2023-10-24 03:10
310

(កោះកុង)៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកោះកុង លើកទី៥ អាណត្តិទី៣ ឆ្នាំ២០២៣ នៅស្រុកបូទុមសាគរ។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង អភិបាលរងខេត្ត និងមានការចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋចំនួន៣០០គ្រួសារ។

វេទិកានេះក៏មានការបង្ហាញស្តីពីទិដ្ឋភាពរួមនៃការអភិវឌ្ឍនៅក្នុងដែនសមត្ថកិច្ចរដ្ឋបាលខេត្ត ឆ្នាំ២០២០-២០២៤ នៃផែនការ ៣ឆ្នាំរំកិល និងការលើកឡើងរបស់លោក ឈេង ឆិ ប្រធានក្រុមប្រឹក្សាស្រុកអំពីសមិទ្ធផលនានា ដែលរដ្ឋបាលស្រុកអនុវត្តបានក្នុងឆ្នាំ២០២៣ ព្រមទាំងសមិទ្ធផលរបស់រដ្ឋបាលស្រុកបូទុមសាគរកន្លងមក។

ក្នុងអង្គវេទិកានោះដែរ សមាជិក សមាជិកា ក៏បានលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរមួយចំនួន។ ក្នុងនោះដែរបានលើកឡើងនូវសំណួរផ្ទាល់មាត់ចំនួន១១ ដោយផ្តោតទៅលើបញ្ហា ហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវថ្នល់) កសិកម្ម អគ្គិសនី អប់រំ ប្រព័ន្ធធារាសាស្ត្រ ពាណិជ្ជកម្ម (រកទីផ្សារលក់កសិផល) គ្មានការងារធ្វើ។

ក្នុងនោះដែរ ត្រូវបានសាមីមន្ទីរ អង្គភាពជំនាញមានការពាក់ព័ន្ធ បានធ្វើការបកស្រាយបំភ្លឺជូនដល់អង្គវេទិកាទាំងមូលឱ្យអស់កង្វល់ ដែលបងប្អូនមានទុក្ខកង្វល់កន្លងមកឱ្យបានកាន់តែយល់ច្បាស់ផងដែរ។ អង្គវេទិកាក៏ទទួលបានសំណួរ សំណូមពរដែលសរសេរជាលាយល័ក្ខអក្សរចំនួន២៦សំណួរនិងសំណូមពរផងដែរ។ 

ក្នុងឱកាសនោះដែរ ប្រធានក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ថា អង្គវេទិកានេះ គឺដើម្បីឱ្យក្រុមប្រឹក្សាខេត្តធ្វើការប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរនានា មកធ្វើការពិភាក្សាស្រាយបំភ្ឱ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាព និងឈានទៅរកការដោះស្រាយជូនបានចំគោលដៅ មានប្រសិទ្ធិភាព និងទាន់ពេលវេលាក្នុងករណីដោះស្រាយបានភ្លាមៗ និងធ្វើការដោះស្រាយជូនភ្លាមៗ ករណីមិនអាចដោះស្រាយបានភ្លាមៗនឹងលើកយកទៅពិភាក្សារកដំណោះស្រាយជូននៅពេលក្រោយបន្តទៀត ដោយមិនទុកបញ្ហា ឬគេចវេសពីបញ្ហាដែលបានលើកឡើងក្នុងអង្គវេទិកានេះឡើយ។

លោក កាយ សំរួម បានលើកឡើងថា ក្រោយពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភារួចមក ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តោតលើបាវវចនាទាំង៥ គឺកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព ដែលជារបៀបវារៈគោលនយោបាយសង្គម សេដ្ឋកិច្ច។

លោក កាយ សំរួម បានបញ្ជាក់ថា ការរៀបចំបង្កើតឱ្យមានវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាសាធារណៈជាមួយប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង គឺដើម្បីស្តាប់នូវមតិយោបល់របស់ប្រជាពលរដ្ឋ ក្នុងន័យស្វែងរកនូវតម្រូវការ និងបញ្ហាប្រឈមនានា ដែលបងប្អូនប្រជាពលរដ្ឋកើតមានក្នុងមូលដ្ឋានរបស់ខ្លួន។

ប្រធានក្រុមប្រឹក្សា ក៏បានបញ្ជាក់ថា វេទិកាសាធារណៈនេះជាលើកទី៥ អាណត្តិទី៣ នៃក្រុមប្រឹក្សាខេត្តកោះកុង និងជាគោលដៅទី១ នាឱកាសនេះពិតជាមានសារៈសំខាន់បំផុត ក្នុងការជួយជំរុញដល់ការអនុវត្តមុខងារគ្រប់ស្ថាប័នមានការពាក់ព័ន្ធរួម និងអាជ្ញាធរមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្តនៅថ្នាក់មូលដ្ឋាន។ ការពិនិត្យ និងដោះស្រាយបញ្ហា សំណួរ-សំណូមពររបស់ប្រជាពលរដ្ឋ និងជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅលើកកម្ពស់គុណភាពជីវិត កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមបណ្ដាមូលដ្ឋានភូមិ ឃុំ ស្រុក ក្នុងខេត្តកោះកុងទាំងមូលផងដែរ៕