2023-11-01 06:11
312

ភ្នំពេញ៖ ម្ចាស់គម្រោងក្រុមហ៊ុន «បុរីពិភពថ្មី» អ្នកឧកញា ហុង ពីវ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ បានបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមថា ឈ្មួញកណ្តាលជាច្រើននាក់ ជាពិសេស ឯកឧត្តម ឆាយ យាន និងលោក ហេង តារា គ្រាន់តែមានប្រាក់ ៥០០ដុល្លារ ទៅបង់រំលស់ផ្ទះម្តងមួយៗ រហូតម្នាក់ទិញបាន ២០៣ផ្ទះ និងម្នាក់ទៀត ទិញបាន ៣៩ផ្ទះ ហើយយកទៅលក់បន្តចំណេញ រាប់រយ រាប់ពាន់ដុល្លា ក្នុងមួយផ្ទះៗ ពួកគាត់ទាំង ០២នាក់មិនជលមានពាក្យសរសើរ ឬអរគុណដល់ក្រុមហ៊ុនដែលធ្វើឲ្យពួកគាត់មានជីវភាពរស់នៅយ៉ាងហ៊ឺហានោះទេ បែរជានាំគ្នាប្រមូលអតិថិជនមកតវាគាប់សង្កត់ក្រុមហ៊ុនឱ្យធ្វើតាមអ្វីៗ ដែលពួកគាត់ចង់បានខុសពីអ្វីដែលបានចែងក្នុងកិច្ចសន្យាទៅវិញ។

ម្ចាស់ក្រុមហ៊ុន បុរីពិភពថ្មី បានសរសេរថា «ក្រុមហ៊ុនបានដំណើរការអស់រយៈពេលជាង ២០ឆ្នាំហើយយដោយសារមានការគាំទ្រពីអតិថិជន ហើយក្រុមហ៊ុនក៏បានផ្តល់ប្រយោជន៍យ៉ាងច្រើនដល់អតិថិជនវិញដែរ ប៉ុន្តែមានឈ្មួញកណ្តាលជាច្រើននាក់ ជាពិសេស ឯកឧត្តម ឆាយ យាន និងលោក ហេង តារា គ្រាន់តែមានប្រាក់ ៥០០ដុល្លារ ទៅបង់រំលស់ផ្ទះម្តងមួយៗ រហូតម្នាក់ទិញបាន ២០៣ផ្ទះ និងម្នាក់ទៀត ទិញបាន ៣៩ផ្ទះ ហើយយកទៅលក់បន្តចំណេញ រាប់រយ រាប់ពាន់ដុល្លា ក្នុងមួយផ្ទះៗ ពួកគាត់ទាំង ០២នាក់មិនជលមានពាក្យសរសើរ ឬអរគុណដល់ក្រុមហ៊ុនដែលធ្វើឲ្យពួកគាត់មានជីវភាពរស់នៅយ៉ាងហ៊ឺហានោះទេ។ បច្ចុប្បន្ន ដោយសារមានវិបត្តិអចលនទ្រព្យ ពួកគាត់បែរជានាំគ្នាប្រមូលអតិថិជនមួយចំនួនតូចជួបដុំទាមទារគាបសង្កត់ឲ្យក្រុមហ៊ុនធ្វើតាមអ្វីៗ ដែលពួកគាត់ចង់បាន ខុសពីអ្វីដែលបានចែងក្នុងកិច្ចសន្យា»។

ម្ចាស់ក្រុមហ៊ុន បុរីពិភពថ្មី បានបន្ថែមទៀតថា «ក្នុងករណីបើក្រុមហ៊ុនធ្វើតាមនូវអ្វីៗដែលពួកគាត់ទាមទារ នោះក្រុមហ៊ុននឹងក្ស័យធនមិនខានឡើយ»។
អ្នកឧកញា ហុង ពីវ ប្រធានក្រុមហ៊ុន បុរីពិភពថ្មី បញ្ជាក់ថា «ក្រុមហ៊ុនបានអនុវត្តទៅតាមកិច្ចសន្យា ដោយឥតកែប្រែ ថែមទាំងសម្រួលបន្ថែមលក្ខខណ្ឌមួយចំនួន ជូនដល់អតិថិជន»។
យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រុមហ៊ុន «បុរីពិភពថ្មី» បានឱ្យដឹងថា អតិថិជនទាំងអស់សូមមេត្តាជ្រាបថា៖ ទោះបីពេលបច្ចុប្បន្ននេះ មានបញ្ហាសេដ្ឋកិច្ចជាសកល ក្រុមហ៊ុននៅតែអនុវត្តន៍តាម កិច្ចសន្យា ដោយឥតកែប្រែ។ ក្នុងពេលឥឡូវនេះ ក្រុមហ៊ុនយល់ឃើញថា សេដ្ឋកិច្ចពុំទាន់មានលក្ខណៈល្អប្រសើឡើងវិញ ដូច្នេះក្រុមហ៊ុនបានកែប្រែលក្ខខណ្ឌបន្ថែម ដើម្បីសម្រាលដល់អតិថិជន»។

១- កិច្ចសន្យាទិញ-លក់ផ្ទះមានលក្ខខណ្ឌទទួលទិញវិញ «ក្រុមហ៊ុនទទួលទិញផ្ទះវិញ ៥០% នៃប្រាក់ដែលបានបង់ប្រចាំខែ (ប្រាក់ដើមបូកការប្រាក់) ចាប់ពីខែទី៧ ឡើងទៅបូកបន្ថែមជាមួយប្រាក់បានកក់ និង ប្រាក់បានសងដើមទូទាត់ជាក់ស្ដែងជាមួយប្រាក់ជំពាក់បង់ប្រចាំខែ»។

២- កិច្ចសន្យាទិញ-លក់ផ្ទះ គ្មានលក្ខខណ្ឌទទួលទិញវិញ «ក្រុមហ៊ុនទទួលទិញវិញ តែប្រាក់ដើមបូកបន្ថែមជាមួយប្រាក់បានកក់ និងប្រាក់បានសងដើមទូទាត់ជាក់ស្ដែងជាមួយប្រាក់ជំពាក់បង់ប្រចាំខែ»។

៣- កិច្ចសន្យាទិញ-លក់ផ្ទះ គ្មានលក្ខខណ្ឌទទួលទិញវិញ សំរាប់អតិថិជនមាន ០២ផ្ទះ (អនុវត្តន៍តែអតិថិជនបានទិញផ្ទះ មុនថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២) «ក្រុមហ៊ុនទទួលទិញផ្ទះវិញ ៥០% នៃប្រាក់ដែលបានបង់ប្រចាំខែ (ប្រាក់ដើមបូកការប្រាក់) ចាប់ពីខែទី៧ ឡើងទៅបូកបន្ថែមជាមួយប្រាក់បានកក់ និង ប្រាក់បានសងដើមទូទាត់ជាក់ស្ដែង ជាមួយប្រាក់ជំពាក់បង់ប្រចាំខែ ហើយយកទៅទូទាត់ជាមួយផ្ទះដែលអតិថិជន នៅបង់រំលស់បន្ត ប្រាក់នៅសល់ក្រោយទូទាត់ ក្រុមហ៊ុន មិនប្រគល់ជូនវិញទេ»។

ក្រុមហ៊ុន បុរីពិភពថ្មី បានបញ្ជាក់ «ក្រោយពេលដែលអតិថិជនបានជ្រើសរើស ជំរើសទី៣ ខាងលើហើយ ក្រុមហ៊ុននឹងមិនទទួលទិញទៀតទេ សេចក្តីប្រកាសនេះ មានសុពលភាព រហូតដល់មានការជូនដំណឹងសារជាថ្មី»។

សូមជម្រាបថា នាពេលកន្លងមកមានប្រជាពលរដ្ឋជាអតិថិជនទិញ និងបង់រំលុះផ្ទុះជាមួយក្រុមហ៊ុន បុរីពិភពថ្មី ប្រមាណជាង១ ពាន់គ្រួសារ រស់នៅបុរីពិភពថ្មីកំបូល ស្ថិតនៅភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ផ្ទុះការតវ៉ា និងសំណូមពរទៅនាយករដ្ឋមន្ត្រីឱ្យជួយអន្តរាគមន៍ដោយសារក្រុមហ៊ុនបុរីពិភពថ្មីកំបូល មិនអនុវត្តតាមកិច្ចសន្យា និងរឹបអូសផ្ទះ។

តំណាងប្រជាពលរដ្ឋជាងមួយពាន់គ្រួសាររស់នៅក្នុងបុរីពិភពថ្មីកំបូល បានសំណូមពរដល់ ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ឱ្យជួយអន្តរាគមន៍ទៅអ្នកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុន បុរីពិភពថ្មី ធ្វើយ៉ាងណាឱ្យក្រុមហ៊ុនេះ ទទួលទិញផ្ទះត្រឡប់វិញ ក្នុងតម្លៃ ៥០ភាគរយ ក្នុងករណីប្រជាពលរដ្ឋគ្មានលទ្ធភាពបង់ប្រាក់បន្តជូនក្រុមហ៊ុន ឱ្យស្របតាមកិច្ចសន្យាដែលក្រុមហ៊ុននេះធ្លាប់បានអនុវត្តជាមួយអតិថិជននាពេលកន្លងមក។តំណាងប្រជាពលរដ្ឋបានបន្តថា បច្ចុប្បន្ននេះ មានប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ដែលមិនមានលទ្ធភាពបង់ប្រាក់រំលស់ផ្ទះជូនក្រុមហ៊ុន បុរីពិភពថ្មីកំបូល តាមកាលកំណត់របស់ក្រុមហ៊ុន ព្រោះជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងររកប្រាក់ចំណូលមិនបាន។ ហើយក៏បង្ខំចិត្តលក់ផ្ទះជូនក្រុមហ៊ុនវិញ ដែលអ្នកខ្លះបានបង់រំលស់ចាប់ពី ៣ទៅ៥ឆ្នាំមកហើយនោះ ប៉ុន្តែបែរជាក្រុមហ៊ុន បុរីពិភពថ្មីកំបូល មិនទទួលទិញយកផ្ទះបង់រំលស់នោះវិញទេ។ នៅពេលប្រជាពលរដ្ឋមិនមានប្រាក់បង់ជូនក្រុមហ៊ុនបន្តទៀត គឺខាងក្រុមហ៊ុនបានមកបិទសេចក្តីជូនដំណឹងរឹបអូសយកផ្ទះ និងយកសោចាក់ទ្វារផ្ទះមិនឱ្យប្រជាពលរដ្ឋរស់នៅ៕