2023-11-10 03:11
340

កំពង់ស្ពឺ៖ ពិតជារឿងគួរឲ្យហួសចិត្ត នុងនឹកស្មានមិនថា ក្រុមគ្រូពេទ្យពេទ្យដែលប្រចាំការក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ មិនគោរពវិជ្ជាជីវៈជាគ្រូពេទ្យ ពេលក្រុមគ្រួសារជនរងគ្រោះបញ្ជូនសាច់ញាតិតាំងស្រុកឱរ៉ាល់ ដើម្បីសង្គ្រោះ និងព្យាបាលរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកឆ្កែ ប៉ុន្តែពេលមកដល់មន្ទីរត្រូវបានបដិសេដ្ឋមិនជួយសង្គ្រោះ ដោយជំរុញឲ្យបញ្ជូនទៅមន្ទីរពេទ្យរាជធានីភ្នំពេញ ក្រោមហេតុផលថា «មន្ទីរពេទ្យមិនមានសម្ភារៈសម្រាប់សង្គ្រោះព្យាបាលនោះទេ»

 បុរសមានឈ្មោះ ហុង សុខុម អាយុ ៤៨ឆ្នាំ មុខរបរ ជាជីវករ ស្នាក់ក្នុងភូមិផ្សារកន្តួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងមានស្រុកកំណើត នៅភូមិក្រាំងចំបក់ ឃុំពានរោង ក្រុងព្រៃវែង ខេត្តព្រៃវែង បានរៀបរាប់ថា «កូនប្រុសរបស់គាត់បានជួបគ្រោះថ្នាក់ចរាចរណ៍បើកម៉ូតូបុកសត្វឆ្កែរត់ឆ្លងផ្លូវបណ្តាលឲ្យរងរបួសធ្ងន់ ក៏រូតរះប្រញាប់ប្រញាល់ដឹកបញ្ជូនកូនដើម្បីសង្គ្រោះ និងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ប៉ុន្តែអ្វីដែលធ្វើឲ្យពលរដ្ឋស្រងាកវិត្តនោះ ពេលដល់មន្ទីរពេទ្យបង្អែកខេត្តភ្លាម ក៏ជួបនឹងលោកគ្រូពេទ្យ ចំនួន ០២នាក់ អាយុប្រហែល ៤០ឆ្នាំ នៅប្រចាំការមិនព្រមទទួលសង្គ្រោះកូនរបស់ខ្លួនឡើយដោយនិយាយថា «មន្ទីរពេទ្យមិនមានសម្ភារៈសម្រាប់សង្គ្រោះ និងព្យាបាលនោះទេ យកទៅមន្ទីរពេទ្យភ្នំពេញទៅ»

 បុរសខាងលើក៏បានបន្ថែមទៀតថា៖ មុនពេលើកើតហេតុ នៅយប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ កូនរបស់គាត់ មានឈ្មោះ ជឹម ផាត ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅជាមួយគាត់ក្នុងភូមិផ្សារកន្តួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ បានជិះម៉ូតូ ម៉ាក Hunda C125 ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1S-5977 ធ្វើបណ្តោយផ្លូវលំពីទិសខាងកើតទៅទិសខាងលិច លុះទៅដល់ខាងលិចរង្វង់មូលផ្សារកន្តួត បានបុកសត្វឆ្កែដែលរត់ឆ្លងផ្លូវបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ និងបញ្ជូនទៅលាងរបួសនៅកន្លែងឱសថស្ថានីកជនម្តុំកន្លែងកើតហេតុ និងដឹកបន្តទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

 លោកបានរៀបរាប់ទៀតថា ក្រោយពេលដឹកមកដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ត្រូវបានក្រុមគ្រូពេទ្យមិនជួយសង្គ្រោះជំរុញឲ្យបញ្ជូនទៅភ្នំពេញ ព្រោះតែហេតុផលមន្ទីរពេទ្យគ្មានសម្ភារៈ ដោយបារម្ភពីសុវត្ថិភាព និងស្ថានភាពរបួសរបស់កូនកាន់តែធ្ងន់ធ្ងរក៏ដឹកបន្តតាមរថយន្តតាមលើផ្លូវល្បឿនលឿន ទៅមន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ ក្រុមគ្រូពេទ្យបានសួរនាំ ហេតុអ្វីចំាបាច់បញ្ជូនមកពេទ្យភ្នំពេញ? មិនចូលមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺឱ្យគេព្យាបាល លោកឆ្លើយប្រាប់ពេទ្យវិញថា «គ្រូពេទ្យប្រចាំការគាត់មិនទទួលមើលទេ ដោយមិនមានសម្ភារៈគ្រប់គ្រាន់»

 ជុំវិញការចោទ និងរិះគន់ក្រុមគ្រូពេទ្យ ០២នាក់ ប្រចាំការនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ មិនជួយសង្គ្រោះ និងព្យាបាលពលអាយុជីវិតជនរងគ្រោះខាងលើ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ បានឱ្យឆ្លើយតបយ៉ាងខ្លីថា «លោកមិនទាន់ទទួលបានព័ត៌មាននោះទេ ហើយលោកក៏មិនទាន់អាចនិយាយបកស្រាយអ្វីបានដែរ»

 លោកវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា «លោកមិនជឿថាមន្ត្រីហ៊ានធ្វើអញចឹងដូចការចោទប្រកាន់របស់ប្រជាពលរដ្ឋនោះឡើយ ព្រោះនៅក្នុងមន្ទីរពេទ្យមានអ្នកគ្រប់គ្រងត្រឹមត្រូវ និងសម្ភារៈគ្រប់គ្រាន់។ ប្រសិនលោករកឃើញមានរឿងចឹងមែន លោកនឹងដាក់ពិន័យឱ្យរាងចាលម្តង»