2023-06-14 03:06
391

(ខេត្តកែប)  កាលពីថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២៣ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអញ្ជើញសំណេះសំណាលផ្តាំផ្ញើដល់គណៈកម្មការសាខាសមាគមនារីខេត្តកែប ត្រូវបន្តការខិតខំប្រឹងប្រែងគ្រប់សកម្មភាព ដូចជាពង្រឹងរបៀបរបបធ្វើការ ចេះបែងចែកតួនាទីភារកិច្ចទទួលខុសត្រូវ ទាំងថ្នាក់ខេត្ត ក្រុង ស្រុក មន្ទីរអង្គភាព ឲ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅទៅតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលហៅថា ស្ត្រីគឺជាឆ្អឹងខ្នងដ៏រឹងមាំ នៃសេដ្ឋកិច្ច និងសង្គមជាតិ របស់យើងទាំងអស់គ្នា។

ការផ្តាំផ្ញើនេះ បានធ្វើឡើងពេលឯកឧត្តម សោម ពិសិដ្ឋ និងលោកជុំទាវ ស ម៉ាលីដា សោមពិសិដ្ឋ ប្រធានកិត្តិយស សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកែប ព្រមទាំងថ្នាក់ដឹកនាំក្រោមឱវាទ បានចូលរួមក្និងពិធីសំណេះសំណាល ជាមួយគ្រូបង្រៀន និងគ្រូពេទ្យទូទាំងខេត្ត។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបបានលើកឡើងក្នុងពិធីសំណេះសំណាលនោះក៍បានពាំនាំយកនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ និងការនឹករលឹក ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ជូនដល់សមាជិកសមាជិកាទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធី នាពេលនេះ។

នាឱកាសនោះឯកឧត្តម អភិបាលខេត្តក៏បានថ្លែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ស្មារតី និងទទួលខុសត្រូវ ក្នុងការបំពេញភារកិច្ចការងារចលនាស្រ្តី ក្នុងរយៈពេលកន្លងមក ដោយទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ឃើញថាជោគជ័យទាំងអស់នេះ មានការជួយសម្របសម្រួល និងផ្តល់ភាពងាយស្រួល ពីថ្នាក់ដឹកនាំគ្រប់ផ្នែក គ្រប់ថ្នាក់ ពិសេសបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តតែម្តង។

ជាមួយគ្នានោះ ត្រូវបង្កើនប្រសិទ្ធិភាពក្នុងការចូលរូមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាបន្តទៀត និងត្រូវអនុវត្តវិធានការណ៍ (៣ការពារ, ៣កុំ) ជាប់ជាប្រចាំ ជាពិសេសយើងទាំងអស់គ្នាត្រូវទៅចូលរួមបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឲ្យបានគ្រប់ៗគ្នា។(សឹង រ៉ាត់)