2023-10-01 02:10
305

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជាបានព្រមាននឹងចាត់វិធានយ៉ាងតឹងរ៉ឹងលើ ឧកញ៉ា អ៊ុច សម្បត្តិ ម្ចាស់គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្ដៅ ឯ.ក និងបក្ខពួកទៅតាមផ្លូវច្បាប់ជាធរមាន ពាក់ព័ន្ធបុគ្គលរូបនេះ ធ្វើការវាយប្រហារ និងគំរាមប្តឹងលើមន្ត្រីក្រសួងសុខាភិបាលពាក់ព័ន្ធករណីរកឃើញថា «ផលិតផលបំប៉នសុខភាព GINSENG PRO ផ្ទុកនូវសារធាតុ Dexamethasone និង Prednisolone ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់អ្នកប្រើប្រាស់»

 ការព្រមានចាត់វិធានតឹងរឹងចំពោះឧកញ៉ា អ៊ុច សម្បត្តិ ធ្វើឡើងបន្ទាប់ឧកញ៉ារូបនេះ បាន Live Video លើបណ្តាញសង្គមវាយប្រហារ និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសក្រសួងសុខាភិបាល បន្ទាប់ពីក្រសួងបានសម្រេចបិទបញ្ជីការ និងបិទក្រុមហ៊ុនរបស់ឧកញ៉ាក្រោយពីរកឃើញផលិតផលបំប៉នសុខភាពដែលនាំចូលនឹងកំពុងចែកចាយលើទីផ្សាយមានផ្ទុកនូវសារធាតុ Dexamethasone និង Prednisolone ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់អ្នកប្រើប្រាស់។

 ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២៣ នេះ ចេញសេចក្តីប្រកាសព័ត៌មានថា «ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ការត្រួតពិនិត្យគុណភាព ផលិតផលសុខាភិបាលមានជាអាទិ៍ ឱសថ ផលិតផលបំប៉នសុខភាព ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿង សំអាង ក្រោយពេលអនុញ្ញាតឱ្យលក់លើទីផ្សារ ជាភារកិច្ចចាំបាច់ដែលក្រសួងសុខាភិបាលត្រូវអនុវត្តជាប្រចាំ»។ 

 ក្រសួងសុខាភិបាល បានឲ្យដឹងទៀតថា ក្នុងការអនុវត្តភារកិច្ចនេះ នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង តែងត ស្រង់យកសំណាកពីទីផ្សារមកត្រួតពិនិត្យគុណភាព និងសារធាតុដែលអាចបង្កឱ្យប៉ះពាល់ដល់សុខភាព អ្នកប្រើប្រាស់។ ការអនុវត្តនេះ ក៏បានធ្វើឡើងផងដែរចំពោះផលិតផលបំប៉នសុខភាព, GINSENG PRO របស់គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្ដៅ ឯ.ក។ 

 ករណីនេះ ជាលទ្ធផលក្រសួងសុខាភិបាលបានរកឃើញថា «ផលិតផលបំប៉នសុខភាព GINSENG PRO របស់គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្តៅ ឯ.ក មានផ្ទុកនូវសារធាតុ Dexamethasone និង Prednisolone ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព របស់អ្នកប្រើប្រាស់»។ 

 លោក អ៊ុច សម្បត្តិ ប្រធានស្ថាបនិករបស់គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារ កក់ក្តៅ ឯ.ក បានទទួលស្គាល់ថា «ក្រុមហ៊ុន គ្រួសារកក់ក្តៅ ឯ.ក ពិតជាបានផ្សព្វផ្សាយ ចែកចាយ និងលក់ ផលិតផលបំប៉នសុខភាព GINSENG PRO B/Bott./30Caps ដែលក្រសួងសុខាភិបាលបានធ្វើការវិភាគរកឃើញមានផ្ទុកសារធាតុ Dexamethasone និង Prednisolone ប្រាកដមែន» ហើយបានធ្វើកិច្ចសន្យា នាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ នៅក្រសួងសុខាភិបាល ដូចខាងក្រោម៖

 ១- ទទួលយកនូវវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការលុបលេខបច្ឆិកា និងចេញសេចក្តី ជូនព័ត៌មានជូនដល់សាធារណជនជ្រាបពីបញ្ហាគុណភាពរបស់ផលិតផលបំប៉នសុខភាព GINSENG PRO B/Bott./ 30 Caps & GINSENG PRO B/Bott./ 60 Caps'1

 ២- ប្រមូលផលិតផលបំប៉នសុខភាព GINSENG PRO B/Bott/ 30 Caps និង GINSENG PRO B/Bott./ 60 Caps ទាំងអស់ពីទីផ្សារ ហើយធ្វើរបាយការណ៍ជូនក្រសួងសុខាភិបាលមិនឱ្យលើសពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។

 ៣- ផលិតផលបំប៉នសុខភាព GINSENG PROB/Bott/30 Caps និង GINSENG ( PRO B/Bott./ 60 Caps ដែលបានប្រមូលពីទីផ្សារ និងផលិតផល GINSENG PRO B/Bott./30Caps ចំនួន ១៦៧០ ប្រអប់ដែលត្រូវបានឃ្លុំបេទុក ដោយក្រសួងសុខាភិបាល ត្រូវស្នើសុំកំទេចចោលតាមបច្ចេកទេសមកក្រសួងសុខាភិបាល ដោយនៅពេលកំទេចត្រូវមានការចូលរួមពីមន្ត្រីភ្នាក់ងារត្រួតពិនិត្យឱសថនៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង មិនឱ្យហួសពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។

 ៤- ទទួលយល់ព្រមការបង់ប្រាក់ពិន័យអន្តរការណ៍ចំនួន ៥លានរៀល ជូនក្រសួងសុខាភិបាល ចំពោះករណីប្តូរទីតាំងគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្ដៅ ឯ.ក ដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល។

 ៥- បញ្ឈប់ការផ្សព្វផ្សាយ ចែកចាយ ឬលក់ផលិតផល GINSENG PRO B/Bott./30Caps និង GINSENG PRO B/Bott./ 60 Caps ចាប់ពីពេលចុះកិច្ចសន្យាតទៅ ដោយយល់ព្រមទទួល ខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

 ប៉ុន្តែក្រោយពីបានទទួលស្គាល់កំហុសរបស់ខ្លួន គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ ក្ដៅ ឯ.ក នៅតែមិនគោរព និងមិនអនុវត្តតាមខ្លឹមសារនៃកិច្ចសន្យាខាងលើឡើយ ហើយថែមទាំងបានចេញ លិខិតបំភ្លឺជាសាធារណៈលេខ ៣៦៨/HHB/២៣ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ តាមរយៈមេធាវីតំណាងរបស់ខ្លួន ដោយធ្វើការវាយប្រហារមកលើក្រសួងសុខាភិបាល ធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ និងយល់ខុសទៅលើចំណាត់ការតាមផ្លូវច្បាប់របស់ក្រសួងសុខាភិបាល ដែលបានធ្វើកន្លងមក ទើបក្រសួងសុខាភិបាលចេញសេចក្តីសម្រេចស្តីពីការបិទ និងដកហូតសេចក្ដីសម្រេចស្តីពីការបន្តសុពលភាពគ្រឹះស្ថាន អាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្តៅ ឯ.ក។

 ក្រសួងសុខាភិបាល បានបញ្ជាក់ថា «រហូតមកដល់ពេលនេះ ឈ្មោះ អ៊ុច សម្បត្តិ និងបក្ខពួក នៅតែមិនគោរព និងមិនអនុវត្តតាមវិធានការរបស់ក្រសួងជំនាញ ហើយបន្តធ្វើសកម្មភាពវាយប្រហារមកលើក្រសួងសុខាភិបាល ដោយពុំមានមូលដ្ឋាន សមស្រប និងមានចេតនាញុះញង់បង្កជាចលាចល ព្រមទាំងបំពុលបរិយាកាសនៅក្នុងសង្គម។ ក្រសួង សុខាភិបាលនឹងចាត់វិធានការយ៉ាងតឹងរ៉ឹងលើ ឈ្មោះ អ៊ុច សម្បត្តិ និងបក្ខពួកទៅតាមផ្លូវច្បាប់ជាធរមាន»ដោយឡែកឧកញ៉ា អ៊ុច សម្បត្តិ ម្ចាស់គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្ដៅ ឯ.កបានបង្ហោះសារយ៉ាងដូច្នេះថា «សូមគោរពសម្តេចបវរធិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា សូមគោរពលោកពូ ឈៀង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមគោរពលោកជំទាវម៉ែ ហ៊ុន សុីណាត អ្នកម្តាយចិត្តធម៌គោរពជូនសារពត៌មាន និងសាធារណៈជនគោរជូនពុកម៉ែបងប្អូនអតិថិជនប្រើប្រាស់ និងអ្នកចែកចាយយុិនសុិនឧកញ៉ាសម្បត្តិទាំងអស់ សូមជួយរកយុត្តិធម៌ និងភាពស្អាតស្អំជូនខ្ញុំវិញផង»

 ឧកញ៉ា អ៊ុច សម្បត្តិ បានបញ្ជាក់ក្នុងសំណេររបស់ខ្លួនថា «ក្រោយចោទប្រកាន់ថា ផលិតផលខ្ញុំ ធ្វើអោយប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងជីវិតឯកជនភាពរបស់ខ្ញុំយ៉ាងធ្ងន់ធ្ងរ ហើយប៉ះពាល់ដល់សតិអារម្មណ៍ ប៉ះពាល់ដល់ប្រាក់ចំណូលដែលកំពុងប្រកបអាជីវកម្មស្របច្បាប់ស្ទើររលាយសូន្យ ប៉ះពាល់ទៅដល់ទឹកចិត្តអ្នកប្រើប្រាស់ និងកំពុងត្រៀមខ្លួនប្រើប្រាស់ ប៉ះពាល់ទៅដល់មហាជនផ្សេងៗ រហូតឈានឈានដល់ការជេប្រមាថយ៉ាងធ្ងន់ធ្ងរផងដែរ»