2024-04-02 04:04
50

កំពត៖ ប្រជាពលរដ្ឋ ចំនួន ០២គ្រួសារមកពីភូមិដើមចំរៀក ឃុំស្ដេចគង់ខាងលិច ស្រុកបន្ទាយមាស និងភូមិជ្រោះតាសោម ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច ខេត្តកំពត កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញនេះ មានចំនួន ០២គ្រួសារ បានមកហាមឃាត់គ្រឿងចក្រ និងរថយន្តដឹកអាចម៍ដីរបស់ ក្រុមហ៊ុន «ណាំង សុធី» ដែលធ្វើសកម្មភាពជីកកកាយលើដីស្រែរបស់គាក់ដែលអាស្រ័យផលតាំងពីដូនតា ដែលមានផ្ទៃដីជាង ១ហិកតា នៅខាងលិចរោងចក្រភ្នំស្ដេចគង់។

សកម្មភាពតវ៉ា និងហាមឃាត់របស់ប្រជាពលរដ្ឋម្ចាស់ស្រែមិនបានធ្វើឱ្យរារាំងក្រុមហ៊ុនដឹកជញ្ជូនអាចម៍ដីឯកជននោះទេ គ្រាន់ផ្អាកបានប្រហែលមួយម៉ោងក៏បន្តកាយយកអាចម៍ដីដឹកចេញបន្តទៀត ធ្វើអោយម្ចាស់ដី ចំនួន ០២ គ្រួសារដង្ហើយរកអាជ្ញាធរមកជួយដោះស្រាយ ប៉ុន្តែក្រុមហ៊ុនមិនស្តាប់ព្រោះម្ចាស់គ្រឿងចក្រ បានអះអាងថា «ពួកគេមានប្លង់កាន់កាប់ស្របច្បាប់ ខណៈម្ចាស់ដីស្រែពិតប្រាកដមិនបានដឹងទៅវិញ»។

បុរសកសិករជាម្ចាស់ដីស្រែមានឈ្មោះ ហេង សំបូរ បានឱ្យដឹងថាៈ «ដីស្រែរបស់គាត់នេះបានអាស្រ័យផលតាំងពីដូនតាមកម្លេះមិនដែលមានអ្នកណាមករារាំងហាមឃាត់អ្វីនោះទេ ស្រាប់តែនៅក្នុងចុងឆ្នាំ២០២៣នេះ មានក្រុមហ៊ុនឯកជនមួយគេមកដាំបង្គោលព្រំដី និងបានអះអាងថាគេមានប្លង់កម្មសិទ្ធិដែលមានម្ចាស់ដីឈ្មោះ ណាងសុធី ក្រោយមកលោក ណាង សុធី បានលក់ឱ្យអ្នកផ្សេងទៀត»។

បុរសកសិករបាននិយាយទាំងទឹកមុខស្រងូតស្រងាត់ថាៈ «ក្រុមគ្រួសាររបស់ខ្លួនមិនដែលមានស្នាមមេដៃផ្តិតលក់ដីទេហើយអ្នកមានដីនៅជុំវិញដីខ្លួនក៍មិនឃើញមានស្នាមមេដាយអ្វីដែរ»។ លោកបន្តថា «លោករកមុខអ្នកលក់ដីមិនទាន់ឃើញហើយក្រុមហ៊ុននៅតែបន្តកាយតែនៅថ្ងៃខាងមុខនេះ និងមានប្រជាពលរដ្ឋ ចំនួន ៣ភូមិ ចេញមុខមកធ្វើសាក្សីរឿងករណីម្ចាស់ដី ចំនួន ០២គ្រួសារ ដែលមិនបានលក់ទៅឱ្យពីណាឡើយស្រាប់តែមានក្រុមហ៊ុនមានប្លង់ និងមានគម្រោងបិតផ្លូវរថយន្តដឹកជញ្ជូនដីក្រហម។

សូមជម្រាបថា ពេលមានភាពចម្រូងចម្រាស់គ្នាប្រជាពលរដ្ឋម្ចាស់ដីស្រែ ចំនួន ០២គ្រួសារទៅហាមឃាត់ម្ចាស់គ្រឿងចក្រជីកកាយអាចម៍ដីនោះមានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងអាជ្ញាធរឃុំចុះមកដល់ទីតាំងកន្លែងមានទំនាស់ដែរ ប៉ុន្តែគ្មានដំណោះស្រាយឡើយ។

ពាក់ព័ន្ធករណីខាងលើ ក្រុមការងារមិនអាចសុំការបកស្រាយពីភាគីម្ចាស់ក្រុមហ៊ុន ក្រុមហ៊ុន «ណាំង សុធី» បាននោះទេ ព្រោះគ្មានលេខដើម្បីទំនាក់ទំនង។ ចំណែករដ្ឋបាលស្រុកបន្ទាយមាស និងរដ្ឋបាលស្រុកកំពង់ត្រាច ក៍មិនអាចស្វែងរកការបំភ្លឺជុំរឿងទំនាស់ដីស្រែរបស់ពលរដ្ឋ ចំនួន ០២គ្រួសារ ជាមួយក្រុមហ៊ុន «ណាំង សុធី» បានដូចគ្នាហើយក្រុមការងាររងចាំការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការផងដែរ៕