2024-04-10 11:04
53

(កំពត)នាថ្ងៃទី ៩ខែមេសា ឆ្នាំ២០២៤នេះឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតចុះពិនិត្យទីតាំងរូបសំណាកសេះសមុទ្រខេត្តកំពត កម្ពស់ ៨ម៉ែត្រ ឈរបាញ់ទឹកចេញពីមាត់នៅលើដងព្រែកកំពងបាយ ទើបតែកសាងរួចរាល់ ហើយនឹងត្រូវដាក់សម្ភោធនៅថ្ងៃស្អែកនេះ។

បន្ទាប់ពីរូបសេះសមុទ្រលេចចេញរូបរាង ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនបានមកទស្សនា។
ក្នុងនោះក្រុមយុវជនមកពីខេត្តសៀមរាប បានសរសេរចំពោះការអភិវឌ្ឍន៍ខេត្តកំពត ពិសេសការចេះច្នៃប្រឌិតបង្កើតជារូបសេះសមុទ្របាញ់ទឹក ថាពិតថ្មីប្លែក ស្អាតទាក់ទាញ មិនចាញ់ប្រទេសសិង្ហបុរីទេ។ 

ក្រុមយុវជនមកពីខេត្តសៀមរាប បានបង្ហាញការភ្ញាក់ផ្អើល និងមានមោទកភាពយ៉ាងខ្លាំងសម្រាប់ការអភិវឌ្ឍន៍ដ៏ឆាប់រហ័សរបស់ខេត្តកំពត។
ពួកគេថានៅសៀមរាមសំបូរប្រាសាទបុរាណ តែនៅខេត្តកំពតដែលជាខេត្ត១ក្នុងចំណោមខេត្ត៤ដែលជាប់មាត់សមុទ្ររបស់កម្ពុជា គឺមានកន្លែងស្អាតទាក់ទាញ សព្វគ្រប់ទាំងអស់ មានទាំងភ្នំបូកគោ ព្រែក ឆ្នេរសមុទ្រ ឆ្នេរព្រែក រីសត និងកន្លែងស្អាតជាច្រើនទៀត។

ពិសេសក្រុងកំពត ការរៀបចំតុបតែងបានស្អាត មានឆ្នេរខ្សាច់កម្សាន្ត សួនច្បារ និងរូបសំណាក់សេះសមុទ្រធំ ស្អាតទាក់ទាញខ្លាំងបំផុត  ហើយជនបរទេសជាច្រើនក៏កំពុងចាប់អារម្មណ៍ដែរ ដោយសារតែ រូបនេះស្រដៀងគ្នានឹងរូបសំណាក់តោបាញ់ទឹកនៅប្រទេសសិង្ហបុរី។

ពួកគេថារូបសំណាកសេះសមុទ្របាញ់ទឹកនេះ អាចនឹងល្បីខ្លាំងជាងរូបទុរេនតំណាងឲ្យខេត្ត ហើយថ្ងៃក្រោយទៅពេលឃើញរូបសេះសមុទ្របាញ់ទឹក គេនឹងអាចសំគាល់បានថា ជាខេត្តកំពតរបស់កម្ពុជា។ 

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានឱ្យដឹងថា ខេត្តកំពតគឺជាខេត្តប៉ូលទេសចរណ៍មួយដ៏សំខាន់របស់កម្ពុជា ដោយសារខេត្តនេះសំបូរទៅដោយធនធានធម្មជាតិជាច្រើន ដែលបម្រើឱ្យវិស័យទេសចណ៍ ដូច្នេះក្នុងនាមអាជ្ញាធរខេត្តត្រូវតែមានការកែច្នៃ កែលម្អ តំបន់ដែលមានធនធានធម្មជាតិ និងសក្តានុពលទេសចរណ៍ទាំងនោះ ឱ្យមានដំណើរការកាន់តែប្រសើរ  ក្នុងន័យជួយជំរុញដល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងខេត្ត ព្រោះពេលណាដែលមានទេសចរមកលេងកម្សាន្តច្រើន ពលរដ្ឋនិងទទួលបានចំណូលពីវិស័យទេសចរណ៍ច្រើនដែរ។

ម្យ៉ាងទៀត កម្ពុជាបច្ចុប្បន្នជ្រកក្រោមម្លប់សុខសន្តិភាព និងក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្តេចតែងជំរុញឱ្យអាជ្ញាធរតាមបណ្តារាជធានី-ខេត្ត នៅទូទាំងប្រទេសយកចិត្តទុកដាក់ក្នុងការបង្កើតកន្លែងកម្សាន្តថ្មីៗ អភិវឌ្ឍន៍តំបន់ទេសចរណ៍នៅក្នុងខេត្តឱ្យមានភាពទាក់ទាញ  ទើបខេត្តកំពតខិតខំប្រឹងប្រែង និងបានបង្កើតកន្លែងលេងថ្មីៗជាច្រើន និងមានរូបសំណាកសេះសមុទ្របាញ់ទឹកនេះជាដើម។

លោក សយ សុីណុលប្រធានមន្ទីរទេសចរណ៍ បានបញ្ចាក់ថា រូបសេះសមុទ្របាញ់ទឹករបស់ខេត្តកំពត កំពុងក្លាយជាទីចំណាប់អារម្មណ៍ថ្មីមួយទៀតសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ហើយតាំងពីមានរូបសំណាកនេះលេចចេញជារូបរាងមក ភ្ញៀវមកលេងខេត្តកំពតមានការកើនឡើង ក្នុងសប្តាហ៍មុនចំនូនភ្ញៀវមកលេង ជិត៣ម៉ឺននាក់។
លោក ស៊ី សយណុល ប្រធានមន្ទីរទេសចរណ៍បានបញ្ជាក់ថាភ្ញៀវអន្តរជាតិ ក៏កំពុងតែចង់ស្គាល់ និងត្រឡប់មកលេងខេត្តកំពតម្តងទៀតដែរ បន្ទាប់ពីបានឃើញរូបសេះសមុទ្រកម្ពស់៨ម៉ែត្រឈរបាញ់ទឹកយ៉ាងសង្ហារ ត្រូវបានបង្ហោះពេញបណ្តាញសង្គមនោះ។(សឹង រ៉ាត់)