2023-10-22 10:10
332

ខេត្តកោះកុង៖ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ កងកម្លាំងនគរបាលស្រុកស្រែអំបិលបានចុះបង្រ្កាប និងដុតកម្ទេចទីតាំងជល់មាន់១កន្លែង នៅភូមិទឹកប៉ោង ឃុំបឹងព្រាវ ក្រោយបានទទួលព័ត៌មានប្រជាពលរដ្ឋ។ បើតាមប្រភពបានឲ្យដឹងថា សង្វៀនជល់មាន់នេះដំណើរការចល័តចុះឡើងម្ដងត្រង់នេះម្ដងត្រង់នោះ ប៉ុន្តែតែងតែមកលេងនៅភូមិទឹកប៉ោងនេះ។
​     លោកវរសេនីយ៍ទោ ដូង វណ្ណា អធិការនគរបាលស្រុក ស្រែអំបិលបានឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែតុលា នេះថា វិធានការបង្រ្កាបល្បែងស៊ីសងជល់មាន់នេះ គឺធ្វើឡើងតបនឹងបទ បញ្ជារបស់អគ្គស្នងការនគរបាលជាតិ និងលោកឧត្តម សេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ដើម្បីការពារសន្តិសុខសណ្តាប់ ធ្នាប់ ក៏ដូចជារក្សាបាននូវគោលការណ៍ភូមិឃុំសង្កាត់មានសុវត្ថិភាពល្អ។
    លោកអធិការនគរបាលស្រុកស្រែអំបិល បន្ថែមថា ទីតាំងសង្វៀនជល់មាន់ខាងលើនេះនៅក្នុងព្រៃ ក្រោយដីឡូតិ៍ ប៉ុន្តែមិនបានឃើញមនុស្សកំពុងល្បែងជល់មាន់នោះទេ ទោះយ៉ាងណា កងកម្លាំងសមត្ថកិច្ចរបស់លោកបានរុះរើដុតបំផ្លាញចោលទាំងស្រុង។ មិនបញ្ចប់ត្រឹម នេះទេ គឺសមត្ថកិច្ចនឹងស៊ើបអង្កេតតាមដានមុខសញ្ញាល្បែងទាំងនេះបន្តទៀត។
   លោកអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ក៏សូមអរគុណចំពោះបងប្អូនប្រជាពលរដ្ឋក្នុងស្រុកស្រែអំបិលដែលបាន ជួយសហការផ្តល់ព័ត៌មានដល់កម្លាំងអធិការដ្ឋានគ្រប់សកម្មភាពបទល្មើសផ្សេងៗ និងសុំកិច្ចសហការបន្តទៀត ដើម្បីក្នុងភូមិ-ឃុំស្រុកគ្មានបទល្មើសកើតមានឡើង៕