2023-05-30 02:05
278

ព្រៃវែង៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានមានប្រសាសន៍ថា ចំពោះការរៀបចំដោយទទូលបានជោគជ័យនូវកិច្ចប្រជុំអាស៊ាន និងព្រឹត្តិការណ៍កីឡាស៊ីហ្គេមកន្លងមកនេះ បានបង្ហាញឲ្យពិភពលោកយល់កាន់តែច្បាស់ថាប្រទេកម្ពុជា ពោពេញទៅដោយសុខសន្តិភាព និងកម្ពុជាអាចធ្វើបាន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយការលើកឡើងនេះគឺនៅក្នុងឱកាស់ដែលឯកឧត្តម បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំង អតីតយុទ្ធជន និវត្តជន អាចារ្យ គណៈកម្មការវត្ត និងអ្នកប្រកបរបរក្រៅប្រព័ន្ធ ចំនួន ៣ ៤១៣នាក់ ក្នុងស្រុកមេសាង និងចំនួន ៣ ២៥០នាក់ ក្នុងស្រុកបាភ្នំ ខេត្តព្រៃវែងនាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។

ឯកឧត្តម ក៏បានលើកឡើងបន្ថែមទៀតថា នៅពេលថ្មីៗកន្លងទៅនេះទៅប្រទេសកម្ពុជាក៏បានធ្វើជាម្ចាស់ផ្ទះនៅព្រឹត្តិការស៊ីហ្គេមដែលប្រទេសកម្ពុជាបានរង់ចាំអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ហើយចំពោះព្រឹត្តិការនោះផងដែរប្រទេសកម្ពុជាក៏បាន បង្ហាញឲ្យពិភពលោកបានឃើញថាប្រទេសកម្ពុជាគឺជាប្រទេសតូច តែបេះដូងធំ រាជរដ្ឋាភិបាលកម្ពុជា មិនមានការ យកថវិកាទាំងអស់ ទាំងការហូបចុក ស្នាក់នៅ និងការចូលទស្សនាដោយផ្ទាល់នូវព្រឹត្តិការណ៍មួយនេះផងដែរ។ 

ឯកឧត្តម ក៏បានមានប្រសាសន៍បន្តថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាជាប្រមុខដឹកនាំ និងក្នុងនាមសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី សូមថ្លែងកោតសរសើរមន្រ្តីរាជការ និងមន្រ្តីសុខាភិបាលចំណុះរដ្ឋបាល ស្រុកមេសាង និងស្រុកបាភ្នំ ទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ច រួមចំណែកធ្វើឱ្យសម្រេចបានជោគជ័យនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល៥ឆ្នាំ នៃនីតិកាលទី៦ នេះ។ 

ឯកឧត្តម បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តដឹកនាំប្រកបដោយភាពត្រឹមត្រូវ និងត្រូវបានចូលរួមគាំទ្រយ៉ាងសម្មពីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់ថ្នាក់ បានធ្វើឱ្យប្រទេសជាតិបន្តរក្សាបានសុខសន្តិភាព ស្ថេរភាពនយោបាយ ធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

ឯកឧត្តម ក៏បានបន្ថែមថា ទិសដៅរបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០២៣ និងរយៈពេល ៥ ឆ្នាំបន្តទៀតក្នុងក្របខណ្ឌរាជរដ្ឋាភិបាល បន្តការពាររក្សាសុខសន្តិភាពដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍគ្រប់វិស័យ ព្រមទាំងការរៀបចំការបោះឆ្នោតតាមគន្លងប្រជាធិបតេយ្យជាទៀងទាត់ និងត្រឹមត្រូវ ក្នុងនោះរួមទាំងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧ ខាងមុខនេះ ដែលគ្រប់តួអង្គត្រូវតែបន្តរួមគ្នាធ្វើឱ្យការបោះឆ្នោតនេះប្រព្រឹត្តទៅដោយជោគជ័យ។

ឯកឧត្តម ក៏បានបំពាក់មេដាយដល់ អតីតយុទ្ធជន និងបានឧបត្ថម្ភថវិកាដល់ចូលរួមទាំង ២ ស្រុកចំនួន ៦,៦៦៣ នាក់ដោយក្នុងម្នាក់ៗទទូលបានថវិកា ១០ម៉ឺនរៀលផងដែរ៕