2023-12-12 01:12
159

ភ្នំពេញ៖     នៅល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ អង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់អោយដឹងថា៖ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ មានករណីក្មេងស្ទាវមួយក្រុមមានគ្នាប្រមាណ០៧នាក់ ជិះម៉ូតូចំនួន០៣គ្រឿង បានប្រើកាំបិតកាប់ និងវាយទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួស ព្រមទាំងកាប់បំផ្លាញម៉ូតូជនរងគ្រោះខូចខាតយ៉ាងដំណំថែមទៀត ហេតុការណ៍នេះកើតឡើងនៅចំណុចផ្លូវ៤០៦ កែង១៧៩ សង្កាត់ទំនប់ទឹកខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ក្រោយពេលទទួលបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះរួចមក នៅវេលាម៉ោង១៦ និង៣០ នាទី ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង បានចុះធ្វើការស្រាវជ្រាវ ដោយសហការជាមួយកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ ឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ យកមកមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី ចំណែកឯបក្ខពួកដែលរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត។ ជនទាំង០២នាក់ រួមមាន ៖ ១- ឈ្មោះ ម៉ាន់ សំណាង ភេទប្រុស អាយុ១៨ឆ្នាំ, ២- ឈ្មោះ សាង ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ។
   ក្រោយពេលស្តាប់ចម្លើយជនសង្ស័យទាំង០២នាក់ បានសារភាពឲ្យដឹងដូចគ្នាថា នៅថ្ងៃកើតហេតុខាងលើ ពួកខ្លួន និងបក្ខពួក៥នាក់ ផ្សេងទៀត ពិតជាបានប្រើអំពើហិង្សាទៅលើជនរងគ្រោះ ពិតប្រាកដមែន។
   បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕