2024-01-27 02:01
81

(កំពត)កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២៤លោក គឹម ប៊ុនថន អនុប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានលើកឡើងនៅក្នុងកិច្ចប្រជុំ ស្តីពីការងារសម្អាតអនាម័យនិងបរិស្ថានការទុកដាក់សំរាមនិងការផ្សព្វផ្សាយអនុក្រឹត្យ ១១៣ អនក្របកស្តីអំពីការគ្រប់គ្រងសំរាមនិងសំណល់រឹងដែលនៅទីប្រជុំជននិងនៅបណ្តុំតំបន់ទេសចរណ៍ទឹកឈូ គឺជាតំបន់ប៉ូលទេសចរណ៍ដ៍ទាក់ទាញបំផុតរបស់ខេត្តកំពតនៅចំណោមប៉ូលទេសចរណ៍ទាំងបួន ពិធីនេះដែលបានធ្វើឡើងនៅក្នុងឃុំម៉ាក់ប្រាង្គស្រុកទឹកឈូខេត្តកំពត។

 អាជ្ញាធរស្រុកឈូ និងមន្ត្រីជំនាញពាក់ព័ន្ធបានលើកឡើងថា នៅបណ្តុំតំបន់ទេសចរណ៍ទឹកឈូបានក្លាយជាប៉ូលទេសចរណ៍ដ៏ទាក់ទាញបំផុតសម្រាប់ខេត្តកំពត ប៉ុន្តែការទុកដាក់សំរាម និងការប្រមូលសំរាមនៅតំបន់នេះ មិនទាន់មានការចូលរួមល្អនៅឡើយទេ។

 ដូច្នេះសូមប្រជាពលរដ្ឋ និងអាជីវករនៅតាមបណ្តោយផ្លូវ ទីប្រជុំជនសូមចូលរួម ទុកដាក់សំរាមឲ្យបានល្អ និងចូលរួមប្រើប្រាសសេវាប្រមូលសំរាមឱ្យបានទាំងអស់គ្នា។

 តំបន់នេះមានកន្លែងផ្តល់សេវាទេសចរណ៍នានាជាង៥០កន្លែងគ្នាបច្ចុប្បន្នប៉ុន្តែកន្លងមកការទុកដាក់សំរាម និងការប្រមូលសំរាមមិនទាន់បានល្អទេ ពិសេសទីប្រជុំជន ព្រោះមិនទាន់មានសេវាប្រមូលសំរាម។ 

 ជាមួយគ្នានេះដែរ លោក មូល សុធា អភិបាលរងស្រុកទឹកឈូ បានបញ្ជាក់ឱ្យដឹងថា ដើម្បីលើកកម្ពស់អនាម័យបរិស្ថាន លើកកម្ពស់តំបន់ទេសចរណ៍ឲ្យកាន់តែមានភាពទាក់ទាញ អាជ្ញាធរបានសំណូមពរដល់ក្រុមហ៊ុនប្រមូលសំរាម ពង្រីកសេវារបស់ខ្លួនទៅដល់ឃុំចំនួន៦ នៅក្នុងស្រុកទឹកឈូ ហើយជំហ៊ានដំបូងការប្រមូលសំរាម មិនបានយកថ្លៃសេវានោះទេ។

 ប៉ុន្តែចាប់ពីពេលនេះទៅ សូមអាជ្ញាធរមូលដា្ឋនត្រូវបន្តផ្សព្វផ្សាយអនុក្រឹត្រ១១៣ ស្តីអំពីការគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជនបន្ត ពិសេសចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។

 ទី២ ប្រជាពលរដ្ឋត្រូវចូលរួមវេចខ្ចប់ទុកដាក់សំរាមរបស់ខ្លួនឲ្យបានល្អ ហើយយកមកទាក់នៅកន្លែងណាដែលរថយន្តប្រមូលសំរាមអាចចូលយកបាន និងទី៣ត្រូវចូលរួមបង់សេវាប្រមូលសំរាម (១២០០០រៀនក្នុង១ខែសម្រាប់១ខ្នងផ្ទះ) ហើយក្នុងករណីគ្មានលទ្ធភាពបង់ ត្រូវស្នើសុំមកក្រុមហ៊ុន ឬអាជ្ញាធរជួយសម្របសម្រួល។

 ទឺកឈូជាស្រុកដំបូងគេ បានដាក់ឲ្យដំណើរការការ ប្រឡងប្រណាំងភូមិឋានស្អាត ទាំង៥៥ភូមិ និងការប្រឡងប្រណាំងសាលារៀនគំរូ អនាម័យបរិស្ថាន ទាំង៤៥សាលាបឋមសិក្សាក្នុងស្រុកផងដែរ ក្រោមពាក្យស្លោក បរិស្ថានស្អាត សាលារៀន គំរូ គឺផ្តើមចេញពីពួកយើង គ្រប់យ៉ាងដើម្បី ទឹកឈូ ផ្ទះ យើង ដែលការប្រកាសលទ្ធផលវាយតម្លៃ និង ធ្វើឡើងនៅអំឡុងខែមិថុនាឆ្នាំ២០២៤ខាងមុខនេះ។  (សឹង រ៉ាត់)