2024-02-23 04:02
84

ភ្នំពេញ៖ ក្រុមចោរបច្ចេវិទ្យា ឬហៅថា Hacker បានចូលលួចយក និងគ្រប់គ្រង់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងផែនការដែលមានឈ្មោះថា “ក្រសួងផែនការ Ministry of Planning” ដោយចូលលប់នូវនិន្នន័យ និងព័ត៌មានមួយចំនួន ប៉ុន្តែពេលនេះក្រុមការងារបច្ចេកទេស (IT) សហការជាមួយក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ ព្រមទាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អគ្គស្នងការនគរបាលជាតិ ដើម្បីទាយយកមកវិញ និងមានចំណាត់ការតាមផ្លូវច្បាប់ផងដែរ។ នេះបើយោងតាមការបញ្ជាក់របស់ អ្នកនាំពាក្យក្រសួងផែនការ។

 អ្នកនាំពាក្យក្រសួងផែនការ បានបញ្ជាក់ថា៖ ទំព័រ Facebook Page ផ្លូវការរបស់ក្រសួងផែនការ ដែលមានឈ្មោះថា “ក្រសួងផែនការ Ministry of Planning” ត្រូវបានជនអនាមិកលួច (Hack) យកទៅគ្រប់គ្រងទាំងស្រុង និងបានលុបចោលនូវទិន្នន័យមួយចំនួន នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ បច្ចុប្បន្ន ក្រុមការងារបច្ចេកទេសក្រសួងផែនការ កំពុងសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងដាក់ពាក្យបណ្តឹងជាផ្លូវការ ទៅកាន់នាយកដ្ឋានជំនាញរបស់ក្រសួងមហាផ្ទៃ ដើម្បីបើកការស៊ើបអង្កេតជាផ្លូវការលើករណីនេះ។

 អ្នកនាំពាក្យក្រសួងផែនការ បានបញ្ជាក់បន្ថែមថា ដំណឹងនេះចាត់ទុកជាការជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាប និងពិចារណាដោយការយកចិត្តទុកលើព័ត៌មានទាំងឡាយណាដែលមានផ្ទុយពីការពិត ប្រឌិតឡើងលើទំព័រ Facebook Page ផ្លូវការរបស់ក្រសួងផែនការ ដូចបានជម្រាបជូនខាងលើចាប់ពីពេលនេះតទៅ រហូតដល់មានការជូនដំណឹងសារជាថ្មី បន្ទាប់ពីទំព័រ Facebook Page ផ្លូវការរបស់ក្រសួងផែនការ អាចទាញបានយកមកគ្រប់គ្រងវិញដោយជោគជ័យ៕