2024-03-09 08:03
116

ព្រះវិហារ៖ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចាត់ក្រុមក្រុមការងារអធិការកិច្ចពិសេសចុះពិនិត្យ និងស្រាវជ្រាវស្វែងរកការពិតក្នុងសំណុំរឿងជម្លោះដីធ្លីនៅខេត្តព្រះវិហារ ដោយដោះស្រាយបញ្ចប់នូវវិវាទបានយ៉ាងឆាប់រហ័ស និងមានការសាទរយ៉ាងកក់ក្តៅ និងពេញចិត្តពីប្រជាពលរដ្ឋ។

ក្រុមការងារអធិការកិច្ច ពិសេសរបស់ក្រសួងយុត្តិធម៌ ចុះស្រាវជ្រាវ និងអង្កេតលើករណីជម្លោះដីធ្លីខាងលើ ដឹកនាំដោយ លោក អ៊ូ រ៉ាស៊ី រដ្ឋលេខាធិការក្រសួងយុត្តិធម៌។ 

សូមជម្រាបថា នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ នេះ លោក អ៊ូ រ៉ាស៊ី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ក្រោមការចាត់តាំងដោយផ្ទាល់ពី លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានដឹកនាំក្រុមអធិការកិច្ចពិសេសដែលមាន លោក ទឹម ស៊ីផា អនុរដ្ឋលេខាធិការ, លោកបណ្ឌិត ធិន វុត្ថា នាយករង ខុទ្ទកាល័យលោកឧបនាយករដ្ឋមន្រ្តី និងលោក ប៊ុន ច័ន្ទកុម្ភៈ អធិការចុះអធិការកិច្ចដើម្បីពិនិត្យ និងស្រាវជ្រាវស្វែងរកការពិតក្នុងសំណុំរឿងជម្លោះដីធ្លី នៅខេត្តព្រះវិហារ ដែលក្នុងជម្លោះដីធ្លីនេះ ឈានទៅដល់មានការឃាត់ខ្លួនប្រជាពលរដ្ឋទៀតផង។ 

ជាលទ្ធផលនៃការចុះធ្វើអធិការកិច្ចក្នុងសំណុំរឿងនេះ ក្រុមការងារអធិការកិច្ចពិសេស បានទទួលលទ្ធផលជាទីគាប់ប្រសើរ ដោយបានដោះស្រាយបញ្ចប់នូវវិវាទបានយ៉ាងឆាប់រហ័ស និងមានការសាទរយ៉ាងកក់ក្តៅ និងពេញចិត្តពីប្រជាពលរដ្ឋ។ 

គួរបញ្ជាក់ផងដែរថា ចំពោះករណីជម្លោះដីធ្លី នៅខេត្តព្រះវិហារនេះ ក្រុមការងារអធិការកិច្ចដែលដឹកនាំដោយលោក អ៊ូ រ៉ាស៊ី ធ្លាប់បានចុះធ្វើអធិការកិច្ច និងបានសម្របសម្រួលដោយជោគជ័យជូនប្រជាពលរដ្ឋទាំង ១៣ គ្រួសារនេះ ម្តងរួចមកហើយ ក្នុងសំណុំរឿងផ្សេងមួយទៀត ដែលត្រូវបានដោះស្រាយបញ្ចប់នៅសាលាឧទ្ធរណ៍ត្បូងឃ្មុំ៕