2023-06-14 08:06
263


ព្រះសីហនុ៖ មុខសញ្ញាក្រុមចោរឆក់ទូរសព្ទដៃ ចំនួន ០២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ ស្រាវជ្រាវឈានដល់បង្ក្រាប និងឃាត់ខ្លួន នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។


នគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ២០និង៣០នាទីយប់ មានករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ័ដៃ) នៅចំណុចផ្លូវកែងគុជអាស៊ីឆ្ពោះទៅជីងប៉ីបី ស្ថិតនៅក្រុមទី៥ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។
មុខសញ្ញាប្រព្រឹត្តបទល្មើសមានគ្នា ចំនួន ០២នាក់ ជិះម៉ូតូ ០១គ្រឿង មិនស្គាល់អត្តសញ្ញាណក្រោយពេលកើតហេតុ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចជួយអន្តរាគមន៍។ បន្ទាប់ពីទទួលបានបណ្តឹងនេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យកម្លាំងជំនាញធ្វើការស្រាវជ្រាវរហូតកំណត់បានមុខសញ្ញាធ្វើសកម្មភាព និងបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់តែម្តង។ 
នគរបាលបានឲ្យដឹងថា ជនសង្ស័យទាំង ០២នាក់ រួមមាន៖ ទី១- ឈ្មោះ ង្វៀង យាំងថាំ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ជាអ្នកបើកម៉ូតូ និងទី២- ឈ្មោះ ង្វៀង យាំងទឹង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ជាអ្នកជិះពីក្រោយឆក់យកទូរសព្ទពីជនរងគ្រោះ។
នគរបាលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ CHU HONGVAN ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិចិន បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិ០៣ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ត្រូវជនសង្ស័យឆក់យកទូរសព្ទពីដៃ ខណៈពេលគាត់ដើរលើចិញ្ចឹមជាមួយប្តី។ 
ចំពោះវត្ថុតាងចាប់យកបាន រួមមាន៖ ទូរសព្ទដៃចំនួន ០២គ្រឿង ម៉ាក់ IPhone ១៤ Promax ចំនួន ០១គ្រឿង និងម៉ាក់ IPhone 11 Promax  ចំនួន ០១គ្រឿង ផលនៃអំពើឆក់ ,ដែកអក្សរតេផ្លែសំប៉ែតសម្រាប់កាច់សោរកម៉ូតូ ចំនួន ០១ផ្លែ ម៉ូតូ ១គ្រឿង ម៉ាក HONDA C125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ គ្មានស្លាកលេខជាមធ្យោបាយធ្វើសកម្មភាព។
បច្ចុប្បន្ន ជនសង្ស័យខាងលើ កម្លាំងជំនាញយើងបានធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការ បន្តតាមនីតិវិធី ៕