2023-05-05 01:05
440

ប៉ៃលិន​៖ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​០៣ ​ខែ​ឧសភា ​ឆ្នាំ​២០២៣​ នេះ ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង១០០នាក់ ក្នុងចំណោមប្រជាពលរដ្ឋរាប់រយនាក់ នៅ​ទូទាំង​ខេត្ត​ប៉ៃលិន បាននាំគ្នាយកវិក្កយបត្រ​ភ្លើង​អគ្គិសនី ក្រោយដែលពួកគាត់​ពិនិត្យឃើញគីឡូភ្លើងអគ្គិសនី ឡើង​ខ្ពស់​កប់ពពក ទៅឱ្យ​អាជ្ញាធរខេត្ត ពិនិត្យនៅក្នុងបរិវេណមណ្ឌលសុខភាពផ្សារព្រំ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ខណ:ដែលម្នាក់ៗ កើតទុក្ខមិនសុខចិត្ត ក្រោយទទួលវិក្កយបត្រ​ពីក្រុមហ៊ុនអគ្គិសនី ឃើញថា អ្នកខ្លះឡើងគីឡូ គុណនឹង​២ ខ្លះគុណនឹង៣ ហើយត្អូញត្អែរថា​ បើ ១ខែៗ រកថវិកាបង់ឱ្យតែថ្លៃភ្លើងអគ្គិសនី​​បែប​​នេះ គឺមិនអាចរស់បាននោះទេ។

​ប្រភព​​​ព័ត៌មាន​​​ពី​​​បុរស​​ម្នាក់​ ​ឈ្មោះ ជុំ វិសាល ​រស់នៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បានរៀបរាប់​ថា ​កាលពីខែមុន ការប្រើភ្លើងអគ្គិសនីរបស់គាត់អស់ត្រឹម តែ​ជាង ៣លានរៀល​ប៉ុណ្ណោះ​។ តែរហូតមកដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ក្រោយទទួលបានវិក្កយបត្រពីក្រុម​ហ៊ុន​អគ្គិសនី​ភ្លាម​ ស្ទើរ​តែ​គាំង​បេះ​ដូ​ង ​ដោយ​ត្រូវ​បង់​ប្រាក់​ចំនួនជាង ៦លានរៀល​ឯណោះ​ ខណ:​ដែលគាត់ប្រើឧបករណ៍​ ក្នុងផ្ទះដូចសព្វមួយដង មិនបន្ថែមបន្ថយអ្វី​នោះឡើយ។

ចំ​ណែក​​អ្នក​ស្រី​ ​ផៃ​ ​ហ៊ូ​​ស៊ី​​វៃ ​បានឱ្យដឹងដែរថា​ ជារៀងរាល់​ខែ ការបង់ថ្លៃភ្លើងអគ្គិសនី​ប្រើ​ប្រាស់​របស់គាត់ អស់ត្រឹមតែ ៥០ ទៅ ៦០ម៉ឺនរៀលប៉ុណ្ណោះ។ ប៉ុន្តែនៅដើមខែឧសភានេះ តម្លៃភ្លើងអគ្គិសនី ដែលត្រូវបង់ រហូតដល់ជាង ១លានរៀល។ នេះពិតជាធ្វើឱ្យគាត់លំបាក ក្នុងការរស់នៅយ៉ាងខ្លាំង ព្រោះតែថ្លៃភ្លើងឡើងខ្ពស់ខ្លាំងពេក ពោលគឺគុណទ្វេ​តែម្តង។

ចំណែកប្រជាពលរដ្ឋ​ផ្សេងៗ ទៀត បានឱ្យដឹង​ថា ​ថ្លៃភ្លើងអគ្គិសនីខែមុនៗ អស់ត្រឹមតែ ៤ ទៅ ៥លានរៀល ក្នុង ១ខែ។ ប៉ុន្តែចូលមកដល់ដើមខែឧសភា ឆ្នាំ២០២៣នេះ ភ្លើងអគ្គិសនីឡើង​រហូតដល់ជាង ១០លានរៀលឯណោះ ដែលជាការលំបាករកលុយបង់ឱ្យថ្លៃភ្លើង​ខ្លាំងណាស់។ ដូច្នេះ​​ពួក​គាត់​ម្នា​ក់ៗ សំណូមពរឱ្យអាជ្ញាធរខេត្ត និងមន្រ្តីជំនាញ ជួយចុះត្រួតពិនិត្យមើលកុងទ័រ​ភ្លើងអគ្គិសនីឱ្យបានត្រឹមត្រូវ ដើម្បីស្វែងរកមូលហេតុនៃការឡើងគីឡូវ៉ាត់ខ្ពស់ត្រដែត​បែបនេះ​។ដោយ,ស សារឿន