ្ឋបាលស្រុកដងទង់ ចុះផ្អាកសកម្មភាពជាបណ្តោះ ដោយសារគ្មានច្បាប់អនុញ្ញាត ខណៈម្ចាស់ទីតាំងកំពុងភ័យស្លន់ស្លោ និងរកអ្នកឈរឈ្មោះជំនួស។ 

ការចុះផ្អាកទីតាំងអត់ច្បាប់របស់អ្នកធំខាងលើធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នេះ ដឹកនាំដោយ លោក បុល រី អភិបាលរង ស្រុកដងទង់។ 
ចំពោះគម្រោងអភិវឌ្ឍន៍រីស្សតនេះ មានឈ្មោះ « ហីលថប់លែន «Hilltop Land» មានទីតាំងស្ថិតក្នុងភូមិអូរឫស្សី ឃុំស្រែជាខាងត្បូង ស្រុកដងទង់ ខេត្តកំពត ជារបស់លោកធំម្នាក់ នៅខេត្តកែបតែម្តង។ 

លោក បុល រី អភិបាលរង ស្រុកដងទង់ បានប្រាប់អ្មកសារព័ត៌មានថា៖ គម្រោងរីស្សត «Hilltop Land» ស្ថិតលើដីមានប្លង់កម្មសិទ្ធិត្រឹមត្រូវ ប៉ុន្តែសម្រាប់ការសាងសង់របង ខ្លោងទ្វារ និងការឈូសឆាយពង្រាបដីគ្មានច្បាប់អនុញ្ញាតពីអាជ្ញាធរឡើយ ទើបគណៈកម្មការចម្រុះចុះហាមឃាត់សកម្មភាពសាងសង់ជាបណ្ដោះអាសន្ន។ 

លោក ជួន សារ៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពត បានលើកឡើងថា «ទីតាំងដីគម្រោងរីស្សតនោះ មានប័ណ្ណកម្មសិទ្ធិក៏ពិតមាន តែក៏ត្រូវសុំច្បាប់អនុញ្ញាតពីមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធដែរ បើប៉ះពាល់ដីសាធារណៈរបស់រដ្ឋ ឬក្រៅប័ណ្ណ ជំនាញនឹងមាននីតិវិធីតាមផ្លូវច្បាប់»។ 

តាមរយៈប័ណ្ណសម្គាល់អចលវត្ថុ ចំនួន ០៣ រួមមាន៖ ទី១- មានផ្ទៃដីទំហំ ៤៩ ២១៥ ម៉ែត្រការ៉េ , ទី២- មានផ្ទៃដីទំហំ ៩២ ៥៥១ ម៉ែត្រការ៉េ និងទី៣- មានផ្ទៃដីទំហំ ៥៣ ៥៧១ ម៉ែត្រការ៉េ សរុបមាន ចំនួន ១៨០ ០០០ ម៉ែត្រការ៉េ ឬ ១៨ហិកតា ដែលម្ចាស់កម្មសិទ្ធឈ្មោះ តាំង គួងហាវ កើតឆ្នាំ១៩៨០ និងប្រពន្ធឈ្មោះ នាង អែមសុគៀង។ 

តាមមន្ត្រីបានបង្ហើបថា ចំណុចទីតាំងគម្រោងរីស្សត នៅតំបន់នោះភាគច្រើនជាដីមិនទាន់មានប័ណ្ណកម្មសិទ្ធិ ឬដីដែលស្ថិតក្រោមគម្របព្រៃឈើរបស់រដ្ឋ ហើយត្រូវបានប្រជាពលរដ្ឋកាន់កាប់អាស្រ័យផល និងមានការទិញលក់តៗគ្នា ប៉ុន្តែចំឡែកទីតាំងរីស្សតនេះ មានប័ណ្ណកម្មសិទ្ធយ៉ាងរំភើយ។ 

ក្រោយបែកធ្លាយករណីគម្រោងអភិវឌ្ឍន៍រីស្សត «Hilltop Land» សាងសង់ ឈូសឆាយពង្រាបដី ដោយគ្មានច្បាប់អនុញ្ញាតគណៈកម្មារចុះហាមឃាត់ជាបណ្តោះអាសន្ន និងតម្រូវឲ្យស្នើសុំច្បាប់ត្រឹមត្រូវសិនទើបអាចដំណើរបានបន្តទៀត។ 

តាមការខ្សឹបប្រាប់ពីមន្ត្រីតូចតាចបានបង្ហើបថា ទីតាំងរីស្សត «Hilltop Land» ជារបស់អ្នកធំម្នាក់នៅខេត្តកែបតែម្តង៕