2023-12-22 06:12
122

(ព្រះសីហនុ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ បានជួបពិភាក្សាកាងារជាមួយលោក អ៊ិស៊ិបាស៊ិ រីនតារ៉ូ (H.E. Mr. ISHIBASHI Rintaro) អនុរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេសជប៉ុន ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយមានការចូលរួមផងដែរពីលោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត។
    កិច្ចពិភាក្សាបានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយស្និទ្ធស្នាល ដោយផ្តោតសំខាន់លើចំនុចសំខាន់ៗមួយចំនួនដូចជា៖ (១) ការរៀបចំតាក់តែងផែនការមេសម្រាប់វិស័យកំពង់ផែនៅកម្ពុជា (២) យុទ្ធសាស្រ្តរយៈពេលវែងរបស់កម្ពុជាស្តីពីអព្យាក្រឹតកាបូន (៣) ផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្ម ២០២៣-២០៣៣ (៤) ការបន្តកិច្ចសហប្រតិបត្តិការ និងបន្តផ្តល់ការគាំទ្រ លើការអនុវត្តគម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី២ និងជំហានទី៣ ឱ្យបានលឿនតាមផែនការដែលបានគ្រោងទុក (៥)ការសិក្សាគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ១ និងគម្រោងសិក្សាស្ពានតភ្ជាប់ពីតំបន់ក្តីតាកុយ ទៅកាន់អរិយក្សត្រ និង (៦) ការលើកកម្ពស់គុណភាពអប់រំរបស់ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ឱ្យទៅជាគ្រឹះស្ថានអប់រំឆ្លាតវៃ។
   ដោយបានមើលឃើញពីចក្ខុវិស័យវែងឆ្ងាយនៃការដឹកនាំកម្ពុជា ឱ្យឆ្ពោះទៅជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ លោកអនុរដ្ឋមន្ត្រីជប៉ុន បានសន្យាបន្តកិច្ចសហប្រតិបត្តិការល្អៗជាបន្តបន្ទាប់ទៀត ក្នុងនាមជាប្រទេសដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលមានចំណងមិត្តភាពការទូតអាយុកាល ៧០ឆ្នាំមកហើយ៕