2023-05-15 04:05
369


ភ្នំពេញ ៖  កាលពី យប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ នៅត្រង់ចំណុចស្តុបចំការមន ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ។ តារាសម្តែងជើងចាស់លោក យុត្ថារ៉ា ឆានី បន្ទាប់ពីបាត់មុខមួយរយៈ ត្រូវបានគេប្រទះឃើញប្រកែកគ្នានៅក្បែរស្តុបចំការមន ក្រោយពេលមានបញ្ហាប៉ះពារគ្នារវាងរថយន្តរបស់ខ្លួន និងភាគីម្ខាងទៀត ។


 នៅមុនពេលកើតហេតុ ខ្លួនបានបើកបររថយន្តម៉ាកធុនដ្រា ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AH-6316 ធ្វើដំណើរតាមបណ្តោយមហាវិថីព្រះនរោត្តម ទិសដៅពីជើងទៅត្បូង លុះពេលមកឈប់ត្រង់ចំណុចស្តុបចំការមន ក្នុងគោលបំណងបត់ស្តាំ ដោយស៊ីញ៉ូរង់ចាំស្តុបលោតមកភ្លើងខៀវ។
ភាគីខាងតារាសម្តែងបន្តថា មួយសន្ទុះក្រោយមក ស្រាប់តែមានរថយន្តសេរីទំនើបមួយគ្រឿងម៉ាកហ្វតរ៉ាប់ទ័រ ពណ៌ខ្មៅ មានផ្លាកលេខ ភ្នំពេញ 2BX-6878 បើកបរក្នុងទិសដៅស្របទិសគ្នា ហើយក៏បានធ្វើសកម្មភាពបត់ទៅស្តាំដំណាលគ្នា បណ្តាលឲ្យប៉ះជាមួយរថយន្តរបស់ខ្លួននៅក្បែរស្តុប ធ្វើឱ្យមានស្នាមខូចខាត ។  ភាគីទាំងសងខាងបានចុះពីលើរថយន្ត ហើយក៏ប្រកែកគ្នាយកខុសត្រូវរៀងៗខ្លួន ដោយភាគីខាងតារាសម្តែងថា  ខ្លួនបានបត់មុន និងបានស៊ីញ៉ូត្រឹមត្រូវ តែត្រូវរថយន្តមួយគ្រឿងទៀតបើកមកប៉ះ  ចំណែកភាគីម្ខាងទៀតបានប្រកែកថា  ខ្លួនបើកបរត្រឹមត្រូវទៅវិញ ។  ដោយមិនចង់វែងឆ្ងាយ ភាគីទាំងសងខាង ក៏បានសម្រេចបញ្ចប់រឿងដោយចែកផ្លូវគ្នា រួចយករថយន្តទៅជួសជុលរៀងៗខ្លួន ៕