2023-09-23 04:09
213

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចាត់មន្រ្តីប្រតិបត្តិសាខាដឹកនាំដោយលោក យ៉ាន ឧត្តម នាយករងសាខា សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងរដ្ឋបាលស្រុកគាស់ក្រឡ បើកយុទ្ធនាការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅស្រុកគាស់ក្រឡ។

ពិធីនេះបានការចូលរួមពីសំណាក់លោក សល់ សុទត្ត អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត, លោក ញឹក សារ៉ែន អភិបាលអភិបាលស្រុគាស់ក្រឡ និងមានការអញ្ជើញចូលរួមពីមន្ត្រីមន្ត្រីសុវត្ថិភាពចរាចរណ៍ អធិការនគរបាលស្រុក កងកម្លាំង មន្រ្តីរាជការ យុវជនកាកបាទក្រហមកម្ពុជា និងប្រជាពលរដ្ឋជាច្រើនរូប។

ក្នុងឱកាសបើកយុទ្ធនាការខាងលើនេះ អភិបាលស្រុកគាស់ក្រឡ បានសម្តែងនូវក្តីសោមនស្សរីករាយ និងពាំនាំនូវប្រសាសន៍របស់លោក សុខ លូ អភិបាលអភិបាលខេត្ត ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមន្ត្រីសុវត្ថិភាពចរាចរណ៍ មន្រ្តីរាជការ កងកម្លាំង និងក្មួយៗយុវជនកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក៏ដូចជាចូលរួមក្នុងការអប់រំផ្សព្វផ្សាយ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យចូលរួមលើកកម្ពស់ និងពង្រឹងការអនុវត្តច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោក ញឹក សារ៉ែន បានគូសបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នៅជាបញ្ហាគួអោយព្រួយបារម្ភចំពោះសោកនាដកម្មនេះ ហើយមូលហេតុចម្បងដែលបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរនោះ គឺមកពីមនុស្សម្នាក់ៗ ដែលមិនគោរព ច្បាប់ចរាចរណ៍ ក្នុងនោះមានដូចជា ការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព មិនគោរពសញ្ញាចរាចរណ៍ មិនពាក់មួកសុវត្ថិភាពត្រឹមត្រូវ ការវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ គោយន្តបើកបរពេលយប់គ្មាន ចំណាំងផ្លាត និងការបើកបរក្នុងពេលស្រវឹងជាដើម។

អភិបាលស្រុកបានបន្តថា៖ «ទន្ទឹមនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បញ្ហាដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ក៏ជារឿងដែលយើងត្រូវយកចិត្តទុកដាក់ក្នុងការដោះស្រាយទាំងអស់គ្នាដែរ។ ក៏ប៉ុន្តែបញ្ហាទាំងអស់នេះ យើងអាចចូលរួមទប់ស្កាត់ កាត់បន្ថយ និងត្រៀមបង្ការបាន តាមរយៈការចូលរួមអនុវត្តច្បាប់របស់ពលរដ្ឋម្នាក់ៗ។ ហេតុដូចនេះភារកិច្ចរបស់យើង គឺចុះអប់រំផ្សព្វផ្សាយ លើកទឹកចិត្ត ឱ្យបងប្អូនប្រជាពលរដ្ឋយើងឱ្យចូលរួម អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា»។

នាឱកាសនោះ ក្រុមការងារក៏បានអំពាវនាវដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ មេត្តាយោគយល់ចំពោះការប្រកាន់យកវិធានការច្បាប់ដ៏តឹងរឹងចំពោះបទល្មើសចរាចរណ៍ផ្លូវគោក ដើម្បីចៀសវាងពីការប្រឈមចំពោះផ្លូវច្បាប់ សូមបងប្អូន គោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្លួន ដើម្បីការពារអាយុជីវិតខ្លួនឯងផ្ទាល់ដើម្បីភាពសុខដុមរម្យនា ក្នុងក្រុមគ្រួសារ ដើម្បីការពារទ្រព្យសម្បត្តិរបស់បងប្អូន និងដើម្បីរួមគ្នាលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិ។ ក្រុមការងារមានសេចក្តីសង្ឃឹមជឿជាក់លើអ្នកប្រើប្រាស់ផ្លូវគ្រប់រូបនឹង ចូលរួមគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីនាំមកនូវសុវត្ថិភាព និងសេចក្តីសុខ ជារៀងរហូតទៅ។

សូមបញ្ជាក់ថា យុទ្ធនាការលើកកម្ពស់សុវត្ថិភាពចរាចណ៍ក្រុមការងារបានចែកជូនប្រជាពលរដ្ឋ សៀវភៅច្បាប់ចរាចណ៍ផ្លូវគោក សៀវភៅម៉ូតូអ្វីដែលអ្នកបើកបរទោចក្រយានយន្តត្រូវដឹង លក្ខណៈបណ្ណអ្វីដែលអ្នកបើកបរត្រូវដឹង, ប្រការសំខាន់ៗដែលត្រូវចងចាំចំពោះអ្នកបើកបរប្រើប្រាស់ផ្លូវ, ស្ទីកឃ័រចំណាំងផ្លាត ដើម្បីលើកទឹកចិត្តក៏មានសំណួរចម្លើយ ឆ្លើយត្រូវល្អទទួលបានមួកសុវត្ថិភាពផងដែរ៕