2023-07-03 09:07
250

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តឡិចសុីសRX- 330 ដោយមានស្ត្រីជនជាតិខ្មែរម្នាក់រួមដំណើរជាមួយក្នុងល្បឿនលឿនដូចហោះបានរេចង្កូតទៅបុកខឿនសួនពុះចែកទ្រូងផ្លូវ ហើយហោះរំលងមកផ្លូវម្ខាងទៀតបន្តទៅបុកចូលតូបលក់ដូរពីរតូបរងការខូចខាតយ៉ាងដំណំ តែសំណាងដែរដែលមិនបង្កឱ្យមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៥០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ នៅតាមបណ្តោយមហាវិថីចោមចៅ(វេងស្រេង)ក្បែរអាងទឹកខាងកើតភ្លើងស្តុបទួលពង្រ ស្ថិតក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ជនជាតិចិនម្នាក់ទំនងស្រវឹងស្រាខ្លាំងបានបើករថយន្តម៉ាកឡិចសុីស RX-330 ពណ៌ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ2AF-6623 និងមានស្ត្រីជនជាតិខ្មែរម្នាក់រួមដំណើរជាមួយ ដោយធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុខាងលើក៍បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកខឿនថ្មពុះចែកទ្រូងផ្លូវហោះរំលងមកផ្លូវម្ខាងទៀត ហើយបន្តទៅបុកចូលតូបលក់ដូរចំនួនពីរតូបបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តបែកកង់ខាងមុខខាងស្ដាំនិងខូចខាតផ្នែកខាងមុខទៅមុខលែងរួច។

ក្រោយកើតហេតុអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ដើម្បីធ្វើការសួរនាំនិងទុកប្រគល់ជូនជំនាញបន្ត។ ចំណែករថយន្តបង្កសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕