2024-02-14 02:02
72

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌ អគ្គស្នងការនគរបាលជាតិ បានបង្ហាញមុខសញ្ញាជនសង្ស័យ ចំនួន ០៧នាក់ ពាក់ព័ន្ធក្នុងសំណុំរឿងអំពើឃាតកម្មកាប់ជនជាតិបរទេសម្នាក់ ដើម្បីប្លន់យកទ្រព្យសម្បត្តិ នៅខណ្ឌសែនសុខ ហើយពួកគេសុទ្ធតែមុខសញ្ញាចាស់ធ្លាប់ធ្វើសកម្មភាពកាប់ប្លន់ជាច្រើនករណីក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឱ្យដឹងថា កាលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ នៅវេលាម៉ោង ០៤និង០០នាទីមានករណីប្លន់ដោយប្រើកាំបិតកាប់ទៅលើជនរងគ្រោះជនជាតិកូរ៉េម្នាក់  បណ្តាលឲ្យរងរបួស ត្រង់ចំណុច ថ្ពាល់ខាងឆ្វេង ដើម្បីប្លន់យកទ្រព្យសម្បត្តិ។ 

ក្រោយកើតមានករណីប្លន់ខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអគ្គស្នងការរងទទួលផែន ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំប្រតិប្តិការចុះស្រាវជ្រាវ និងស៊ើបអង្កេត លុះដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៥និង៣០នាទី កម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យ ចំនួន ០៧នាក់។  

នគរបាលបានឱ្យដឹងថា ក្រុមជនសង្ស័យទាំង ០៧នាក់ រួមមាន៖ ទី១-  ឈ្មោះ ពេញ  សុភណ្ឌ  ភេទប្រុស  អាយុ ១៦ឆ្នាំ, ទី២-  ឈ្មោះ  ណុប  ដាវីត  ភេទប្រុស  អាយុ ១៥ឆ្នាំ, ទី៣-  ឈ្មោះ  ផល  សម្ភស់  ភេទប្រុស  អាយុ ១៥ឆ្នាំ, ទី៤ឥ  ឈ្មោះ  សុខ  ធា សុភា  ភេទប្រុស  អាយុ ១៥ឆ្នាំ- ទី៥-  ឈ្មោះ  ហាក់  ម៉េងឈី  ភេទប្រុស  អាយុ ១៦ឆ្នាំ, ទី៦-  ឈ្មោះ  សម្បត្តិ  សន្យា  ភេទប្រុស  អាយុ ១៥ឆ្នាំ និងទី៧-  ឈ្មោះ  អាន  ដេវីត  ភេទប្រុស  អាយុ ១៦ឆ្នាំ ឃាត់ខ្លួនត្រង់ចំណុច ផ្លូវបេតុង  ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយពីការសាកសួរជនសង្ស័យទាំង ០៧នាក់ សុទ្ធតែមានការពាក់ពន្ធនឹងអំពើកាប់ប្លន់ក្នុងរាជធានីភ្នំពេញកន្លងមក។ ដោយឡែកក្នុងចំណោមជនសង្ស័យទាំង ០៧នាក់  មានជនសង្ស័យម្នាក់  គឺបានចូលរួមប្រព្រឹត្តបទល្មើសកាប់ប្លន់ទៅលើជនជាតិកូរ៉េ  កាលពីថ្ងៃទី១០  ខែកុម្ភ:  ឆ្នាំ២០២៤  រួមទាំងបក្ខពួកផ្សេងទៀត កំពុងរត់គេចខ្លួន។
បច្ចុប្បន្ន កម្លាំងនាយយកដ្ឋានបានប្រគល់ឲ្យទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ជាម្ខាស់ករណីដើម្បីចាត់ការតាមនីតិវិធីបន្ត៕