2024-03-07 02:03
70

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានផ្ដល់អគារសិក្សា ១ខ្នង ៥បន្ទប់ កម្ពស់២ជាន់ ទំហំ៤៩ម៉ែត្រ គុណនឹង៩ម៉ែត្រ ស្ថិតក្នុងបរិវេណសាលាបឋមសិក្សាបឹងឈូកក្នុង សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានី               ភ្នំពេញ ដែលពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សានេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ លោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌឬស្សីកែវ និង អាជ្ញាធរ ខណ្ឌ សង្កាត់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ជាច្រើននាក់ផងដែរ ។

នៅក្នុងឪកាសនោះលោក ឯក ឃុនដឿន បានគូសបញ្ជាក់ថាយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញ ក្នុងនោះរួមមានកំណើនការងារ សមធម៌ ប្រសិទ្ធភាព ចិរភាពអាទិភាព និងគន្លឹះទាំង៥មនុស្សផ្លូវ ទឹកភ្លើង បច្ចេកវិទ្យា ការអភិវឌ្ឍមូលធនមនុស្ស.ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រគួតប្រជែងការអភិវឌ្ឍវិស័យឯកជន ការអភិវឌ្ឍប្រកបដោយភាពធន់និងបរិយាប័ន្ន  ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលជាដើម។

លោក អភិបាលខណ្ឌឫស្សីកែវ បានបន្តថាចក្ខុវិស័យជាគន្លឹះមួយចំនួន សម្រាប់              រយៈពេល១០ឆ្នាំខាងមុខ របស់រាជរដ្ឋាភិបាលមានការពិនិត្យឡើងវិញនូវមុខងារ និងរចនាសម្ព័ន្ធគ្រប់គ្រងនៃរដ្ឋបាលសាធារណៈការបែងចែកសិទ្ធិ អំណាច មុខងារ និងការទទួលខុសត្រូវរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ ផ្អែកលើគោលការណ៍ដែលកំណត់ថា សេវាសាធារណៈត្រូវផ្តល់ជូនប្រជាពលរដ្ឋតាមតម្រូវការរបស់ពួកគាត់ឲ្យបានល្អ។

នៅក្នុងឪកាសនោះដែរ លោកឯក ឃុនដឿន ក៏បានឧបត្ថម្ភថវិកា ចំនួន១លានរៀល និង សៀវភៅ សរសេរប្រមាណជា៥០០ក្បាល ដល់សិស្សានុសិស្សផងដែរ៕