2024-01-24 11:01
86

ថ្ងៃអង្គារ ១៣ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ លោកជំទាវអភិបាលខេត្ត បានលើកឡើងថា នាងខ្ញុំសូមគោរពរាយការណ៍ជូន ឯកឧត្តមរដ្ឋលេខាធិការ ប្រតិភូអមដំណើរទាំងអស់  និងអង្គពិធីទាំងមូល បានជ្រាបអំពីទីតាំងភូមិសាស្រ្ដរបស់ប៉ុស្ដិ៍ និងលទ្ធផលនៃការត្រួតពិនិត្យដំណើរចេញ-ចូល របស់ពលករខ្មែរនៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម គិតចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤  ដូចតទៅ៖

I. អំពីទីតាំងភូមិសាស្រ្ត ៖ ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម គឺជាច្រកទ្វារផ្លូវទឹក និងផ្លូវគោក មានទីតាំងជាប់ផ្លូវជាតិលេខ៤៨ ចម្ងាយ១០គីឡូម៉ែត្រ ពីទីរួមខេត្តកោះកុង ស្ថិតក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ជាប់ព្រំប្រទល់ជាមួយច្រកទ្វារព្រំដែនអន្តរជាតិហាតឡេក ស្ថិតក្នុងភូមិហាតឡេក ឃុំហាតឡេក ស្រុកខ្លងយ៉ៃ ខេត្តត្រាត ប្រទេសថៃ។ យោងទៅតាមសេចក្ដីសម្រេចលេខ ៩៦០ សសរ ចុះថ្ងៃ២១ ខែមករា ឆ្នាំ២០១៥ របស់ ក្រសួងមហាផ្ទៃ ស្ដីពីការកំណត់ និងការគ្រប់គ្រងរង្វង់ភូមិសាស្រ្ដប្រតិបត្តិ្កការ ច្រកទ្វារព្រំដែនអន្ដរជាតិចាំយាម មានស្លាបស្ដាំចម្ងាយ២០០ម៉ែត្រ ជាតំបន់ព្រៃភ្នំ ស្លាបឆ្វេងចម្ងាយ ២៥០០ម៉ែត្រ ជាលំហរសមុទ្រ និងជំរៅចូលប្រទេសចម្ងាយ១០០០ម៉ែត្រ ។

 កម្លាំងប៉ុស្តិ៍យើងខ្ញុំបានយកចិត្តទុកដាក់អនុវត្តទៅតាមតួនាទី ភារកិច្ចដែលមានចែងក្នុងអនុក្រឹត្យលេខៈ ៦៤ អនក្រ.បក អនុក្រឹត្យលេខ១២៣ អនក្រ.បក ច្បាប់អន្តោប្រវេសន៍ និងលិខិតបទដ្ឋានផ្សេងៗមួយចំនួនទៀតដែលថ្នាក់លើប្រគល់ជូន ជាពិសេសថ្មីៗនេះ ពាក់ព័ន្ធទៅលើសេចក្តីសម្រេចលេខ៩៩ ស.ស.រ របស់រាជរដ្ឋាភិបាល ស្តីពីការបង្កើតគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យនិងដោះស្រាយបញ្ហាដំណើរចេញ ចូលរបស់ពលករខ្មែរនៅតាមព្រំដែននៃព្រះរាជាណាចក្រកម្ពុជា និងការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ ឱ្យមានការត្រួតពិនិត្យ សម្របសម្រួល និងដោះស្រាយបញ្ហាផ្សេងៗ ជូនពលករខ្មែរដែលធ្វើដំណើរចេញ-ចូលតាមច្រកទ្វារព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា។

II.ដំណើរចូល-ចេញប្រទេសរបស់ពលរដ្ឋខ្មែរ ៖
ក.ដំណើរចូលប្រទេស៖ ប្រជាពលរដ្ឋខ្មែរធ្វើដំណើរចូលសរុបចំនួន ២២៧៧៧នាក់ ស្រី ១២៧០៥ នាក់ ដោយបាន ប្រើប្រាស់លិខិតឆ្លងដែនចំនួន ១៨២៣៤នាក់ ស្រី៩៨៨២នាក់ ក្នុងនោះពលករចំនួន ១៩០នាក់ ស្រី ៥៧នាក់ លិខិតធ្វើដំណើរពលករចំនួន ១៨៤នាក់ ស្រី ៦៩នាក់ ប្រើប្រាស់បណ្ណព្រំដែនចំនួន ៤៣៥៩នាក់ ស្រី ២៧៥៤នាក់(ពលករ) អាជ្ញាធរថៃបញ្ជូនមកចំនួន ២៩លើក សរុបមនុស្សចំនួន ៥១នាក់ ស្រី៧នាក់ក្នុងចំនួននោះត្រូវបាន អនុញ្ញាតឱ្យវិលទៅលំនៅដ្ឋានចំនួន ៥១នាក់ ស្រី ៧នាក់
ខ.ដំណើរចេញប្រទេស៖ ប្រជាពលរដ្ឋខ្មែរធ្វើដំណើរចេញ សរុបចំនួន ២៣០២៦នាក់ ស្រី ១២៦៩០ នាក់ ដោយបាន ប្រើប្រាស់លិខិតឆ្លងដែនចំនួន ១៨០៤៨នាក់ ស្រី៩៨២៧នាក់ ក្នុងនោះពលករចំនួន ១៥៧នាក់ ស្រី ៥៥នាក់ លិខិតធ្វើដំណើរពលករចំនួន ១៤៩នាក់ ស្រី ៥៦នាក់ ប្រើប្រាស់បណ្ណព្រំដែនចំនួន ៤៤៦៨នាក់ ស្រី២៨០៧នាក់ (ពលករ)

III. ការចាត់វិធានការបង្ការ ទប់ស្កាត់ សកម្មភាពអសកម្ម
ក.វិធានការទប់ស្កាត់៖  កម្លាំងប៉ុស្តិ៍បានយកចិត្តទុកដាក់ល្បាត ២៤/២៤ម៉ោង ក្នុងភូមិសាស្ត្រប្រតិបត្តិការតាមសេចក្តីសម្រេចលេខ៩៦០ សសរ របស់ក្រសួងមហាផ្ទៃ ដើម្បីទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ និងបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ រក្សាបានសន្តិសុខសណ្តាប់ធ្នាប់សារធារណៈ ជូនប្រជាពលរដ្ឋឱ្យបានកាន់តែមានប្រសិទ្ធិភាព។

ខ.ការផ្សព្វផ្សាយ អប់រំ ណែនាំជូនពលករ ៖  ពេលត្រឡប់ទៅធ្វើការនៅប្រទេសជិតខាង សូមឱ្យប្រើប្រាស់ឯកសារឆ្លងដែនតាមកិច្ចព្រមព្រៀងនៃប្រទេសទាំងពីរ ដូចជា លិខិតឆ្លងដែន លិខិតធ្វើដំណើរពលករ ឬប័ណ្ណព្រំដែន ដែលចេញដោយក្រសួង ស្ថាប័នមានសមត្ថកិច្ច តាមកិច្ចព្រមព្រៀងនៃប្រទេសទាំងពីរ ជៀសវាងជឿតាមមេខ្យល់នាំដើរគេចវេសតាមព្រៃភ្នំ ឬទៅតាមផ្លូវទឹក ដែលអាចនាំឱ្យជួបគ្រោះថ្នាក់ឧប្បត្តិហេតុចៃដន្យណាមួយ ដូចជាការប៉ះទង្គិចនូវកាកសំណល់ពីសង្គ្រាម សត្វសិរពឹសចឹក ឬខាំ និងខ្យល់ព្យុះលិចទូក ទោះបីទៅដល់កន្លែងធ្វើការក្តី បងប្អូនរស់នៅក្នុងភាពភ័យខ្លាច គ្មានសិទ្ធិសេរីភាព ប្រាក់ខែបានទាប ពេលឈឺកន្លែងធ្វើការមិនទទួលខុសត្រូវពេលធ្វើការឱ្យគេមិនកើតម្ចាស់ទីតាំង កសិកម្ម កសិដ្ឋាន សិប្បកម្ម...នឹងប្តឹងឱ្យសមត្ថកិច្ចចាប់បញ្ចូនមកកម្ពុជាវិញ នោះបន្ទុកនឹងធ្លាក់មកលើក្រុមគ្រួសារ និងរាជរដ្ឋាភិបាល ។
IV.ដំណោះស្រាយ កម្លាំងយើងបានបដិសណ្ឋារកិច្ចប្រកបដោយក្រមសីលធម៌ ដើម្បីឱ្យមានភាពកក់ក្តៅ រួមទាំងចែកទឹកសុទ្ធ និងបាយកញ្ចប់ដល់ពួកគាត់ផងដែរ។ ពេលភាគីថៃបញ្ជូនមក កម្លាំងយើងបានធ្វើការកត់ត្រា អប់រំ ណែនាំ រួចអនុញ្ញាតិឱ្យត្រឡប់ទៅលំនៅដ្ឋាវិញ ក្នុងករណីពលករពុំមានលទ្ធភាពធ្វើដំណើរ កម្លាំងយើងបានដោះស្រាយជាថវិការជូនពួកគាត់ ។ សម្រួលដំណើរចូល-ចេញប្រទេសជូនពលករដែលប្រើប្រាស់ឯកសារធ្វើដំណើរមានទិដ្ឋាការរយៈពេល០២ឆ្នាំតែចូល ចេញបាន០១ដង ដែលពួកគាត់សុំភាគីថៃមិនប្រថាប់ត្រា។

V.ប្រតិកម្មរបស់ពលរដ្ឋចំពោះការផ្តល់សេវាចូល-ចេញប្រទេស ៖
ក.លិខិតទិតៀនដាក់ក្នុងប្រអប់សំបុត្រអន្តោប្រវេសន៍
ខ.ការប្តឹងចូលមក Hotline, facebook, Webpage របស់អគ្គនាយដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ។
គ.ពុំមានការយកប្រាក់ពីពលករចេញ ចូលនោះឡើយ ។

VI.បញ្ហាប្រឈម នៅមានការយកកម្រៃពីពលករ តាមរយៈកម្មករបម្រើការងារឱ្យសមត្ថកិច្ចថៃ នាំឱ្យមានការភ័ន្តច្រឡំដល់នគរបាលអន្តោប្រវេសន៍យើង ។ នៅមានមេខ្យល់នាំពលករគេចវេសពីសមត្ថកិក្ច ដើរវាងឆ្លងកាត់តាមព្រៃភ្នំ ។ ពលករមួយចំនួនត្រូវបានថៅកែដកហូតឯកសារធ្វើដំណើររក្សាទុក(ដើម្បីឱ្យពលករត្រឡប់មកធ្វើការវិញ,ជំពាក់លុយ...)។ ពុំទាន់មានក្រុមហ៊ុនទទួលខុសត្រូវនាំពលករទៅធ្វើការស្របច្បាប់។ ដោយនៅលើផ្ទៃសមុទ្រក្នុងភូមិសាស្ត្រ ខេត្តកោះកុងលាតសន្ធឹងជាង ២០០ គីឡូម៉ែត ដូច្នេះមានជួបការលំបាក ក្នុងការត្រួតពិនិត្យនិងខ្វះមធ្យោបាយទៀតផងដែរ។ 

VII. សំណូមពរ មានក្រុមហ៊ុនទទួលខុសត្រូវនាំពលករទៅធ្វើការដោយស្របច្បាប់ ដើម្បីលុបបំបាត់ការលួចឆ្លងដែនទៅធ្វើការដោយខុសច្បាប់នៅប្រទេសជិតខាង ។ ផ្តល់ឯកសារឆ្លងដែនដល់ពលករខ្មែរឱ្យបានគ្រប់គ្នា។ មានទិដ្ឋាការរយៈពេលវែងរបស់ប្រទេសដែលពលករទៅធ្វើការ និងចេញ ចូលបានច្រើនដង។

VIII. ទិសដៅការងារបន្ត ៖ ពង្រឹងការល្បាត២៤/២៤ម៉ោង ក្នុងវង្វង់ប្រតិបត្តិការរបស់ប៉ុស្តិ៍ តាមបណ្តាព្រំដែនគោក និងនៅលើផ្ទៃសមុទ្រ ដើម្បីទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ ពិសេសការលួចឆ្លងដែនខុសច្បាប់។ បន្តពង្រឹងបដិសណ្ឋារកិច្ច ផ្តល់ភាពកក់ក្តៅ និងសម្របសម្រួលជូនពលករចេញ ចូលប្រកបដោយក្រមសីលធម៌មុខវិជ្ជាជីវៈ ។

 បន្តការឧត្ថម្ភ ដោះស្រាយនូវការខ្វះខាតរបស់ពលករក្នុងការធ្វើដំណើរត្រឡប់ទៅលំនៅដ្ឋានវិញ ។ បន្តការផ្សព្វផ្សាយ អប់រំ ណែនាំដល់ពលករឱ្យមានឯកសារធ្វើដំណើរត្រឹមត្រូវតាមកិច្ចព្រមព្រៀងរបស់រដ្ឋាភិបាលប្រទេសទាំងពីរ ជៀងវាងចាញ់បោកមេខ្យល់ ។ បន្តកិច្ចសហប្រតិបត្តិល្អជាមួយសមត្ថកិច្ចភាគីថៃ និងស្ថាប័នពាក់ព័ន្ធ ពិសេសអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីទទួលបានព័ត៌មាន ទប់ស្កាត់ទាន់ពេលវេលានូវការលួចឆ្លងដែន និងបង្ក្រាបមេខ្យល់ដែលនាំមនុស្សឆ្លងដែនខុសច្បាប់។  

ដោយឡែកនៅថ្ងៃនេះ ពាក់ព័ន្ធទៅនឹងកិច្ចការខាងលើនេះ ឯកឧត្តម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូចុះមកផ្ទាល់ ដើម្បីដឹកនាំក្រុមការងារចុះត្រួតពិនិត្យដំណើរចេញ-ចូល របស់ពលករខ្មែរនៅតាមព្រំដែននៃខេត្តកោះកុង ដូច្នេះនាងខ្ញុំសូមស្នើដល់អង្គប្រជុំទាំងអស់ត្រូវយកចិត្តទុកដាក់ស្តាប់នូវការណែនាំរបស់ ឯកឧត្តមប្រធានប្រតិភូ ដើម្បីមានមូលដ្ឋានក្នុងការអនុវត្តការងារបន្ត នាពេលខាងមុខ។

មុននឹងបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម សំរិទ្ធ ឌី  រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ-ចូល របស់ពលករខ្មែរតាមព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា  ដែលបានឆ្លៀតពេលដ៏មមាញឹក និងមានតម្លៃអញ្ជើញដឹកនាំគណៈប្រតិភូ ចុះមកបំពេញបេសកកម្មនៅខេត្តកោះកុង សូមគោរពជូនពរ ឯកឧត្តមរដ្ឋលេខាធិការសូមមានសុខភាពល្អ និងទទួលបាន ជោគជ័យគ្រប់ភារកិច្ចការងារដែលថ្នាក់ដឹកនាំក្រសួងមហាផ្ទៃប្រគល់ជូន និងសូមគោរពជូនពរ ឯកឧត្តម លោក លោកស្រីគណៈប្រតិភូក្រសួងមហាផ្ទៃ ព្រមទាំងលោក លោកស្រីទាំងអស់ដែលមានវត្តមាននៅក្នុងកិច្ចប្រជុំនេះ សូមមានសុខភាពល្អបរិបូរណ៍ និងសូមទទួលបានជោគជ័យគ្រប់ភារកិច្ច៕