2024-03-10 06:03
86

(ព្រះវិហារ)៖ លោក ស៊ាប កែវជីវ៉ា អភិបាលស្រុកសង្គមថ្មី ខេត្តព្រះវិហារ បានថ្លែងអំពាវដល់បងប្អូនប្រជាពលរដ្ឋ កុំឱ្យជឿតាមការញុះញង់ណាមួយរបស់ជនអគតិ ក្នុងការចូលទន្ទ្រានកាន់កាប់ដោយខុសច្បាប់ លើដីរបស់រដ្ឋដែលបានចុះបញ្ជីរួច។
   ការថ្លែងអំពាវនាវរបស់ប្រធានគណៈកម្មាការគ្រប់គ្រងដីរដ្ឋថ្នាក់ស្រុក បានធ្វើឡើងក្នុងឱកាសដែលលោកដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពស្រុក នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ ចុះពិនិត្យសម្របសម្រួលទីតាំងដីរបស់ក្រុមហ៊ុន ឆាយណា ហ្ក្រេត ខស(ខេមបូឌា) អ៉ីនវេសមេន ស្ថិតនៅភូមិដារ ឃុំចម្រើន ស្រុកសង្គមថ្មី ដែលកំពុងចាប់ផ្តើមអនុវត្តផែនការមេ ហើយត្រូវប្រជាពលរដ្ឋមួយចំនួនតូចអះអាងថា ក្រុមហ៊ុនធ្វើប៉ះពាល់លើដីរបស់ពួកគាត់។
   លោក ស៊ាប កែវជីវ៉ា បានដឹកនាំក្រុមការងារស្រុកចុះមកពិនិត្យទីតាំងដីក្រុមហ៊ុន បន្ទាប់ពីក្រុមហ៊ុនចាប់ផ្តើមអនុវត្តផែនការមេ ហើយក៏មានប្រជាពលរដ្ឋបានធ្វើការតវ៉ា។ ក្រោយពីបានចុះពិនិត្យជាក់ស្តែង និងធ្វើការស្រាវជ្រាវឃើញថាមានប្រជាពលរដ្ឋចំនួន ៨គ្រួសារបានធ្វើការតវ៉ា។
   លោកអភិបាលស្រុកសង្គមថ្មី ក៏បានថ្លែងប្រាប់ឱ្យដឹងទៀតថា ក្រោយពីបានចុះពិនិត្យជាក់ស្តែង និងស្រាវជ្រាវសាវតានៃរឿងនេះរួចមក លោកក៏បានកោះអញ្ជើញបងប្អូនប្រជាពលរដ្ឋទាំង ៨គ្រួសារ ដើម្បីនឹងធ្វើការដោះស្រាយ។ លោកថែមទាំងពន្យល់ពីបញ្ហាផ្លូវច្បាប់ និងបកស្រាយពីបញ្ហាក្រុមហ៊ុនវិនិយោគ ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលស្របតាមច្បាប់។
  ជាមួយក្នានេះដែរ លោកក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមកុំជឿតាមការញុះញង់ណាមួយពីជនអគតិ ក្នុងការចូលទន្ទ្រានកាប់កាប់ដោយខុសច្បាប់លើដីរបស់រដ្ឋដែលបានចុះបញ្ជីរួច និងប្រគល់សិទ្ធជូនក្រុមហ៊ុនដើម្បីធ្វើការវិនិយោគ៕